រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ​២០២២​ ចំនួន​រង្វង់​ ៣៤,៧​ ទ្រីលានរៀល​ ឬ​ស្មើ​នឹង​ប្រមាណ​ ៨,៥​ ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​កើន​ជាង​ឆ្នាំ​២០២១​ ចំនួន​ ៨,៤%​។

យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ដែល​ជា​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២១​ រដ្ឋា​ភិបាល​កម្ពុជាបាន​គ្រោង​ចំណាយ​ថវិកា​ជាតិ​សរុប​ឱ្យ​ស្ថិត​នៅ​ក្នុង​រវង្វង់​ចំនួន​ ៣៤,៧​ ទ្រីលានរៀល​ ឬ​ស្មើ​នឹង​ប្រមាណ​ ៨,៥​ ពាន់​លាន​ដុល្លារ​អាមេរិ​ក​ ដែល​ស្មើ​នឹង​ ២៧,៩៥%​ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (ផ.ស.ស.)​ ដែល​កើន​ឡើង​ចំនួន​ ៨,៤%​ បើ​ធៀប​នឹង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២១​ ។

សេចក្តី​ព្រាង​ច្បាប់​ដដែល​បាន​បន្តថា​ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹ​ង​ប្រមូល​ចំណូល​ក្នុង​ថវិកា​រដ្ឋ​ឱ្យ​បាន​ចំនួន​ ២៥,៦​ ទ្រី​លាន​រៀល​ ឬ​ស្មើ​នឹង​ ៦,៣​ ពាន់​លាន​ដុល្លារអាមេរិ​ក​ ដែល​ស្មើ​នឹង​ ២០,៦១%​ នៃ​ ផ.ស.ស.​ កើន​ឡើង​ ១៩,៣%​ បើ​ធៀប​នឹង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២១​ ។

ដើម្បី​បង្គ្រប់​គម្រោង​ចំណាយ​ចំនួន ៨,៥​ ពាន់​លាន​ដុល្លារ​អាមេរិក​ រដ្ឋាភិបាល​ក៏​គ្រោង​នឹង​ខ្ចី​បុល​ពី​បរទេស​ដែល​ជា​ដៃ​គូ​អភិវឌ្ឍន៍​ចំនួន​ ១៦០០​ លានSDR​ ឬ​ស្មើនឹង​ ២,២៦០​ ពាន់​លាន​ដុល្លារ​អាមេរិក​ផង​ដែរ​ ដែល​កើន​ឡើង​ចំនួន​ ១០០​ លាន​SDR​ បើ​ធៀប​នឹង​ឆ្នាំ២០២១​។

​«សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​សម្រាប់​គ្រប់​គ្រង​ឆ្នាំ​២០២១​…​ត្រូវ​រៀប​ចំ​ឡើង​នៅ​ក្នុង​បរិការណ៍​ដែល​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​កណ្តាល​នៃ​វិបត្តិ​កូវីដ១៩​ នៅ​ឡើយ​ បន្ទាប់​ពី​ព្រឹត្តិកាណ៍​សហគមន៍​ ២០កុម្ភៈ​ ២០២១​ និង​ការ​បន្ត​រីក​រាល​ដាល​នៃ​មេ​រោគ​កូរ៉ូណា​បំប្លែង​ថ្មី​ជា​បន្ត​បន្ទាប់​ ដែល​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ សង្គម​ សេដ្ឋកិច្ច​ និង​ជីវភាពប​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​ព្រម​ទាំង​កំពុង​ដាក់​សម្ពាធ​ធ្ងន់​ធ្ងរ​មក​លើ​ថវិកា​ជាតិ​»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​គូស​បញ្ជាក់​ថា​ ថវិកា​ជាតិ​ឆ្នាំ២០២២​ នេះ​ ជា​ថវិកា​សម្រាប់​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ និង​កសាង​សមត្ថភាព​ដើម្បី​រស់​នៅ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ជាមួយជំងឺកូវីដ១៩ ព្រមទាំងទ្រទ្រង់ដល់ដំណើរការរបស់រដ្ឋកុំឱ្យរាំងស្ទះ ហើយនិងការស្តារ​ជីវភាព​​ប្រជាជន​ រួម​ផ្សំ​នឹង​ការ​ស្តា​រ​កិច្ច​អភិវឌ្ឍន៍​សង្គម​ សេដ្ឋកិច្ច​កម្ពុជា​ ក្នុង​ន័យ​ជុំ​រុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឡើងវិញ​ ។

ជុំវិញ​បញ្ហា​នេះ​ លោក​គី​ សេរីវឌ្ឍន៍​ អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​​រាជ​​បណ្ឌិត្យ​សភា​កម្ពុជា​ បាន​គូស​បញ្ជាក់​​ថា​​ ទំហំ​ទឹក​ប្រាក់​ចំនួន​ ៨,៥​ ពាន់​លាន​ដុល្លារ​ ដែល​ជា​កញ្ចប់​ថវិកា​ដែល​រដ្ឋាភិ​បាល​គ្រោង​​ចំណាយ​គឺ​ដើម្បី​ជុំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ក្រោយ​វិបត្តិ​កូវីដ១៩​។

លោក​បានបន្ត​ថា​៖ «ដោយ​សារ​កញ្ចប់​ថវិកា​ចំណូល​ពន្ធ​រដ្ឋ​មាន​តែ​ ៦​ ពាន់​លាន​ជាង​ ដូច្នេះ​កញ្ចប់​ថវិកា​នេះ​ វា​ប្រើ​ប្រាស់​សម្រាប់​តែ​ចំណាយ​ចរន្ត​ អ៊ីចឹង​ហើយ​ សម្រាប់​​ការ​​ចំ​ណាយ​​មូល​ធន​បន្ថែម​ ដែល​រដ្ឋាភិបាល​ជុំរុញ​ការ​អភិវឌ្ឍន៍​ទៅ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន​នេះ​ នៅ​មាន​ការ​ខ្វះ​ខាត​ ទើប​ត្រូវ​ការ​កម្ចី​ថវិកា​ពី​ក្រៅ​ប្រទេស​»​ ។

ជុំវិញ​បញ្ហា​ដែល​កម្ពុជា​កើន​ប្រាក់​កម្ចី​ពី​បរទេស​នៅ​ឆ្នាំ​ ២០២២​ នោះ​ លោកគី​ សេរីវឌ្ឍន៍​បានយល់​ឃើញ​ថា​ បើ​គេ​និយាយ​ពី​បំណុល​សាធារណៈ​ គេ​ត្រូវ​ធៀប​ជា​មួយ​នឹង​ចំ​ណូល​ជាតិ​ ដែល​ក្នុង​ឆ្នាំ​​ ២០២១​ នេះ​ បំណុល​របស់​កម្ពុជា​មាន​ត្រឹម​តែ​ ៣០% ប៉ុណ្ណោះ​ ហើយ​កម្ពុជា​នៅ​មាន​លទ្ធភាព​ខ្ចី​បន្ថែម​ទៀត​។

គួររម្លឹកថា​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ២០២១​​ រដ្ឋាភិបាល​កម្ពុជា​បាន​ប៉ាន់​ស្មាន​ពី​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​ថា​មាន​កំណើន​ក្នុង​អត្រា​ ២,៤%​ ដែល​ប្រហាក់​ប្រហែល​នឹង​ការ​ព្យាករណ៍​របស់​ស្ថាប័ន​អន្តរជាតិ​ធំៗ​ ក្នុង​រង្វង់​ ២,០%​ ។

ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ កន្លង​ទៅ​នេះ​ រដ្ឋាភិបាល​កម្ពុជា​អាច​ចំណាយ​ថវិកា​ក្នុង​រង្វង់​ ១ពាន់​លាន​ដុល្លារ​អាមេរិក​ កើន​ឡើង​ខ្លាំង​ពី​ការ​រំពឹង​ទុក​ពី​ដើម​ឆ្នាំ​ត្រឹម​ ៣០លានដុល្លារ​៕