រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ថវិកាជាតិសម្រាប់ចំណាយក្នុងឆ្នាំ២០២២ ចំនួនរង្វង់ ៣៤,៧ ទ្រីលានរៀល ឬស្មើនឹងប្រមាណ ៨,៥ ពាន់លានដុល្លារអាមេរិក ដែលកើនជាងឆ្នាំ២០២១ ចំនួន ៨,៤%។
យោងតាមសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុដែលជាលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានគ្រោងចំណាយថវិកាជាតិសរុបឱ្យស្ថិតនៅក្នុងរវង្វង់ចំនួន ៣៤,៧ ទ្រីលានរៀល ឬស្មើនឹងប្រមាណ ៨,៥ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ២៧,៩៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលកើនឡើងចំនួន ៨,៤% បើធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២១ ។
សេចក្តីព្រាងច្បាប់ដដែលបានបន្តថា រដ្ឋាភិបាលកម្ពុជាគ្រោងនឹងប្រមូលចំណូលក្នុងថវិការដ្ឋឱ្យបានចំនួន ២៥,៦ ទ្រីលានរៀល ឬស្មើនឹង ៦,៣ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ២០,៦១% នៃ ផ.ស.ស. កើនឡើង ១៩,៣% បើធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២១ ។
ដើម្បីបង្គ្រប់គម្រោងចំណាយចំនួន ៨,៥ ពាន់លានដុល្លារអាមេរិក រដ្ឋាភិបាលក៏គ្រោងនឹងខ្ចីបុលពីបរទេសដែលជាដៃគូអភិវឌ្ឍន៍ចំនួន ១៦០០ លានSDR ឬស្មើនឹង ២,២៦០ ពាន់លានដុល្លារអាមេរិកផងដែរ ដែលកើនឡើងចំនួន ១០០ លានSDR បើធៀបនឹងឆ្នាំ២០២១។
«សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១…ត្រូវរៀបចំឡើងនៅក្នុងបរិការណ៍ដែលប្រទេសកម្ពុជាកំពុងស្ថិតនៅកណ្តាលនៃវិបត្តិកូវីដ១៩ នៅឡើយ បន្ទាប់ពីព្រឹត្តិកាណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងការបន្តរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងថ្មីជាបន្តបន្ទាប់ ដែលបានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពបរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងកំពុងដាក់សម្ពាធធ្ងន់ធ្ងរមកលើថវិកាជាតិ»។
សេចក្តីប្រកាសព័ត៌មានដដែលបានគូសបញ្ជាក់ថា ថវិកាជាតិឆ្នាំ២០២២ នេះ ជាថវិកាសម្រាប់បន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងកសាងសមត្ថភាពដើម្បីរស់នៅតាមគន្លងប្រក្រតីភាពថ្មីជាមួយជំងឺកូវីដ១៩ ព្រមទាំងទ្រទ្រង់ដល់ដំណើរការរបស់រដ្ឋកុំឱ្យរាំងស្ទះ ហើយនិងការស្តារជីវភាពប្រជាជន រួមផ្សំនឹងការស្តារកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ក្នុងន័យជុំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ។
ជុំវិញបញ្ហានេះ លោកគី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ទំហំទឹកប្រាក់ចំនួន ៨,៥ ពាន់លានដុល្លារ ដែលជាកញ្ចប់ថវិកាដែលរដ្ឋាភិបាលគ្រោងចំណាយគឺដើម្បីជុំរុញដល់កំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ១៩។
លោកបានបន្តថា៖ «ដោយសារកញ្ចប់ថវិកាចំណូលពន្ធរដ្ឋមានតែ ៦ ពាន់លានជាង ដូច្នេះកញ្ចប់ថវិកានេះ វាប្រើប្រាស់សម្រាប់តែចំណាយចរន្ត អ៊ីចឹងហើយ សម្រាប់ការចំណាយមូលធនបន្ថែម ដែលរដ្ឋាភិបាលជុំរុញការអភិវឌ្ឍន៍ទៅលើវិស័យហេដ្ឋារចនាសម្ព័ននេះ នៅមានការខ្វះខាត ទើបត្រូវការកម្ចីថវិកាពីក្រៅប្រទេស» ។
ជុំវិញបញ្ហាដែលកម្ពុជាកើនប្រាក់កម្ចីពីបរទេសនៅឆ្នាំ ២០២២ នោះ លោកគី សេរីវឌ្ឍន៍បានយល់ឃើញថា បើគេនិយាយពីបំណុលសាធារណៈ គេត្រូវធៀបជាមួយនឹងចំណូលជាតិ ដែលក្នុងឆ្នាំ ២០២១ នេះ បំណុលរបស់កម្ពុជាមានត្រឹមតែ ៣០% ប៉ុណ្ណោះ ហើយកម្ពុជានៅមានលទ្ធភាពខ្ចីបន្ថែមទៀត។
គួររម្លឹកថា កាលពីពាក់កណ្តាលឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានប៉ាន់ស្មានពីទំហំសេដ្ឋកិច្ចកម្ពុជាថាមានកំណើនក្នុងអត្រា ២,៤% ដែលប្រហាក់ប្រហែលនឹងការព្យាករណ៍របស់ស្ថាប័នអន្តរជាតិធំៗ ក្នុងរង្វង់ ២,០% ។
ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាអាចចំណាយថវិកាក្នុងរង្វង់ ១ពាន់លានដុល្លារអាមេរិក កើនឡើងខ្លាំងពីការរំពឹងទុកពីដើមឆ្នាំត្រឹម ៣០លានដុល្លារ៕