ប្រជាជនកម្ពុជារាប់លាននាក់បានធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើដើម្បីជីវិតប្រសើរ ហើយពួកគាត់ខ្លះ ក៏បានទទួលរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ចផងដែរ។ នេះយោងតាមលោកសារុន កី ប្រធានប្រតិបត្តិគម្រោងសិទ្ធិការងារ របស់អង្គការវីវើល ជីវីស៊ី (WeWorld GVC) ជាអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការការពារពលករចំណាកស្រុក ជាពិសេសស្ត្រី និងកុមារ។
លោកសារុន កី បានផ្តល់បទសម្ភាសន៍ជាសំណួរ ចំលើយដល់សិក្ខាកាម Newsroom Cambodia កញ្ញាគង់ រស្មី អំពី ការយល់ដឹងបន្ថែមអំពីការចំណាកស្រុកប្រកបដោយសុវត្ថិភាព ទោះបីស្ថិតក្នុងកាលៈទេសៈណាក៍ដោយ ជាពិសេសស្ត្រី និងកុមារ។
Q: តើលោកយល់យ៉ាងណាដែលចំពោះការចំណាកស្រុកនៅក្នុងប្រទេសកម្ពុជា?
A: ការធ្វើចំណាកស្រុករកការងារ គឺជាកត្តាជម្រុញយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រទាំងនៅក្នុងប្រទេសកំណើត និងប្រទេសគោលដៅនៅក្នុងបណ្តាប្រទេសអាស៊ាន។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ាន់ប្រមាណថា ប្រជាជនកម្ពុជាជាងមួយលាននាក់ធ្វើការក្រៅ ប្រទេស ដូចជាប្រទេសថៃ ម៉ាឡេស៊ី កូរ៉េ និងជប៉ុន។ ទោះបីជាជនចំណាកស្រុកកម្ពុជាមិនមែនជាក្រុមដែលមានចំនួនច្រើនជាងគេក៏ដោយ ក៏ពួកគេជាក្រុមដែលងាយរងគ្រោះជាងគេក្នុងចំណោមជនចំណាកស្រុកមកពីបណ្តាប្រទេសអាស៊ាន។
ដោយសារតែខ្វះព័ត៌មាន ការផ្តល់សេវារបស់រដ្ឋាភិបាលកម្ពុជានៅមានកម្រឹត (រួមទាំងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ) ការត្រួតពិនិត្យមិនបានដិតដល់ចំពោះទីភ្នាក់ងារជ្រើសរើសពលករ និងនិយោជក និងទំនោរស្ទាក់ស្ទើរក្នុងការទាក់ទងអាជ្ញាធរដើម្បីជួយជនចំណាកស្រុកកម្ពុជាភាគច្រើនដែលទទួលរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ច។
ដោយសារការចំណាយខ្ពស់ រយៈពេលយូរ និងភាពស្មុគស្មាញក្នុងការឆ្លងកាត់បណ្តាញទ្វេភាគី ដែលមានស្រាប់សម្រាប់ការធ្វើចំណាកស្រុក ពួកគេភាគច្រើនត្រូវបានជួលឱ្យធ្វើការក្នុងស្ថានភាពមិនប្រក្រតី។
Q: តើអ្វីជាបញ្ហាប្រឈមនៃជនចំណាកស្រុក ដែលពួកគាត់បានជួបប្រទះ?
A: ដោយសារតែការរីករាលដាលនៃជំងឺកូវិដ ១៩ ពលករចំណាកស្រុកកម្ពុជារាប់ម៉ឺននាក់ ភាគច្រើននៅក្នុងប្រទេសថៃ បានបាត់បង់ការងារ ហើយបង្ខំចិត្តវិលត្រឡប់មកស្រុកកំណើតទាំងគ្មានប្រាក់ ដោយសារតែអត់មានការងារធ្វើ និងការរឹតបន្តឹងរបស់រដ្ឋាភិបាលថៃ ដើម្បីទប់ស្កាត់ការរីករាលដាល។
Q: តើធ្វើយ៉ាងណាដើម្បីធ្វើការចំណាកស្រុកប្រកបដោយសុវត្ថិភាព?
A: បើអ្នកចង់ធ្វើចំណាកស្រុកទៅក្រៅប្រទេស អ្នកត្រូវទៅដោយស្របច្បាប់ បើមិនដូច្នោះទេ អ្នកអាចនឹងមានគ្រោះថ្នាក់។ វិធីសំខាន់តែមួយគត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ទាំងនោះ គឺការធ្វើចំណាកស្រុកដោយស្របច្បាប់ហើយដើម្បីធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពអ្នកត្រូវមានអាយុ ១៨ ឆ្នាំឡើងទៅ ទៅកាន់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងខេត្តព្រះអ្នករស់នៅ ដើម្បីពិភាក្សាជាមួយនឹងមន្ត្រីមជ្ឈមណ្ឌលការងារ អំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។
ប្រើប្រាស់សេវាក្រុមហ៊ុនជ្រើសរើសពលករ ដែលណែនាំដោយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ មន្ទីរការងារអាចដឹងថាក្រុមហ៊ុនជ្រើសរើសពលករមួយណាដែលល្អ ត្រឹមត្រូវ មិនបោកប្រាស់។
ធ្វើលិខិតឆ្លងដែន។ លិខិតឆ្លងដែនគឺជាឯកសារអត្តសញ្ញាណមួយដ៏សំខាន់សម្រាប់ពលករចំណាកស្រុកទាំងឡាយ ដូច្នេះអ្នកត្រូវទៅធ្វើលិខិតឆ្លងដែនជាដាច់ខាតមុននឹងសម្រេចចិត្តធ្វើចំណាកស្រុក។
សម្របសម្រួលជាមួយក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ដើម្បីប្រាកដថាអ្នកមានឯកសារគ្រប់គ្រាន់ អ្នកត្រូវមានឯកសារដូចជា សំបុត្រធ្វើដំណើរ កាតពលករកម្ពុជាធ្វើការក្រៅប្រទេស លិខិតអនុញ្ញាតឲ្យធ្វើការងារ លិខិតឆ្លងដែន ទិដ្ឋាការការងារ កិច្ចសន្យាការងារ។
ទទួលការបណ្ដុះបណ្ដាលអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព មុនពេលចេញដំណើរទៅធ្វើការនៅក្រៅប្រទេស អ្នកគួរទទួលបាននូវវគ្គបណ្ដុះបណ្ដាលអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ពីភ្នាក់ងាររកការងារឱ្យធ្វើរបស់អ្នក។
Q: យើងបានដឹងហើយថា ស្ត្រី និងកុមារមានបញ្ហាប្រឈមខ្លាំង តើលោកគិតថា តើត្រូវធ្វើយ៉ាងណាដើម្បី កាត់បន្ថយបញ្ហានេះទៅលើស្ត្រី?
A: ជាការពិតណាស់ហើយថាស្ត្រី និងកុមារ គឺជាជនងាយរងគ្រោះចំពោះការធ្វើចំណាកស្រុក ប្រសិនបើការធ្វើចំណាកស្រុករបស់ពួកគាត់ ដោយមិនស្របច្បាប់។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យ សម្រាប់ស្ត្រីនិងកុមារ ស្ត្រីទាំងឡាយដែលមានបំណងធ្វើចំណាកស្រុក ដាច់ខាតត្រូវតែប្រាកដថា ធ្វើចំណាកស្រុកដោយស្របច្បាប់ ដោយមានឯកសារគ្រប់គ្រាន់។ ពីព្រោះនៅពេលដែលពួកគេទៅដោយស្របច្បាប់ ដោយសុវត្ថិភាព មានន័យថាពួកគេនឹងទទួលបាននូវសេវាផ្សេងៗដែលអាជ្ញាធរថៃ ក៏ដូចជានិយោជក នឹងផ្ដល់ឱ្យ ក្នុងពេលដែលពួកគាត់ស្នាក់នៅ និងធ្វើការនៅតាមក្រុមហ៊ុននៅក្នុងប្រទេសថៃនោះ។
Q: តើអ្វីជាសំណូមពរ និងជាសារចុងក្រោយរបស់បងទៅកាន់ អ្នកដែលកំពុងអាន អំពីការធ្វើចំណាកស្រុក ក៍ដូចជាការការពារខ្លួន?
A: ចំពោះយោបល់របស់ខ្ញុំ និងជាសារចុងក្រោយរបស់ខ្ញុំ ខ្ញុំសូមផ្ដាំផ្ញើថាប្រជាពលរដ្ឋទាំងឡាយដែលមានបំណងធ្វើចំណាកស្រុកទៅធ្វើការងារក្រៅប្រទេស ដាច់ខាតត្រូវតែទៅដោយស្របច្បាប់ មានន័យថាមានឯកសារគ្រប់គ្រាន់ដូចដែលបានរៀបរាប់ខាងលើ៕