ក្រុម​ជំនាញ​របស់​ក្រសួង​បរិស្ថាន​ បាន​រក​ឃើញ​វត្ត​មាន​សត្វ​ខ្លា​ពពក​នៅ​ភូមិ​ភាគ​ឥសាន និរតី និង​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​សត្វ​ខ្លាពពកប្រភេទ​នេះ ត្រូវ​បាន​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​ (IUCN) ចុះ​ក្នុង​បញ្ជី​ក្រហម​ថា ​ជា​ប្រភេទ​សត្វ​ងាយ​រង​គ្រោះ​ថ្នាក់ពី​ការ​បាត់បង់​លើ​ពិភព​លោក។ 
យោង​តាម​សារ​បង្ហោះ​លើ​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​បរិស្ថាន ​នៅ​ថ្ងៃទី២៨ ខែមិថុនានេះ បាន​ឱ្យ​ដឹងថា​ ខ្លាពពក​ស្ថិត​ក្នុង​ក្រុម​ជិត​ផុត​ពូជ​ ​ដែល​ទទួល​រង​នូវ​ការ​គំរាម​គំហែង​តាមរយ:ការ​បរបាញ់ ការ​បាត់បង់​ទី​ជម្រក​ដែល​វា​ធ្លាប់​ស្វែង​រក​ចំណី​ និង​រស់នៅ​ ​ព្រមទាំង​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​ សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ (IUCN)​ ​ថា​ជា​ប្រភេទ​សត្វ​ព្រៃ​ងាយ​រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​ពិភពលោក​។ 
តាម​សម្តី​របស់​លោក​ នេត្រ​ ភក្រ្តា អ្នកនាំពាក្យ​ក្រសួង​បរិស្ថានបានប្រាប់ Newsroom Cambodia ថា ការ​រក​ឃើញ​សត្វ​ខ្លាពពក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នកជំនាញ​របស់​ក្រសួង​បរិស្ថាន ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ក្នុង​គោល​បំណង​ស្វែង​យល់​ថាតើ​មាន​សត្វ​ព្រៃ​ប្រភេទ​ណាខ្លះ ដែល​ស្ថិត​នៅ​ក្នុង​សួន​ឧទ្យានជាតិ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការបែង​ចែក​តំបន់​​​​អភិរក្ស​។
ខ្លាពពក​ចូលចិត្ត​រស់នៅ​ក្នុង​ព្រៃ​ស្រោង​ ព្រៃ​ពាក់កណ្តាលស្រោង និង​ព្រៃជម្រុះ។ វា​​ជា​ប្រភេទ​សត្វ​រាត្រី​ចរ​ ច្រើន​រស់​នៅ​ជា​គូ​លើ​ដើម​ឈើ​ និង​តែង​ចាប់​សត្វ​នៅ​លើ​ដី​ដោយ​ការ​លោត​សង្រ្គប់ពី​លើ​ដើម​ឈើមក ដោយ​ប្រើ​ក្រញ៉ាំ​ជើង​មុខ​មុត​ រួច​ខាំជាក្រោយ​ដូច​គ្នា​នឹង​សត្វ​ខ្លា​រខិនដែរ។ វាស៊ី​បក្សី ពស់​ ជ្រូក​ព្រៃ ឈ្លូស ប្រើស ស្វាជាដើម​ ជា​អាហារ។ ខ្លាពពក​អាច​បង្កើត​កូន​ម្តង​បាន​ពី២ ទៅ​ ៤ ក្បាល​ បន្ទាប់ពី​ពពោះ​អស់​រយ:ពេល​ប្រហែល​ ៩០ ទៅ​៩៥ ថ្ងៃ។ នេះ​បើ​តាម​ព័ត៌មាន​ដដែល​លើ​គេហទំព័រ​​ក្រសួង​បរិស្ថាន​ ។ ​ 
លោក​ នេត្រ ភក្រ្តា បញ្ជាក់​ថា៖ «ការ​រក​ឃើញ​នូវ​ប្រភេទ​សត្វ​ខ្លា​ពពក​ដែល​មាន​វត្តមាន​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ ជាពិសេស​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​ វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ យើង​ថា​វត្តមាន​របស់​សត្វ​ខ្លា​ពពក​ដែល​ជា​ប្រភេទ​សត្វ​កម្រ​នៅ​លើ​ពិភព​លោក​យើង​នេះ នៅ​តែ​បន្ត​មាន​វត្តមាន​នៅ​កម្ពុជារបស់​យើង​នៅ​ឡើយ​ទេ។ ហើយ​ទី​ពីរ ដើម្បី​ឱ្យ​យើង​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ ដើម្បី​រៀបចំ​របៀប​នៃ​ការ​ការពារ​ និង​អភិរក្ស ទៅ​លើ​ប្រភេទ​សត្វ​ដែល​មាន​នៅ​ក្នុង​ព្រៃ តាម​រយ:ការ​បែង​ចែក​តំបន់ កំណត់​តំបន់​ ហើយ​និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ក៏​ដូចជា​ ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​បាទ»។  
សត្វ​ខ្លាពពក​ មាន​មាឌ​ធំ​ជាងខ្លា​ភ្ញី​ថ្ម​កែរ​ មាន​សម្បុរ​ពណ៌​ក្រម៉ៅ​ប្រផេះ​ នៅ​លើ​ដង​ខ្លួន​មាន​ផ្ទាំង​ៗដូច​ពពក​ធំៗ ដែល​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ចំណាំ​ និង​មាន​ជើង​ខ្លី​ប្រអប់​ជើង​ធំ ងាយ​ស្រួល​តោង​មែក​ឈើ។ ​ 
គួរបញ្ជាក់​ផង​ដែរ​ថា តាមរយ:របាយរស់នៅ​គេ​រក​ឃើញ​ថា មាន​សត្វ​កម្រ​ប្រភេទ​នេះ​នៅ​ប្រទេស​បូតាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (កោះ​ស៊ូម៉ាត្រា) ឡាវ​ ម៉ាឡេស៊ី សារ៉ាវ៉ាក់ ភូមា នេប៉ាល់​ ថៃ​និង​វៀត​ណាម​ដែរ។ ប៉ុន្តែ​ខ្លា​នេះ​បាន​ផុត​ពូជ​នៅ​ប្រទេសបង់​ក្លាដេស សិង្ហបុរី និង​តៃវ៉ាន់​រួច​មក​ហើយ​