នាវាចម្បាំងអូស្ត្រាលី HMAS Anzac បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃដែលជាផ្នែកមួយបេសកកម្ម Indo-Pacific Endeavors 2021(IPE 2021) របស់ខ្លួននៅកម្ពុជា។
ទំព័រហ្វេសប៊ុកលេខាធិការដ្ឋានមូលដ្ឋានសមុទ្រ បានឱ្យដឹងថា លោកឧត្តមនាវី រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានដឹកនាំនាយនាវីរបស់ខ្លួនជូនដំណើរនៃការចាកចេញរបស់នាវា HMAS Anzac(FFH 150) របស់កងនាវាចរអូស្ត្រាលីនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពនៅកម្ពុជា។
ដោយឡែក ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាវិញបានផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ថា៖ «ថ្ងៃនេះ យើងលានាវា HMAS Anzac[…] អូស្ត្រាលីសូមអរគុណដល់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះទទួលនាវា ក្នុងរយៈពេលបីថ្ងៃនេះហើយយើងរីករាយដែលអាចពង្រឹងការចូលរួមរបស់យើង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនិងកងទ័ពជើងទឹក» ។
គួរបញ្ជាក់ថា នៅខណៈបំពេញទស្សនកិច្ចនេះ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានប្រគល់អំណោយជាសម្ភារៈការពារខ្លួន និងសម្ភារៈវេជ្ជសាស្រ្តដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៨០០គីឡូក្រាម ជូនដល់កងទ័ពជើងទឹកកម្ពុជា ព្រមទាំងនាវឹកអូស្ត្រាលីបានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីអំពីសន្តិភាព សន្តិសុខ និងស្ត្រី ជាមួយកងទ័ពជើងទឹកកម្ពុជាផងដែរ ។
ដំណើរទស្សនកិច្ចរបស់កងនាវាចរអូស្ត្រាលីនេះ ជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ នៅកម្ពុជា៕