ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ព្រះតម្រិះយល់ស្របលើគំនិតផ្តួចផ្តើមធ្វើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំកំពូល៤ របស់កម្ពុជា ។
តាមរយៈលិខិតរបស់ព្រះមហាក្សត្រ ជូនចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ទ្រង់មានព្រះបន្ទូលក្នុងលិខិតនោះថា៖ «ខ្ញុំបានទទួលនូវលិខិតលេខ ០៦៣/០១/២០២១ ចុះនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ របស់ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញស្តីពីមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្ម […] ខ្ញុំសូមប្រគល់ជូន សម្តេចអគ្គមហាសេនាបតីតេជោ នូវលិខិតរបស់ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់វិធានការតាមច្បាប់»។
នៅមុនលិខិតរបស់ព្រះមហាក្សត្រត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ដែរនោះ គណបក្សប្រជាធិប តេយ្យមូលដ្ឋានក៏បានចេញលិខិតថ្លែងការណ៍មួយ មិនសាទរចំពោះការយកបញ្ហារឿងកំណត់សញ្ជាតិតែមួយនេះ ទៅពិភាក្សាជាមួយអង្គមហាក្សត្រឡើយ។
គណបក្សមិនមានអាសនៈសភាមួយនេះបញ្ជាក់ក្នុងលិខិតនោះថា៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម.) សូមបញ្ជាក់ជំហរមិនគាំទ្ររឿងសញ្ជាតិខ្មែរតែមួយនៅពេលនេះ។ គ.ប.ម. ក៏មិនគាំទ្រការពិភាក្សារឿងនេះដោយភ្ជាប់ជាមួយអង្គព្រះមហាក្សត្រដែរ» ។
គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីកម្ពុជាបានអនុម័តរួចជាស្រេច កាលពីថ្ងៃទី ០៨ តុលា ឆ្នាំ ២០២១ លើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពី «វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា និង មាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ»។ វិសោធនកម្មនេះបានដាក់បញ្ចូលកថាខណ្ឌដែលចែងថា «ថ្នាក់ដឹកនាំជាតិដែលជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និង នាយករដ្ឋមន្ត្រី ត្រូវមានសញ្ជាតិខ្មែរតែមួយគត់»។
ការអនុម័តនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកថ្ងៃពុធ ទី០៦ ខែតុលា ឆ្នាំ២០២១ បានចេញមកប្រកាសបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជាសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការចេញពីរាជរដ្ឋាភិបាល ឬ ជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា តម្រូវឱ្យថ្នាក់ដឹកនាំកំពូលៗរបស់ជាតិត្រូវមានសញ្ជាតិតែមួយនោះគឺសញ្ជាតិខ្មែរ៕