សមាជិក​សភា​ទាំង​ ១១១រូប​ បានអនុម័ត​យល់​ព្រម​លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តី​ពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹក​នាំ​កំពូល​៤​ របស់​កម្ពុជា​ក្នុង​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​៦​ នីតិកាល​ទី​៦​ កាល​ពី​ថ្ងៃ​ទី២៥​ ខែតុលា​ ឆ្នាំ២០២១​។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​អគ្គ​លេខា​ធិការដ្ឋាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី២៥​ ខែតុលា​ ឆ្នាំ​២០២១​ សមាជិក​រដ្ឋសភា​ទាំង​ ១១១រូប​ ក្រោម​អធិបតី​ភាព​របស់លោក​ហេង​ សំរិន​ ប្រធានរដ្ឋសភា​ បាន​ធ្វើ​កា​រ​អនុម័ត​យល់​ព្រម​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​។

គួរ​បញ្ជាក់​ថា​ គណៈ​រដ្ឋ​មន្ត្រី​កម្ពុ​ជាបាន​អនុម័ត​រួច​ជា​ស្រេច​កាល​ពី​ថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២០២១​ លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តី​ពី​វិសោធនកម្ម​ មាត្រា១៩ថ្មី​ មាត្រា៨២ថ្មី​ មាត្រា១០៦ថ្មី​(មួយ)​ មាត្រា១១៩ថ្មី​ មាត្រា១៣៧ថ្មី​ មាត្រា៣​ និង​មាត្រា៤​ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរ​ជា​ប្រក្រតី​នៃ​ស្ថាប័នជាតិ​ ។

វិសោធន​កម្ម​នេះ​ក៏​បាន​ដាក់​បញ្ចូល​កថា​ខណ្ឌ​ដែល​ចែង​ថា​ «ថ្នាក់​ដឹក​នាំ​ជាតិ​ដែល​ជា​ ប្រធានព្រឹទ្ធសភា​ ប្រធានរដ្ឋសភា​ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ​ និងនាយករដ្ឋមន្ត្រី​ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​»​ ។

លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជ​ន​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​អនុម័ត​របស់​រដ្ឋសភា​គឺ​ជា​រឿង​ត្រឹម​ត្រូ​វ​ ព្រោះ​ដើម្បី​បង្ការ​ដល់​អ្នក​នយោបាយ​ដែល​ធ្វើ​ខុស​ ហើយ​តែង​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចេញ​ក្រៅ​ដែន​សមត្ថកិច្ច​កម្ពុជា​។

លោក​សុខ​ ឥសាន​បានបន្ត​ថា​៖​ ​«​ដូច​ករណី​មេអតីត​​​បក្ស​​ប្រឆាំង​​កន្លង​​ទៅ​​ ទោះ​​បី​ធ្វើ​សច្ចា​ប្រណិ​ធាន​ក្តី​ ក៏​នៅ​មិន​គោរព​ដែរ​ ដូច្នេះ​ យើង​ត្រូវ​តែ​មាន​ច្បាប់​ដើម្បី​គូស​បន្ទាត់​ក្រហម​ […]​ បើ​គាត់​ពិត​ជា​ស្រឡាញ់​ជាតិ​មែន​ បើ​គាត់​ចង់​ធ្វើ​នា​យក​រដ្ឋ​មន្ត្រី​ ប្រ​ធាន​រដ្ឋ​សភា​ ប្រធាន​ព្រឹទ្ធសភា​ ​ប្រធាន​ក្រុម​ប្រឹ​ក្សា​​ធម្មនុញ្ញ​ អាហ្នឹង​ គាត់​ខ្លាច​អី​នឹង​លះ​បង់​សញ្ជាតិ​បរទេស​ចេញ​ បើ​នរណា​មិន​ហ៊ាន​លះ​បង់​សញ្ជាតិ​បរទេស​ចេញ​ កុំ​ជឿ​ថា​អ្នក​ហ្នឹង​ស្នេហា​ជាតិ​ខ្មែ​រ​ពិត​ប្រាកដ​នោះ​»​។

ចំណែក​លោក​អេង​ ឆៃអ៊ាង​ អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ បានយល់​ឃើញ​ថា​ ការ​អនុម័ត​របស់​រដ្ឋសភា​ គឺ​ជា​ការ​ឥត​ប្រយោជន៍​ គឺ​មិន​មាន​ផល​ចំណេញ​អ្វី​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ​ ។ លោកបាន​និយាយ​បន្ថែម​ថា​ ការ​អនុម័ត​របស់​រដ្ឋ​សភា​​ នោះ​គឺ​ជា​លទ្ធផល​របស់​សភា​ឯកបក្ស​។

លោក​អេង​ ឆៃអ៊ាង​ បានបន្ត​ថា​៖​ «មនុស្ស​ដែល​មាន​សញ្ជាតិ​លើស​ពី​មួយ​ គឺ​ច្រើ​ន​តែ​មនុស្ស​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ខ្លួន​ឯង​ទេ​ ដូច​ជា​ប្រទេស​អ៊ី​ស្រា​អែល​ ជន​ជាតិ​ជ្វីហ្វ​ អ៊ី​ស្រា​អែល​ហ្នឹង​ណា​ ច្រើន​មាន​សញ្ជាតិ​លើស​ពី​មួយ​ តែ​គេ​យក​ចំណេះ​ដឹង​ គេ​យក​ធន​ធាន​ដែល​គេ​បាន​ពី​ប្រទេស​ទីពី​រ ទីបី​ គេ​យក​ទៅ​ជួយ​ប្រទេស​ជាតិ​វិញ​»​។

លោក​បន្ថែម​ថា​៖​ «ឯ​អ្នក​ខ្លះ​ មាន​សញ្ជាតិ​តែ​មួយ​ទេ​ តែ​បាន​បំផ្លាញ​ជាតិ​ លួច​ជាតិ​ លក់​ជាតិ​ សម្លាប់​ជាតិ​ខ្លួន​ឯង​ហ្នឹង​ ដូច​យើង​មើល​ មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ជាដើម​ មាន​សញ្ជាតិ​ប៉ុន្មាន​?​ ដូច្នេះ​ សរុប​មក​វិញ​ ច្បាប់​ដែល​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹក​នាំ​កំពូល៤​ នាក់​នោះ​ណា​ ជា​ច្បាប់​ឥត​ប្រយោជន៍​ គ្រាន់​តែ​ជា​ច្បាប់​ធ្វើ​តាម​កំហឹង​របស់លោកហ៊ុន​ សែន​ តែ​ប៉ុណ្ណឹង​ទេ​បាទ​»​។

ជុំវិញ​បញ្ហា​នេះ​ លោក​យង់​ ពៅ​ អគ្គ​លេខា​ធិកា​រ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ បានលើក​ឡើង​ថា​ កម្ពុជា​ដល់​វេលា​សម្រាប់​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែ​រតែ​មួយនេះ​ហើយ​ ព្រោះ​ថ្នាក់​ដឹកនាំ​ទាំង​នេះ​ ជា​អ្នក​កាច់​ចង្កូត​ប្រទេស​ជាតិ​។

លោក​យង់​ ពៅ​បានបន្ត​ថា​៖ «បើ​យើង​ក្រឡេក​ទៅ​មើល​ប្រទេស​ណា​ក៏​ដោយ​លើ​ពិភព​លោក​ គឺ​អ្ន​ក​នយោបាយ​ មិន​និយាយ​ដល់​ថ្នាក់​ដឹក​នាំ​កំពូល​អ៊ីចឹង​ផង​ ប្រទេស​ខ្លះ​គេ​កំណត់​ឱ្យ​មាន​សញ្ជាតិ​តែ​មួយទេ​ […]​ រដ្ឋាភិបាល​យើង​កំណត់​តែ​ថ្នា​ក់​ដឹក​នាំ​កំពូល​ ៤​នេះ​ទេ​ ព្រោះ​បរិបទ​ប្រទេស​យើង​ចង់​កៀង​គរ​ធន​ធាន​មនុស្ស​ឱ្យ​បាន​ច្រើន​ពី​ប្រភព​ផ្សេង​មក​ចូល​រួម​ជា​មួយ​គ្នា​» ​។

លោក​យង់​ ពៅ​បានបន្ថែម​ថា​ បើ​សិន​ជា​យើង​ពិត​ជា​ស្រឡាញ់​ប្រទេស​ជាតិ​ពិត​ប្រាកដ​ ហើយ​ក្នុង​ឋានៈ​ជា​ថ្នាក់​ដឹក​នាំ​កំពូល​ទៀត​នោះ​ រឿង​អ្វី​ដែល​យើង​មិន​ហ៊ាន​លះ​បង់​សញ្ជាតិ​ផ្សេង​ ហើយ​ចាំ​បាច់​មាន​សញ្ជាតិ​បរទេស​អម​ ឬ​មួយ​ការ​ស្រឡាញ់​ជាតិ​នោះ​ គឺ​គ្រាន់​តែ​ជា​ពាណិជ្ជ​កម្ម​នយោបាយ​។

ដោយ​ឡែក​លោក​រ៉ឹម​ សុខវី​ អ្នក​វិភាគ​នយោបាយ​វ័យ​ក្មេង​ បានយល់​ឃើញ​ថា​ ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​នេះ​គឺ​ជា​រឿង​ត្រឹមត្រូវ​ ក៏​ប៉ុន្តែ​វា​មិន​សូវ​ត្រូវ​នឹង​ស្ថានការណ៍​ ព្រោះ​ច្បាប់​នេះ​បង្កើត​ឡើង​ក្រោយ​មាន «​សង្គ្រាម​ពាក្យ​សម្តី​» រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ និង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៉ី​។

លោកបាននិយាយ​ថា​ ច្បាប់​នេះ​បី​ដូច​ទប់​ស្កាត់​មិន​ឱ្យ​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ធ្វើ​នយោបាយ​សារ​ជាថ្មី​ ដូច្នោះ​ដែរ​។

លោក​រ៉ឹម​ សុខវី​បានបន្ថែម​ថា​៖ «ខ្ញុំ​គិត​ថា​ បញ្ហា​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ថ្នាក់​ដឹក​នាំ​កំពូល៤​ របស់​កម្ពុជា​នេះ​ មិន​មែន​ជា​អាទិភាព​នោះ​ឡើយ​ បញ្ហា​អាទិភាព​នោះ​គឺ​ បញ្ហាកូវីដ១៩​ និង​អំពើ​ពុករលួយ​ ដែល​រដ្ឋា​ភិបាល​ត្រូវ​ដោះស្រាយ​ ច្បាប់​នេះ​ដូច​មិន​សូវ​ចាំ​បាច់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ​»​៕