ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ដំណើរការឡើងវិញនូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា និងការអញ្ជើញសម្រាប់អ្នកដំណើរ ជាវិនិយោគិន បុគ្គលជំនាញបច្ចេកទេស និងក្រុមគ្រួសារចូលក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដើម្បីគាំទ្រ និងសម្រួលដល់របបនៃការធ្វើចត្តាឡីស័ក។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ចេញថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ការដាក់ដំណើរការនូវប្រព័ន្ធស្នើសុំលិខិតទាំងពីរឡើងវិញនេះ ដើម្បីគាំទ្រ និងសម្រួលដល់ការអនុវត្តសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ស្តីពីលក្ខខណ្ឌធ្វើដំណើរការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។ ការដាក់ដំណើរការប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានានេះ ជាការសហការជាមួយក្រសួងសុខាភិបាល គណៈកម្មាធិការទី២នៃគណៈប្រចាំការនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា យន្តការនេះធ្វើឡើងលើថ្នាលផ្លាល់ប្តូរទិន្នន័យកម្ពុជា (CamDX) តាមរយៈគេហទំព័រ www.registrationservices.gov.kh។ វិនិយោគិន បុគ្គលជំនាញបច្ចេកទេស និងក្រុមគ្រួសារត្រូវតែមានការធានា ឬអញ្ជើញពីដៃគូរក្នុងស្រុកដែលជានីតិបុគ្គលស្របច្បាប់ មានការចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវនៅកម្ពុជា។ ចំពោះលិខិតបញ្ជាក់ទាំងពីរនេះមានទម្រង់ឌីជីថល និងមានសុពលភាព៣០ថ្ងៃអាចប្រើប្រាស់បានតែ១ដងគត់។
ក្រសួងសេដ្ឋកិច្ចក៏បានបញ្ជាក់ផងដែរថា៖ «សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ ក៏ដូចជាការដាក់ពាក្យស្នើសុំលិខិតបញ្ជាក់លើការធានា និងអញ្ជើញ សាធារណៈជនអាចទាញយកឯកសារណែនាំ (User Manual) និងដាក់ពាក្យស្នើរសុំតាមរយៈគេហទំព័រ www.registrationservices.gov.kh និងទាក់ទងមកក្រុមការងារគាំទ្រប្រព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ០៩២ ៨៨៨ ២៩៦ ឬអ៊ីម៉ែល [email protected]»៕