ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ឱ្យ​ម្ចាស់​រោង​ចក្រ​ សហគ្រាស និង​ពាណិជ្ជករ​ទូទៅ​ ដែល​ចាប់​អារម្មណ៍​ ឬ​មាន​បំណង​ស្វែង​រក​វត្ថុធាតុ​ដើម​ជ្រលក់​ពណ៌​ក្រណាត់​ និង​សេរ៉ា​មិក​ពី​ឥណ្ឌា ដើម្បី​បំពេញ​តម្រូវ​ការ​ផលិតកម្ម​របស់​ខ្លួន​ ​ចូល​រួម​កម្មវិធី​ពិព័រណ៍ពាណិជ្ជកម្ម​ «India-ASEAN Dyes, Chemical & Ceramics» អនឡាញ នៅ​​ចុង​ខែមិថុនា​នេះ។

យោង​តាម​សេចក្តី​ជូន​ដំណឹងរបស់​ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី​២៣ ខែមិថុនា​ ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា ​គោល​បំណង​នៃ​ការ​រៀប​ចំ​ពិព័រ​ណ៍ពាណិជ្ជកម្ម​នេះ​ គឺ​​ជំរុញ​មាន​ការ​តភ្ជាប់​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា​ និង​អាស៊ាន​ និង​ជា​វេទិកាអេឡិច​ត្រូនិច​ ផ្តល់​ព័ត៌មាន​ពាណិជ្ជកម្ម​ ដល់​ពាណិជ្ជករ​ទូទៅ​ណា​ដែល​មាន​បំណង​ស្វែង​រក​វត្ថុ​ធាតុ​ដើម​ លើ​ផលិតផល​ថ្នាំ​ជ្រលក់​ពណ៌​ក្រណាត់​ និង​សេរ៉ា​មិក​ពី​ប្រទេស​ឥណ្ឌា​ សម្រាប់​តម្រូវ​ការ​របស់​ខ្លួន​។ ពិព័រណ៍​នេះ​នឹង​ចាប់​ផ្តើម​ឡើង​ពី​ថ្ងៃទី​​២៨ ដល់​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១​ ដោយ​ឥគិត​ថ្លៃ​។

សម្រាប់​ការ​ចុះ​ឈ្មោះ​ធ្វើ​ឡើង​​តាម​តំណរ​ភ្ជាប់​ https://forms.gle/jR4eN484VkG1QAmU9 ​ ដែល​រៀបចំ​ដោយ​ អង្គការ​​ជំរុញ​ពាណិជ្ជកម្ម​ឥណ្ឌា​ ( Trade Promotion Council of India )៕​