ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃចន្ទនេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ពីទឹកជំនន់ ខណៈតំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់។
សេចក្ដីជួនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ចេញនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១នេះ តំបន់វាលទំនាប តំបន់ខ្ពង់រាប ជួរភ្នំដងរែក និងជួរភ្នំក្រវ៉ាញនៃប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលអាចបង្កជាជំនន់ទឹកភ្លៀង។ ស្ថានភាពនេះគឺស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង និងមណ្ឌលគិរី។
សេចក្តីជូនដំណឹងដដែលបន្ថែមថា នៅតំបន់មាត់សមុទ្រ លើផ្ទៃសមុទ្រនឹងមានភ្លៀង ខ្យល់រួមជាមួយនឹងរលកសមុទ្រខ្ពស់ៗដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានចំពោះការធ្វើដំណើរ និងការនេសាទ។
ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវដល់ប្រជាពលរដ្ឋយ៉ាងដូច្នេះថា៖ «យោងតាមស្ថានភាពអាកាសធាតុដូចបានជម្រាបខាងលើ សូមសាធារណជនបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ»៕