សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលានេះ បានចេញសេចក្តីណែនាំបន្ថែមស្តីពីករណីលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំពោះកុមារ និងយុវវ័យមានអាយុក្រោម១៨ឆ្នាំ។
យោងតាមសេចក្តីណែនាំបន្ថែមរបស់រដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថា តាមរយៈការតាមដាន<ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ កុមារ និងយុវវ័យដែលមានអាយុក្រោម១៨ឆ្នាំ មិនមែន ជាក្រុមហានិភ័យដែលមានការចម្លងជំងឺកូវីដ១៩សកម្មនោះទេ ផ្ទុយមកវិញពួកគេគឺជាក្រុមមនុស្សដែលងាយរងគ្រោះពីការចម្លងជំងឺផ្លូវដង្ហើមមួយនេះ។
សេចក្តីណែនាំដដែលបន្ថែមថា ចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី៦ ដល់ក្រោម១៨ឆ្នាំ និងកុមារអាយុក្រោម៦ឆ្នាំ មិនចាំបាច់បង្ហាញបណ្ណចាក់វ៉ាក់សាំងនៅពេលចេញចូលគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននោះទេ។ រដ្ឋបាលរាជធានីភ្នំពេញក៏បានជំរុញឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនត្រូវរៀបចំយន្តការដើម្បីត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់បុគ្គលិក អាណាព្យាបាល និងភ្ញៀវដែលបាននិងកំពុងមានទំនាក់ទំនងក្នុងទីតាំងរបស់ខ្លួនផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ចំពោះកុមារ និងយុវវ័យដែលមានអាយុក្រោម១៨ឆ្នាំ ត្រូវបានលើកលែងកាតព្វកិច្ចបង្ហាញប័ណ្ណចាក់វ៉ាក់សាំងផងដែរ រាល់ពេលចេញចូលទៅទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងរាជធានីភ្នំពេញ»។
រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា បានចេញសេចក្ដីណែនាំ ស្ដីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំង និងឯកសារបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាល់ពេលចេញចូល គ្រឹះស្ថានសិក្សា និងទីប្រជុំជនក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងគ្រប់គ្រងនូវការរីករាលដាលនៃជំងឺកូវីដ១៩ និងឈានទៅដល់ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី នៃការបើកដំណើរការឡើងវិញលើគ្រប់វិស័យ៕