ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ នឹង​ដាក់​ដំណើរការ​ឡើងវិញ​នូវ​ប្រព័ន្ធ​ស្នើ​សុំ​លិខិត​បញ្ជាក់​លើ​ការ​ធានា​ និង​ការអញ្ជើញ​សម្រាប់​អ្នកដំណើរ​ ជា​វិនិយោគិន​ បុគ្គល​ជំនាញ​បច្ចេកទេស​ និង​ក្រុមគ្រួសារ​ចូល​ក្នុង​ប្រទេសកម្ពុជា​ចាប់ពី​ថ្ងៃទី​១៨​ ខែ​តុលា​ ឆ្នាំ​២០២១​ ដើម្បី​គាំទ្រ​ និង​សម្រួល​ដល់​របប​នៃ​ការធ្វើចត្តាឡីស័ក​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ ចេញ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០២១ ការដាក់​ដំណើរ​​ការ​នូវ​ប្រព័ន្ធ​ស្នើ​សុំ​លិខិត​ទាំងពីរឡើងវិញ​នេះ​ ដើម្បី​គាំទ្រ​ និង​សម្រួល​ដល់​ការអនុវត្ត​សេចក្តី​ជូន​ដំណឹង​របស់ក្រសួងសុខាភិបាល ចេញថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២១ ស្តីពី​លក្ខខណ្ឌ​ធ្វើ​ដំណើរ​ការ​​អនុវត្ត​​វិធាន​សុខាភិបាល​ និងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលកម្ពុជា ស្របតាម​គន្លង​​ប្រក្រតីភាព​ថ្មី​។ ការ​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ស្នើ​សុំ​លិខិត​បញ្ជាក់​លើ​ការ​ធានានេះ ជាការ​សហការ​​ជាមួយ​ក្រសួងសុខាភិបាល​ គណៈ​កម្មាធិការ​ទី២​នៃ​គណៈ​ប្រចាំកា​រ​នៃគណៈ​កម្មា​ធិការ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩​ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​។​

ក្នុងសេចក្តី​ប្រកាស​ព័ត៌មានដដែល​បានបន្ថែមថា យន្តការនេះធ្វើឡើង​លើ​ថ្នាល​ផ្លាល់ប្តូរ​ទិន្នន័យ​​កម្ពុជា​ (CamDX) តាមរយៈគេហទំព័រ www.registrationservices.gov.kh។​ វិនិយោគិន​ បុគ្គល​ជំនាញ​បច្ចេកទេស​ និង​ក្រុមគ្រួសារ​ត្រូវតែមានការធានា ឬ​អញ្ជើញ​ពីដៃគូរក្នុងស្រុក​ដែលជា​នីតិ​បុគ្គល​ស្រប​ច្បាប់ មានការចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវនៅកម្ពុជា។ ចំពោះលិខិតបញ្ជាក់ទាំងពីរ​នេះ​មានទម្រង់​ឌីជីថល​ និង​មានសុពលភាព​៣០ថ្ងៃអាចប្រើប្រាស់បានតែ​១​ដង​គត់។

ក្រសួងសេដ្ឋកិច្ចក៏បានបញ្ជាក់ផងដែរថា៖ «សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ ក៏ដូចជាការដាក់ពាក្យស្នើសុំលិខិតបញ្ជាក់លើការធានា និងអញ្ជើញ សាធារណៈជន​អាច​ទាញ​យក​ឯកសារ​ណែនាំ (User Manual) និងដាក់​ពាក្យស្នើរសុំតាមរយៈគេហទំព័រ www.registrationservices.gov.kh  និងទាក់ទងមកក្រុមការងារគាំទ្រប្រព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ០៩២ ៨៨៨ ២៩៦ ឬអ៊ីម៉ែល [email protected]»៕