សាលារាជធានី​ភ្នំពេញ​ នៅថ្ងៃទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២១​ បានផ្អាកដំណេីរការជាបណ្តោះអាសន្នផ្សារបឹងកេងកង​ ដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១​ រយៈ​ពេល១៤​ថ្ងៃ​ បន្ទាប់ពីមានការឆ្លងជំងឺកូវីដច្រើននៅក្នុងផ្សារ។

យោងតាមសេចក្តីសម្រចរបស់សាលារាជនីភ្នំពេញ​ ការផ្អាកនេះគឺដេីម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩​ ហើយសន្តិសុខ​ បុគ្គលិក​  កម្មករ​  អាជីវករ​ អតិថិជន​ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន​ ដេីម្បីទៅយកសំណាកវិភាគរកមេរោគ​ និងត្រូវធ្វេីចត្តាឡីស័ក​ឲ្យ​បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សេចក្តីប្រកាសដដែលបានហាមឃាត់រាល់ការចេញចូល​ និងការជួបជុំ​ ឬ​ ការប្រមូលផ្តុំមនុស្សក្នុងមូលដ្ឋានផ្សារបឹងកេងកង​ លេីកលែងករណីចំបាច់ដូចជា​ ការចេញចូល​ ក្នុងការជួបជុំក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធ​នៅក្នុងទីតាំងកំណត់ដែលត្រូវផ្តល់សំណាក។ ការចេញចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល​ ដេីម្បីអនុវត្តវិធានការសុខាភិបាល​។ ការចេញចូលនិងការជួបជុំរបស់គណ:កម្មការផ្សារ​ អាជ្ញាធរមានសមត្ថកិច្ច​ និងកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់​ ។

សន្តិសុខ​ បុគ្គលិក​ កម្មករ​ អាជីវករ​ អតិថិជន​ និងអ្នកពាក់ព័ន្ធ​ទាំងឡាយណាដែលមិនព្រមសហការទៅយកសំណាកវិភាគរកមេរោគកូវីដ១៩​ ឬ​ មិនអនុវត្តវិធានចត្តាឡីស័ក​ នឹងត្រូវប្រឈមមុខទៅនឹងការពិន័យអន្តការណ៍​ដែលបានកំណត់ដោយក្រសួងសុខាភិបាល​។ នេះយោងតាមសេចក្តីប្រកាសដដែល។ ក្រៅពីនេះ​ ក៏មានការពិន័យអន្តរការណ៍​ នឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ​ ឬ​ ចេញ​ចូលមកបម្រេីរកាងាររបស់ខ្លួនឡេីយ​ បេីទោះបីជាផ្សារបេីកដំណេីរការឡេីងវិញក៏ដោយ​។

គួរបញ្ជាក់ថា​ នៅថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ចំនួន ​៧២៣នាក់​ អ្នកជាសះស្បេីយ​ថ្មីចំនួន​ ៧០៩នាក់​ និងអ្នកស្លាប់ថ្មីចំនួន​ ១៩នាក់។ 

ចំណែកអ្នកឆ្លងនៅទូទាំងប្រទេសជាង ១ឆ្នាំមកនេះ មានចំនួន​ ៤៩​ ២៥៥នាក់​ ដោយអ្នកជំងឺដែលព្យាបាលជាសះស្បើយ ៤៣​ ៤៧៣នាក់​ អ្នកស្លាប់សរុប ៥៧៥នាក់​ និងកំពុងសម្រាកព្យាបាល ២៤០៩នាក់៕