ក្រសួង​យុត្តិធម៌ប្រកាស​ថា​ ក្នុង​រយ:ពេល​១​ឆ្នាំ ១ខែ បាន​ដោះស្រាយ​សំណុំរឿងព្រហ្មទណ្ឌ​​ដែល​កកស្ទះ​បាន​ប្រមាណ​៦២,៨០០ ក្រោយ​សម្រេច​បិទ​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​តាម​សាលាដំបូង​រាជធានី​-ខេត្ត​​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​ ផ្សាយ​នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១ ​បាន​បង្ហាញ​ថា ក្នុង​រយ:ពេល​ ១​ឆ្នាំ ១ខែ គិត​ពី​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០​ ដែល​ជា​ថ្ងៃបើក​យុទ្ធនាការ​រហូត​ដល់​ថ្ងៃទី១៧ ខែ​មិថុនា​ ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​បិទ​យុទ្ធនាការ​យុទ្ធការការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី​ ខេត្ត​ សាលាដំបូង​រាជធានី​ ខេត្ត​ទូទាំង​ប្រទេស​ បាន​ដោះស្រាយ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​ចូល​ថ្មី​ បាន​ចំនួន​ ៦២.៨០០ រឿង​ ស្មើនឹង​៧៨% នៃ​ចំនួន​សំណុំ​រឿង​ចូល​ថ្មី​សរុប​ ៨០.៤០០ រឿង​។

សេចក្តី​ប្រកាស​ដដែល​បាន​លើក​ឡើង​ពី​ជ័យជំនះ​របស់​ខ្លួន​ក្នុង​ការ​សម្រេច​បាន​នូវ​លទ្ធផល​ការងារ​ ក្នុង​កាល:ទេស:​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​កូវីដ​-១៩ ថា៖ «សាលា​ដំបូង​រាជធានី​ ខេត្តចំនួន​ ២២ ក្នុង​ចំណោម​សាលា​ដំបូង​រាជធានី​ ខេត្ត​ចំនួន​ ២២ ក្នុង​ចំណោម​សាលាដំបូង​សរុប​ទាំងអស់​ចំនួន​ ២៤ បាន​ប្រកាស​ជា​បន្ត​បន្ទាប់​នូវ​ជោគ​ជ័យ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​។ ទន្ទឹម​នេះ​ សាលា​ដំបូង​ចំនួន​ ២ ទៀត​គឺ សាលាដំបូង​រាជធានីភ្នំពេញ​ និង​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ដែល​ជា​សាលា​ដំបូង​មាន​សំណុំ​រឿង​ច្រើន​ជាង​គេ  និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​បិទខ្ទប់​ដោយ​សារ​ផល​ប៉ះពាល់​នៃ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ មិនទាន់​អាច​សម្រេច​គោលដៅ​ និង​ប្រកាស​អំពី​ជោគជ័យ​នៃ​ការ​អនុវត្ត​យុទ្ធនាការ​នេះ​នៅ​ឡើយ​ទេ​»។

«យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះសំណុំ​រឿង​នៅ​តាម​សាលា​រាជធានី ខេត្ត​ មិន​ត្រឹម​តែ​អាច​ជួយ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជ​ធានី​ ខេត្ត​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​តាម​ពន្ធនាគារ​បាន​យ៉ាង​ច្រើន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​យុទ្ធនាការ​នេះ​ក៏បាន​ជួយ​លើក​កម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ​ ក្នុង​ការ​ផ្តល់​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ផងដែរ​  ដោយ​ក្នុង​រយ:ពេល​អនុវត្ត​យុទ្ធនាការ​នេះ​ ចំណាត់​ការ​សំណុំ​រឿង​ក្តី​ព្រហ្មទណ្ឌ​នៅ​គ្រប់​ដំណាក់​កាល​នៅ​តាម​សាលា​ដំបូង​ និង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ ខេត្ត​ ទទួល​បាន​លទ្ធផល​ខ្ពស់​ជាង​ ២ដង​ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ កន្លង​ទៅ​»។ នេះ​បើ​តាម​សេក្តី​ប្រកាស​របស់​ក្រសួង​យុត្តិធម៌​។  

លោក ​អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ បាន​ថ្លែង​ប្រាប់​ Newsroom Cambodia ថា ក្នុង​នីតិវិធី​ ឬ​ក្នុង​តុលាការ ត្រូវតែ​មាន​ការ​ពន្លឿន​និតិវិធី​ ដោយ​មិន​មែន​​​ទាល់​តែ​មាន​យុទ្ធនាការពីក្រសួង​យុត្តិធម៌​កើត​ឡើងទើប​ពន្លឿន​នោះទេ។

«នៅ​តាម​សាលាដំបូង​ខេត្ត ​រាជធានី​ខេត្ត​  ក៏​ដូចជាសាលាឧទ្ធរណ៍​ ព្រោះ​សាលាឧទ្ធរណ៍​ឥឡូវ​យើងមាន​សាលា​ឧទ្ធរណ៍​តំបន់​ទៅ​ទៀត​ ច្រើន​ដែរ​។ អញ្ចឹង​ វា​គួរ​តែ​ចំណាត់​ការ​សំណុំ​រឿង​ទៅ​តាម​និតិវិធី​ដែល​ប្រកប​ដោយ​តម្លា​ភាព​ ហើយ​យុត្តិធម៌ និង​មិនមាន​អំពើ​ពុក​រលួយ​ ដើម្បី​ឱ្យ​សំណុំ​រឿង​ទាំង​អស់​នឹង​មិន​មាន​ការកកស្ទះ»។

លោក​ អំ សំអាត​ បន្ថែម​ថា​ ចាប់ពី​ពេល​ត​នេះ​ទៅ​សាលា​ដំបូង​រាជធានី​ខេត្ត​នឹង​អនុវត្ត​តាម​គំរូ​នៃ​យុទ្ធនាការ​របស់​ក្រសួង​យុត្តិធម៌​ ដោយ​ការ​ពន្លឿន​និតិវិធី​ ការ​អនុវត្ត​និតិវិធី​ប្រកបដោយ​តម្លាភាព​ យុត្តិធម៌​ និង​គ្មាន​អំពើ​ពុក​រលួយ​ ដើម្បី​ឱ្យ​រឿង​នីមួយ​ៗ​ពុំ​មាន​ការ​កកស្ទះ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ប្រជាជន​ជាប់​ចោទ​ ។ ​

លោក​ បា​ន​បន្ត​ថា៖ «អានេះ​បាន​ជា​ទៅ​ជា​មាន​និរន្តរភាព​បាន ប្រសិន​បើ​ជា​ទាល់​តែ​មាន​យុទ្ធនាការ​ពី​ក្រសូង​យុត្តិធម៌​ ដូច​ក្រសួង​យុត្តិធម៌ធ្លាប់​ធ្វើ​កន្លង​មក​ អានឹង​វាវិលៗ វា​នៅ​ដដែល​»។

នាយក​រង​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្សនៅ​អង្គការ​លីកាដូ​រូប​នេះ ​បាន​លើក​ឡើ​ង​ពី​ភាព​ចង្អៀត​ណែន​នៃ​ពន្ធនាគារថា​ នៅ​តែ​មិន​អាចដោះស្រាយ​បាន​ ទោះ​បី​ជា​លទ្ធផល​ការងារ​សម្រេច​បាន​ច្រើន​ដូច​ដែល​ក្រសួង​យុត្តិធម៌បាន​លើក​ឡើង​ក្តី​ ជាពិសេស​ក្នុង​អំឡុងពេល​កូវីដ-១៩ កំពុង​រាតត្បាត ដែល​ការ​ចង្អៀត​ណែន​នៃ​ពន្ធនាគារ​នៅ​តែបន្ត​កើត​មាន​ ហើយ​ប្រសិន​បើ​មាន​ការ​រីករាលដាល​ឆ្លង​ជំងឺ​កូវីដ ចូល​ទៅ​ពន្ធនាគារ​នៅ​តែ​បន្ត​កើត​មាន​ឡើង​ នោះជា​ក្តី​ព្រួយបារម្ភ​ជាខ្លាំង​​។

អង្គការ​លីកាដូ ​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ បាន​ទទូច​​ឱ្យ​មាន​ការ​ដោះលែង​ជនជាប់​ឃុំដែល​ស្ថិត​ក្នុង​បទល្មើស​កម្រិត​ស្រាល និង​អ្នក​ជិត​ផុត​ទោស​ ដោយ​ពន្លឿន​និតិវិធីក្នុងការ​ជំនុំជម្រះក្តី  ផ្តល់​អាទិភាព​ដល់​​ជន​អាទិភាព ​ដូចជាជន​ដែល​មាន​ជំងឺ​រ៉ាំរៃ ជនពិការ អនីតិជន ស្រ្តី​ដែលមាន​ផ្ទៃពោះ​ ជាដើម។ ​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន ត្រូវ​តែផ្អែក​តាម​និតិវិធី ឬ​បញ្ហា​ផ្លូវ​ច្បាប់​ដែល​ជាការ​ជ្រែក​ជម្រើស​នៃសេរីភាព​នៃ​ជន​ជាប់​ចោទ ដោយ​ឡែក​ការឃុំ​ខ្លួន​បណ្តោះអាសន្ន​ជា​ជម្រើស​ចុង​ក្រោយ៕​