ក្រសួងធនធានទឹក និងឧតុនិយម​ នៅថ្ងៃចន្ទ​នេះ  បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ទឹក​ជំនន់​ ខណៈ​​​តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ​ជាមួយ​នឹង​ខ្យល់​កន្ត្រាក់។

សេចក្ដីជួនដំណឹងស្ដីពី​ស្ថានភាពអាកាសធាតុ ចេញ​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១​ បានបញ្ជាក់​ថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១នេះ តំបន់វាលទំនាប តំបន់ខ្ពង់រាប ជួរភ្នំដងរែក និងជួរភ្នំក្រវ៉ាញនៃប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុង​កម្រិត​បង្គួរ​ទៅ​ខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលអាចបង្កជាជំនន់ទឹកភ្លៀង។ ស្ថានភាព​នេះ​គឺ​ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង និងមណ្ឌលគិរី។

សេចក្តី​ជូន​ដំណឹង​ដដែលបន្ថែម​ថា នៅតំបន់មាត់សមុទ្រ លើផ្ទៃសមុទ្រនឹងមានភ្លៀង ខ្យល់​រួម​ជាមួយ​នឹង​រលក​សមុទ្រខ្ពស់ៗ​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ចំពោះ​ការធ្វើដំណើរ និង​ការនេសាទ។

ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវ​ដល់​ប្រជាពលរដ្ឋយ៉ាងដូច្នេះ​ថា៖ «យោង​តាម​ស្ថានភាព​អាកាសធាតុដូចបានជម្រាបខាងលើ សូមសាធារណជនបង្កើនការយកចិត្តទុកដាក់ប្រុង​ប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយ​ថា​ហេតុ»៕​