គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា ក្នុងរយៈពេល ៦ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គ.ជ.ប ទទួលបានទិន្នន័យប្រជាពលរដ្ឋដែលបានមកចុះឈ្មោះថ្មីចំនួនជិត៧ម៉ឺននាក់ ចំណែកអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួនជិត៤ម៉ឺននាក់។
បើតាមសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ដីអំពីលទ្ធផលបណ្ដោះអាសន្នថ្ងៃទី៦នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គ.ជ.ប ទទួលបានទិន្នន័យប្រជាពលរដ្ឋដែលបានមកចុះឈ្មោះថ្មីចំនួន៦៨,១០៥នាក់។ សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា អ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបចំនួន៣៩,៧៤៩នាក់ រីឯអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន១៦,៤៨១នាក់ ខណៈអ្នកដែលបានផ្ទេរទីលំនៅចូលឃុំសង្កាត់ថ្មីមានចំនួន១៩,៨៦៥នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.បដដែលក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតផងដែរ។
គ.ជ.បបញ្ជាក់ថា៖ «សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង។ ប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា»។
គួរបញ្ជាក់ផងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចាប់ផ្ដើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ៕