នាវាចម្បាំងអូស្ត្រាលី HMAS Anzac បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ជាទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ ហើយក៏ជាផ្នែកមួយនៃបេសកកម្ម Indo-Pacific Endeavour 2021 (IPE 2021) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ថានាវាចម្បាំង HMAS Anzac គឺជាផ្នែកមួយនៃសកម្មភាពចូលរួមក្នុងតំបន់នៃនាវាបញ្ជាការរបស់អូស្ត្រាលី ដែលហៅថា កិច្ចខិតខំប្រឹងប្រែងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឬ Indo Pacific Endeavor នៅក្នុងឆ្នាំ២០២១នេះ។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា៖ «យើងឃើញមានកម្លាំងប្រតិបត្តិការតូចមួយរបស់នាវាកងទ័ពជើងទឹកអូស្ត្រាលីចូលសំចតតាមកំពង់ផែ ធ្វើលំហាត់ហ្វឹកហ្វឺនយោធា ផ្តល់ជំនួយវេជ្ជសាស្រ្ត និងមនុស្សធម៌ ព្រមទាំងផ្លាស់ប្តូរគំនិតថ្មីៗ និងទស្សនវិស័យនានា ស្តីពីបញ្ហាសន្តិសុខជាមួយបណ្តាប្រទេសជាដៃគូរបស់អូស្ត្រាលីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
យោងតាមការផ្សាយក្នុងទំព័រហ្វេសប៊ុកព័ត៌មានកងទ័ពជើងទឹកមូលដ្ឋានសមុទ្រនៅថ្ងៃទី១៨ ខែតុលា ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ បានទៅទទួលស្វាគមន៍ភាគីអូស្ត្រាលី ដែលមាននាវាចម្បាំង HMAS Anzac បានមកសំចតនាវេលាម៉ោង ៩ និង៤០នាទីព្រឹក។
ហ្វេសប៊ុកនៃព័ត៌មានកងទ័ពជើងទឹកដដែល បានបន្តថា៖ «ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ ដឹកនាំនាយកនាវី អញ្ជើញទៅចូលរួមពិធីប្រគល់ទទួលសម្ភារៈវេជ្ជសាស្រ្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលជាអំណោយរបស់កងទ័ពជើងទឹកអូស្ត្រាលី តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការនាវា HMAS Anzac»។
គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ នាវិករបស់អូស្ត្រាលីគ្រោងនឹងរៀបចំសិក្ខាសាលាអនឡាញមួយអំពីបញ្ហាស្ត្រី សន្តិភាព និងសន្តិសុខ ជាមួយអ្នកតំណាងខាងយោធពលខេមរភូមិន្ទផងដែរ ។
ជុំវិញការទស្សនកិច្ចរបស់នាវាចំបាំងអូស្រ្តាលីនេះ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ បានយល់ឃើញថាការចូលសំចតនេះជាការសាកល្បងយុទ្ធសាស្រ្តនៃលំហភូមិសាស្រ្តនយោបាយរបស់សហរដ្ឋអាមេរិកនៅតំបន់សមុទ្រចិនខាងត្បូង នៅក្រោយពេលមានការចោទប្រកាន់ថាកងទ័ពប្រទេសចិនលួចសាងសង់មូលដ្ឋានទ័ពខ្លួននៅមូលដ្ឋានទ័ពរាម។
លោក ឱក សេរីសោភក្តិ៍ បានអះអាងថា៖ «ទាក់ទងនឹងការចោទប្រកាន់របស់ប្រទេសលោកខាងលិច ថាមានការឱ្យកម្លាំងយោធាចិន មានវត្តមាននៅកំពង់សោម នៅរាមអីជាដើម ដូច្នេះ ដំណើរទស្សនកិច្ចនេះ អាចនឹងបន្ថែមបេសកកម្មដើម្បីស្រាវជ្រាវព័ត៌មានបន្ថែម ថាការចោទប្រកាន់ហ្នឹង វាពិតដែរ ឬទេ?»
លោក ឱក សេរីសោភក្តិ៍ បានបន្ថែមថា អូស្ត្រាលីប្រាកដជាប្រើទស្សនកិច្ចនេះដើម្បីផលប្រយោជន៍សម្ព័ន្ធមិត្តខ្លួន ដែលមានភាព «ចាក់ស្រេះ បេះមិនដាច់» ជាមួយសហរដ្ឋអាមេរិក ហើយចំណែកវិស័យយោធាវិញ ទីក្រុងកង់បេរ៉ាក៏មានកិច្ចព្រមព្រៀងធំៗពីរ ទីមួយគឺសម្ព័ន្ធភាពអូស្រ្តាលី-ជប៉ុន-អាមេរិក-ឥណ្ឌា ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅក្នុងដែនសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងឥណ្ឌូប៉ាស៊ីហ្វិក។
ទីពីរនោះ គឺការអូស្រ្តាលីមានសម្ព័ន្ធភាពយោធាជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលហៅកាត់ថា AUKUS។
ដោយឡែក លោកយង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាវិញ បានលើកទ្បើងថា ដំណើរទស្សនកិច្ចរបស់កងនាវាអូស្ត្រាលីនេះ មិនពាក់ព័ន្ធនឹងបញ្ហាជុំវិញការសង្ស័យមានការសាងសង់មូលដ្ឋានទ័ពចិននៅតំបន់រាមឡើយ ផ្ទុយទៅវិញ នេះជាការបើកទូលាយឱ្យមានការធ្វើទស្សនកិច្ចបែបនេះ ដោយផ្តល់ដំណឹងដល់រដ្ឋាភិបាលកម្ពុជាជាមុន។
លោកបានបន្តថា រដ្ឋាភិបាលតែងគោរពលើអធិបតេយ្យភាពលើបណ្តាប្រទេសដទៃ និងមិនចូលបក្សសម្ព័ន្ធដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ និងកម្ពុជាមិនដែលអនុញ្ញាតឱ្យមានការសាងសង់មូលដ្ឋានទ័ពបរទេសណាមួយឡើយ តែកម្ពុជាមានសិទ្ធិទទួលជំនួយយោធា ឬជំនួយសាងសង់។
លោក យង់ ពៅ បញ្ជាក់ថា៖ «ខ្ញុំសាទរនូវសកម្មភាពបែបនេះ គឺរវាងស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខាងកងទ័ពជើងទឹករបស់កម្ពុជាដែលយកពេលវេលា ដើម្បីជួបគ្នា ពិភាក្សាគ្នា ធ្វើការជាមួយគ្នា និងបង្ហាញពីភាពស្មោះត្រង់ទៅវិញទៅមករវាងប្រទេសទាំងពីរ និយាយដោយឡែក»។
លោកបានបន្ថែមថា៖ «និយាយជារួម យើងបានបង្ហាញទៅកាន់ទស្សនៈបស្ចឹមប្រទេសដែលតែងតែចោទកម្ពុជា ថាមានលាក់បាំងកងទ័ពចិនអីជាដើមនៅទីនោះ ដូច្នេះតាមរយៈស្ថានទូតអូស្ត្រាលី តាមរយៈនាវាជើងទឹករបស់អូស្ត្រាលីដែលបានចូលចតនៅកំពង់ផែនោះ បានបញ្ជាក់ច្បាស់ហើយ នេះជាបំណងល្អមួយដែលខ្ញុំសាទរ»៕