គណ:កម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩ បាន​​ចេញ​សេចក្តី​ណែនាំ​ថ្មី​៩​ចំណុច ដើម្បី​ឆ្លើយ​តប​ការ​រីក​រាល​ដាល​នៃ​មេរោគ​បំប្លែង​ថ្មី ដែល​តា (Delta) ដែល​ឆ្លង​តាម​រយ:​អ្នក​ដំណើរ​ពី​ប្រទេស​ថៃ​ ចូ​ល​មក​កម្ពុជា ស្រប​ពេល​ដែល​ជំងឺកូវីដ-១៩ នៅ​តែ​បន្ត​​រាល​ដាល​ក្នុង​ប្រទេស​កម្ពុជា​។

​យោង​តាម​សេចក្តី​ណែនាំ​របស់​​គណ:កម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩​ (គ.ប.ក) ចេញ​នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​មិថុនានេះ​ បាន​លើក​ឡើង​ពី​ ការ​ចេញ​សេចក្តី​ណែនាំ​អំពី​វិធានការ​ការ​ពារ និង​ទប់​ស្កាត់​ការ​រីក​ដុះ​ដាល​នៃ​ជំងឺ​បំប្លែង​ថ្មី និង​មេរោគ​កូវីដ-១៩​ ចំនួន​៩ចំណុច​។ ក្នុង​នោះ​មាន​ដូច​ជា៖

ទី​១ ប្រគល់​តួនាទី ក្នុង​ការ​ធ្វើ​ចត្តាឡីស័កដល់ អនុគណ:កម្មការ​គ្រប់​គ្រង​ច្រក​ទ្វារ​ចេញ​-ចូលប្រទេស និង​អនុ​គណ:កម្មការ​សាង​សង់ ​និង​ជួសជុល រៀប​ចំ​ជា​បន្ទាន់​នូវ​មណ្ឌល​ចត្តាឡីស័ក នៅ​តាម​មាត់​ច្រក​ព្រំ​ដែន​កម្ពុជា​-ថៃ​ ។ អនុគណ:កម្មការ​ផ្គត់​ផ្គង់និង​ហិរញ្ញវត្ថុ ត្រូវ​ជួយ​គាំ​ទ្រ​ ក្នុង​ការ​រៀប​ចំ​កន្លែង​ធ្វើ​ចត្តាឡីស័ក​បន្ថែម​ ជាពិសេ​ស​ចំពោះ​ខេត្ត​ដែល​ពុំទាន់​មាន​។ បន្ថែម​ពី​នេះ អនុគណ:​កម្មការ​គ្រប់​គ្រង​ច្រក​ទ្វារ​ចេញ​-ចូល​ប្រទេស ត្រូវ​សហការ​ជា​មួយ​ គណ:កម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩ ថ្នាក់​រាជធានី-ខេត្ត​ បែង​ចែក​ឱ្យ​ដាច់​ពី​គ្នា រវាង​អ្នក​ធ្វើ​ចត្តាឡីស័ក ដែល​មក​ពី​ប្រទេស​ថៃ និង​អ្នក​ពាក់​ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​​សហគមន៍​ ២០ កុម្ភ: ២០២១ ដើម្បី​បង្ការ​ការ​ចម្លង​នៃ​មេរោគ​បំប្លែង​ថ្មី ចូល​ទៅ​មណ្ឌល​ចត្តាឡីស័ក ដោយ​យថាហេតុ​។

ទី​២ ប្រគល់​តួនាទី អនុគណ:កម្មការ​ផ្គត់​ផ្គង់និង​ហិរញ្ញវត្ថុ សហការនឹង​អនុ​គណ:កម្មការ​បច្ចេកទេស​និងព្យាបាល​ ក្នុង​ការ​ផ្គត់​ផ្គង់​នូវ​សម្ភារ​បរិក្ខារពេទ្យ និង​ឱសថព្យាបាល​ចាំបាច់​នានា ដល់​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន​ តាម​សភាពការណ៍​ជាក់​ស្តែង​។

ទី​៣ រៀប​ចំ​ឱ្យ​មាន​ “មណ្ឌល​សង្រ្គោះ​បន្ទាន់​កម្រិត​តំបន់​” ក្នុង​ការ​បង្កើន​សមត្ថភាព​មន្ទីរពេទ្យ​បង្អែក​ថ្នាក់​ខេត្ត នៅ​តាម​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-ថៃ។

ទី​៤ ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​ប្រជាពលរដ្ឋ​ ពលករ​ខ្មែរ ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា និង​បញ្ជៀស​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ គណ:កម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩ ថ្នាក់​ខេត្ត​ ជាប់​ព្រំប្រទល់​ ត្រូវ​បង្កើន​ការ​សហការ​នឹង​ខេត្ត​ជាប់​ព្រំ​ដែន​ប្រទេស​ថៃ។ ហើយ​ស្ថាន​ទូត​ប្រទេស​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ត្រូវ​ផ្សព្វផ្សាយ​បន្ថែម ជូន​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មិន​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ ក្នុង​ការ​ខ្លាច​បាត់​បង់​ការងារ​ក្រោយត្រឡប់​មក​កម្ពុជា​ នោះ​ទេ។ ពោល​ពលករ​ខ្មែរ ត្រូវ​បាន​មើល​ថែ​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​ថៃ នៅ​ប្រទេស​ថៃ​ផ្ទាល់​។

ទី​៥ គណ:កម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ត្រូវ​ចាត់​វិធាន​ការ​បន្ថែម ទាំង​ផ្នែក​រដ្ឋបាល ទាំង​ផ្នែក​សុខា​ភិបាល និង​វិធាន​ការ​ច្បាប់​បន្ថែម​លើ​ការ​អប់​រំ​ និង​ការ​អំពាវនាវ។

ទី​៦ ការ​ផ្គត់​ផ្គង់​សម្ភារ​ឃីត និង​ទឹក​បរិសុទ្ធ​ ដល់​អ្នក​ធ្វើ​ចត្តាឡីស័កតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ត្រូវ​គ្រប់​គ្រង​ដោយ គ.ប.​ក ជំនួស​ឱ្យ​ការ​ដឹក​ជញ្ជូន​ពី​រាជធានី​ភ្នំពេញ និងការ​ផ្តល់​ថវិកា​ ​គ្រប់​គ្រង​ដោយ​ អនុគណ:​កម្មការ​​ផ្គត់ផ្គង់ ​និ​ង​ហិរញ្ញវត្ថុ ។

ទី​៧ ការ​រៀប​ចំ​ផែនការ​ផ្គត់​ផ្គង់និង​ហិរញ្ញវត្ថុ សម្រាប់​រយ:ពេល​៦ខែ ដោយ​ផ្នែក​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​រួម​សហការគ្នា​ និង​ពិគ្រោះ​យោបល់​គ្នា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ក្នុង​ការ​ត្រៀម​លក្ខណ:ឆ្លើយ​តប​នឹង​ការ​វិវត្ត​ថ្មី​នៃ​កូវីដ-១៩។

ទី​៨ ការ​ធ្វើ​ចត្តាឡីស័ក ដោយ​ការ​ធ្វើ​តេស្ត​រហ័ស​ប្រចាំ​ខែ​លើ​កង​កម្លាំង​ជួរ​មុខ​ តាម​បណ្តា​គោលដៅ​ឈរ​ជើង​នៅ​មាត់​ច្រក​ព្រំដែ​ន។

ទី​៩ អនុវត្តការ​ធ្វើ​តេស្ត​រហ័ស​រៀង​រាល់​ ៧២​ម៉ោង​ម្តង​ លើ​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ព្រំដែន​។

កម្ពុជា​បាន​រក​ឃើញ​ជំងឺ​កូវីដ​-១៩ បំប្លែង​ថ្មី​ប្រភេទ ដែល​តា ( Delta ) ច្រើន​ករណី​លើ​ពលករ​ចំណាក​ស្រុក​ត្រឡប់​ពី​ប្រទេស​ថៃដែល​វីរុស​ថ្មី​នេះ​មានភាព​សាហាវ​ខ្លាំង​ជាង​វីរុស​កូវីដ-១៩ខ្លាំង​ជាង​១៥​ដង​ ដោយ​បច្ចុប្បន្ន​នេះ​មិនទាន់​ដឹង​ថា​ តើ​បុគ្គល​ណា​ខ្លះ​បាន​ឆ្លង​វីរុស​នេះ​​​នៅឡើយ​​ទេ​។ ​នេះ​បើ​យោងតាម​សេក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​នៅ​ថ្ងៃទី ២៨​ ខែ​មិថុនា នេះ៕