ក្រុមជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញវត្តមានសត្វខ្លាពពកនៅភូមិភាគឥសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា ស្របពេលដែលសត្វខ្លាពពកប្រភេទនេះ ត្រូវបានសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ចុះក្នុងបញ្ជីក្រហមថា ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ពីការបាត់បង់លើពិភពលោក។
យោងតាមសារបង្ហោះលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែមិថុនានេះ បានឱ្យដឹងថា ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជ ដែលទទួលរងនូវការគំរាមគំហែងតាមរយ:ការបរបាញ់ ការបាត់បង់ទីជម្រកដែលវាធ្លាប់ស្វែងរកចំណី និងរស់នៅ ព្រមទាំងបានចុះក្នុងបញ្ជីក្រហម សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាជាប្រភេទសត្វព្រៃងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។
តាមសម្តីរបស់លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ Newsroom Cambodia ថា ការរកឃើញសត្វខ្លាពពកនេះ គឺជាផ្នែកមួយនៃការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញរបស់ក្រសួងបរិស្ថាន ដែលបានធ្វើការស្រាវជ្រាវក្នុងគោលបំណងស្វែងយល់ថាតើមានសត្វព្រៃប្រភេទណាខ្លះ ដែលស្ថិតនៅក្នុងសួនឧទ្យានជាតិនៃដែនជម្រកសត្វព្រៃ ដើម្បីងាយស្រួលក្នុងការបែងចែកតំបន់អភិរក្ស។
ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃជម្រុះ។ វាជាប្រភេទសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ និងតែងចាប់សត្វនៅលើដីដោយការលោតសង្រ្គប់ពីលើដើមឈើមក ដោយប្រើក្រញ៉ាំជើងមុខមុត រួចខាំជាក្រោយដូចគ្នានឹងសត្វខ្លារខិនដែរ។ វាស៊ីបក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វាជាដើម ជាអាហារ។ ខ្លាពពកអាចបង្កើតកូនម្តងបានពី២ ទៅ ៤ ក្បាល បន្ទាប់ពីពពោះអស់រយ:ពេលប្រហែល ៩០ ទៅ៩៥ ថ្ងៃ។ នេះបើតាមព័ត៌មានដដែលលើគេហទំព័រក្រសួងបរិស្ថាន ។
លោក នេត្រ ភក្រ្តា បញ្ជាក់ថា៖ «ការរកឃើញនូវប្រភេទសត្វខ្លាពពកដែលមានវត្តមាននៅក្នុងតំបន់មួយចំនួន ជាពិសេសនៅភូមិភាគឦសាននៃប្រទេស វាជាដំណឹងល្អមួយសម្រាប់ យើងថាវត្តមានរបស់សត្វខ្លាពពកដែលជាប្រភេទសត្វកម្រនៅលើពិភពលោកយើងនេះ នៅតែបន្តមានវត្តមាននៅកម្ពុជារបស់យើងនៅឡើយទេ។ ហើយទីពីរ ដើម្បីឱ្យយើងមានព័ត៌មានគ្រប់គ្រាន់ ដើម្បីរៀបចំរបៀបនៃការការពារ និងអភិរក្ស ទៅលើប្រភេទសត្វដែលមាននៅក្នុងព្រៃ តាមរយ:ការបែងចែកតំបន់ កំណត់តំបន់ ហើយនិងការពង្រឹងការអនុវត្តច្បាប់ក៏ដូចជា ការផ្សព្វផ្សាយផ្សេងៗបាទ»។
សត្វខ្លាពពក មានមាឌធំជាងខ្លាភ្ញីថ្មកែរ មានសម្បុរពណ៌ក្រម៉ៅប្រផេះ នៅលើដងខ្លួនមានផ្ទាំងៗដូចពពកធំៗ ដែលមានការងាយស្រួលក្នុងការចំណាំ និងមានជើងខ្លីប្រអប់ជើងធំ ងាយស្រួលតោងមែកឈើ។
គួរបញ្ជាក់ផងដែរថា តាមរយ:របាយរស់នៅគេរកឃើញថា មានសត្វកម្រប្រភេទនេះនៅប្រទេសបូតាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (កោះស៊ូម៉ាត្រា) ឡាវ ម៉ាឡេស៊ី សារ៉ាវ៉ាក់ ភូមា នេប៉ាល់ ថៃនិងវៀតណាមដែរ។ ប៉ុន្តែខ្លានេះបានផុតពូជនៅប្រទេសបង់ក្លាដេស សិង្ហបុរី និងតៃវ៉ាន់រួចមកហើយ