ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះ បានណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ឱ្យពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩បម្លែងថ្មី ប្រភេទDelta ក្នុងសហគមន៍ ជំងឺនេះរកឃើញមានវត្តមាននៅកម្ពុជាតាមរយៈការនាំចូលតាមបណ្តាច្រកព្រំដែន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានណែនាំជាប្រញាប់ដល់អភិបាលរាជធានីខេត្តទាំងអស់ ពង្រឹងវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែននានា និងពង្រឹងវិធានការរដ្ឋបាលចាំបាច់ផ្សេងទៀតដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បម្លែងខ្លួនថ្មីប្រភេទDelta ក្នុងសហគមន៍។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ក្នុងលិខិតប្រញាប់នោះថា៖ «សភាពការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មីប្រភេទDeltaឆ្លងចូលក្នុងសហគមន៍តាមរយៈការនាំចូលពីបណ្តាច្រកព្រំដែននានា»។
លោក ម៉ម ប៊ុនហេង បានណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ឱ្យអនុវត្តនូវវិធានការធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កមាត់ច្រកព្រំដែនចំពោះអ្នកដំណើរទាំងអស់ដែលធ្វើដំណើរឆ្លងចូលមកក្នុងប្រទេសកម្ពុជា ដោយមិនធ្វើការដឹកជញ្ជូនបន្តដើម្បីយកទៅធ្វើចត្តាឡីស័កនៅតាមភូមិឃុំទៀតទេ។
លោកបានបន្តទៀតថា៖ «ត្រូវចាត់វិធានការពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋធ្វើចំណាកស្រុក ដែលវិលត្រឡប់មកភូមិ-ឃុំវិញ និងត្រូវអនុវត្តវិធានការចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ក្នុងករណីដែលរកឃើញថា ប្រជាពលរដ្ឋទាំងនោះពុំបានឆ្លងកាត់ការធ្វើចត្តាឡីស័កនៅតាមព្រំដែន»។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់បន្ថែមនៅក្នុងលិខិតប្រញាប់នោះដដែល ដោយណែនាំឱ្យពង្រឹងការអនុវត្តវិធានការ ទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុខាភិបាល សំដៅបង្ការ គ្រប់គ្រងនិងកាត់ផ្តាច់នូវខ្សែរយៈចម្លងនៃមរោគកូវីដ-១៩ប្រភេទថ្មីនេះ នៅតាមមូលដ្ឋានដែលត្រូវបានរកឃើញអ្នកដែលបានឆ្លងជំងឺនេះ។
សូមបញ្ជាក់ផងដែរថា ជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Deltaនេះបានឆ្លងចូលមកក្នុងសហគមន៍ក្នុងប្រទេសកម្ពុជាតាមរយៈការនាំចូលពីពលរដ្ឋដែលទៅធ្វើការនៅប្រទេសថៃ។ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ជំងឺកូវីដ-១៩បម្លែងខ្លួនថ្មីនេះមាន១០ករណីហើយ៕