មន្ទីរសាធារណការ និងដឹកជញ្ជូននៅថ្ងៃអង្គារនេះ ផ្អាកចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ២០ ផ្លូវលេខ១២០ 1KD9 (៣៤) និងផ្លូវលេខ1KD11 (១៤៣) ក្នុងខេត្តកណ្តាលជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀង។
តាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ចេញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ជូនដំណឹងដល់ប្រជាពលរដ្ឋ និងម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ឲ្យផ្អាកចរាចររថយន្តដឹកទំនិញធុនធ្ងន់ជាបណ្តោះអាសន្ន ដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀងបាននិងកំពុងជន់ឡើងយ៉ាងខ្លាំងលើចិញ្ចើមផ្លូវជាតិលេខ២០ ផ្លូវលេខ១២០ 1KD9(៣៤) និងផ្លូវលេខ1KD11 (១៤៣) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងស្រុកអង្គស្នួល ខេត្តកណ្តាល។ ការផ្អាកនេះ គឺដោយសារស្ថានភាពទឹកលិចធ្វើឲ្យផ្លូវ-ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ។
សេចក្តីជូនដំណឹងមន្ទីរសាធារណការដដែលបានបញ្ជាក់ថា៖ «សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២០ ចាប់ពីរង្វង់មូលកួរស្រូវ រហូតដល់ផ្លូវជាតិលេខ៣ ផ្លូវលេខ១២០ ចាប់ពីផ្លូវជាតិលេខ២ រហូតដល់ផ្លូវជាតិលេខ៣ ផ្លូវលេខ1KD9 (៣៤) ចាប់ពីផ្លូវជាតិលេខ៣ រហូតដល់ផ្លូវលេខ៤១ ផ្លូវលេខ1KD11 (១៤៣) ចាប់ពីផ្លូវលេខ1KD9 (៣៤) រហូតដល់ផ្លូវជាតិលេខ៤ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពទឹកស្រកចុះជាប្រក្រតីវិញ ដើម្បីថែរក្សាផ្លូវ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរប្រកបដោយសុខសុវត្ថិភាព»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដង្កោដែលជាខណ្ឌស្ថិតជិតខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត មានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ត្រៀមសម្ភារ និងតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ ជៀសវាងការបាត់បង់សម្ភារ និងអាយុជីវិតដែលអាចកើតមានដោយសារកម្ពស់ទឹកស្ទឹងព្រែកត្នោតកំពុងហក់ឡើងខ្ពស់ជាបន្តបន្ទាប់៕