ស្ថានទូត​​​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម បាន​​ជម្រាប​ជូន​ព័ត៌មាន​ដល់​និស្សិត សិក្ខាកាម​យោធា-នគរបាល​​ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ប្រទេស​វៀត​ណាម​ទាំងអស់ ​ឱ្យ​ត្រៀម​ខ្លួន​ដើម្បី​បាន​លក្ខខណ្ឌ​អនុគ្រោះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​នៅពេល​ខាង​មុខ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាន​ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ នៅ​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​បាន​ឱ្យ​ដឹង​ថាវៀត​ណាម​នឹង​មាន​គោល​ការណ៍​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ដល់​ជន​បរទេស​ដែល​កំពុង​រស់នៅ​ សិក្សា​និង​ធ្វើ​ការងារ​នៅ​វៀត​ណាម​ទាំង​អស់​ដោយ​គ្មាន​ការរើស​អើង​ក្នុង​យុទ្ធ​នាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩របស់​ខ្លួន។

សេចក្តីជូន​ព័ត៌មាន​ដដែល​​បញ្ជាក់​ថា៖ «ជន​បរទេសកំពុង​រស់នៅ សិក្សា និង​ធ្វើ​ការ​ងារ​នៅ វៀត​ណាម នឹង​ទទួល​បាន​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ-១៩​នៅ​ពេល​ដែល​វៀត​ណាម ទទួល​វ៉ាក់​សាំង​ច្រើន​បន្ថែម​ទៀត»។

រដ្ឋាភិបាល​វៀត​ណាម​បាន​សន្យា​យក​ចិត្ត​ទុក​ដាក់​ និង​គាំ​ទ្រ​ជន​បរទេស​ទាំង​អស់​ដែល​រស់​នៅ​ សិក្សា និង​ធ្វើ​ការ​នៅវៀត​ណាម​ដោយ​គ្មាន​ការ​រើស​អើង​ក្នុង​យុទ្ធ​នាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​។ ​នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​ខាងលើ​។

សេចក្តី​ជូន​ដំណឹង​ដដែល​បន្ថែម​ថា៖ «ក្រសួង​ការ​បរទេស​ និង​ក្រសួង​សុខាភិបាល​វៀត​ណាម​ កំពុង​សិក្សា​ធ្វើ​វិសោធនកម្ម​គោល​នយោបាយ​អន្តោរប្រវេសន៍ និង​វិធានការ​សុខាភិបាល​ សម្រាប់​អ្នក​ដំណើរ​បរទេស​អាច​ចូល​វៀត​ណាម​ដោយ​ត្រូវ​មាន​វិញ្ញាបនប័ត្រ​វ៉ាក់សាំង​ឬ​លិខិត​ឆ្លង​ដែន​វ៉ាក់សាំង ព្រមទាំង​ពិនិត្យ​លើការ​កាត់​បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីស័ក និង​ចំនួន​ធ្វើ​តេស្តកូវីដ​-១៩​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​រួច»។

សូមបញ្ជាក់​ផង​ដែរ​ថា គេ​នៅ​មិនទាន់​រក​ឃើញ​វិធី​ព្យាបាល​ជំងឺកូវីដ-១៩​បាន​ជោគជ័យ​នៅឡើយ​ទេ​។​ យ៉ាង​ណា​ក៏ដោយ ​ការ​ថែរ​ក្សា​សុខភាព​ឱ្យ​បាន​ល្អ រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់​ រក្សា​អនាម័យ និង​អនុវត្ត​វិធាន​ការ​សុខាភិបាល​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​គឹ​នៅ​តែ​ជា​វិធាន​ការ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដដែល៕