ចំនួន​អ្នកបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​ទូទាំង​ប្រទេស ​ចាប់​តាំងពី​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ឆ្នាំ​២០២១​ ដល់​ត្រឹម​ថ្ងៃទី​២៩ ​ខែ​មិថុនា​ ឆ្នាំ​២០២១នេះ​ មាន​ចំនួន​​ជាង​៤លាន​នាក់ ឬ​ស្មើ​នឹង​៤១ភាគរយ​​ បើធៀប​​នឹង​គោល​ដៅ​១០​លាននាក់​ដែល​កម្ពុជា​បាន​គ្រោង​​នឹង​​សម្រេច​។

យោង​តាមរបាយ​ការណ៍​អនុគណៈកម្មការ​តាម​ដាន ​និង​វាយ​តម្លៃ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​​ចាក់​​វ៉ាក់សាំង​កូវីដ១៩​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ចេញ​​នៅ​ថ្ងៃទី២៩ ​ខែ​មិថុនា​ ឆ្នាំ​២០២១នេះ​បញ្ជាក់​​ថា លទ្ធផល​សរុប​នៃ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩​ទូ​ទាំង​ប្រទេស ​កើន​ដល់​៤១ភាគរយ​ ​បើប្រៀប​ធៀប​នឹង​គោល​ដៅ​១០លាន​នាក់​ដែល​បាន​គ្រោង​ទុក​។

​ក្នុង​របាយ​ការណ៍​ដដែលបន្ថែម​​ថា ​ចំនួន​អ្នក​ស្ម័គ្រ​ចិត្ត​មក​ចាក់​វ៉ាក់​សាំង​សរុប​មាន​៤,១៥៨,៣១២នាក់​ ហើយ​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​លើកទី១មាន​ ៤,១០០,១០៤នាក់ និង​ចំនួន​៥៨,២០៨នាក់​ទៀត​ គ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​បាន​ដោយ​សារ​តែ​បញ្ហា​សុខភាព។

អ្នក​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩បាន​ទាំង​ពីរ​លើក​ មាន​ចំនួន​២,៩៩៣,៣៧៩នាក់ ​គិត​ត្រឹម​ថ្ងៃទី​២៩ ខែមិថុនា ​ឆ្នាំ​២០២១។ នេះ​បើ​តាម​របាយការណ៍ខាងលើ​​។

បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ​ដែល​បាន​ថ្លែ​ងសារ​ជា​សំឡេង​ក្នុង​តេឡេក្រាម​កាល​ពី​ថ្ងៃ​អង្គារ ជំងឺ​កូវីដ-១៩នៅ​កម្ពុជាបច្ចុប្បន្នឈាន​ដល់​បន្ទាត់ក្រហម​នៃ​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​​ហើយ៕​