ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកសាលារៀនគ្រប់កម្រិតទូទាំងប្រទេស ទាំងរដ្ឋ និងឯកជន ដោយតម្រូវឲ្យរៀនតាមគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា នេះតទៅ ខណៈជំងឺកូវីដ១៩នៅបន្តរីករាលដាលច្រើននៅកម្ពុជា។
ក្រសួងអប់រំបានចេញសេចក្តីណែនាំចេញកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១កន្លង ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ក្នុងស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩។ សេចក្ដីណែនាំនោះបញ្ជាក់ថា ដើម្បីឈានទៅដំណើរការអប់រំតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទកូវីដ១៩ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងនឹងពង្រីកវិសាលភាពនៃការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត ក្នុងភូមិសាស្រ្តទូទាំងរាជធានីខេត្តទាំងអស់។
សេចក្តីណែនាំនោះបញ្ជាក់ថា៖ «ការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិតគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូនៅតាមក្រុង ស្រុក ខណ្ឌ ដែលជំងឺកូវីដ១៩ អាចគ្រប់គ្រងបាន ដោយកំណត់រូបភាពនៃការបង្រៀន និងរៀនតាមបណ្តុំ ១៥ ទៅ២០នាក់ និងផ្លាស់វេន និងបន្តអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានាការសុខាភិបាលចាំបាច់នានា»។
សេចក្តីណែនាំបន្ថែមថា ក្នុងករណីមានការឆ្លងក្នុងគ្រឹះស្ថានសិក្សានោះ ត្រូវសម្រេចផ្អាកតែក្រុមសិស្ស ឬថ្នាក់រៀននោះប៉ុណ្ណោះ និងត្រូវចាត់ចែងយកអ្នកវិជ្ជមាន និងអ្នកដែលមានការពាក់ព័ន្ធទៅព្យាបាល និងធ្វើចត្តាឡីស័ក១៤ថ្ងៃ។
ឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នាយិកាសាលាបឋមសិក្សាទន្លាប់ ក្នុងស្រុកសំរោង ខេត្តតាកែវ អ្នកស្រី ចេង ណាវី បានឲ្យដឹងថា ការបើកសាលារៀនឡើងវិញគឺជារឿងល្អ អាចធ្វើឲ្យសិស្សមានពេលរៀនវគ្គបំប៉នបានច្រើនជាមួយលោកគ្រូអ្នកគ្រូ មុននឹងប្រឡងឡើងថ្នាក់។ ទទ្ទឹមនឹងនេះអ្នកស្រីក៏បានសម្ដែងក្តីបារម្ភលើបញ្ហាប្រឈមមួយចំនួនចំ ពោះសិស្សានុសិស្សដែលខ្វះនូវការប្រុងប្រយ័ត្ន និងគ្មានអនាម័យនៅពេលចេញលេងដែលអា ចធ្វើឲ្យមានការឆ្លងជំងឺកូដវីដ១៩ពីសិស្សម្នាក់ទៅសិស្សម្នាក់ទៀត។
អ្នកស្រីលើកឡើងថា៖ «សិស្សានុសិស្សពុំសូវមានការប្រុងប្រយ័ត្នក្នុងការពាក់ម៉ាសឲ្យបានជាប់លាប់នោះទេ។ ជាពិសេសពេលឲ្យគាត់ចេញលេង គឺពិបាកគ្រប់គ្រងណាស់។ បើមានកូវីដកើតឡើងលើនរណាម្នាក់នោះនឹងពិបាក អាចឆ្លងទៅច្រើនគ្នាហើយ»។
ស្រដៀងគ្នានេះដែរ នាយកសាលាសន្ធរម៉ុកក្នុងរាជធានីភ្នំពេញ លោក ឡៅ ម៉ូលីណា ក៏បានឲ្យដឹងដែរថា នៅសាលារបស់លោក គឺមានអនុវត្តវិធានការសុវត្ថិភាពចំពោះសិស្ស និងគ្រូដោយមានរៀបចំសន្តិសុខត្រៀមចាំដើម្បីវាស់កម្ដៅ និងបាញ់អាល់កុល មុនពេលចូលសាលា។ លោកបន្តថា ឪពុកម្ដាយភាគច្រើនបានបញ្ជូនកូនមករៀនដោយគិតថា រៀននៅសាលាចេះជាងរៀនតាមអនឡាញ ហើយតំបន់ខ្លះមិនសូវមានអ៊ីនធឺណិត ឬមិនមានអ៊ីនធឺណិតគ្រប់គ្រាន់ ដូចនេះការរៀននៅក្នុងថ្នាក់គឺមានប្រសិទ្ធភាពជាងតាមអនឡាញ ពោលគឺសិស្សឆ្ងល់ភ្លាមអាចសួរ និងទទួលការណែនាំពីគ្រូបានភា្លមផងដែរ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់អាណាព្យាបាលសិស្សគឺមានការបញ្ជូនកូនឲ្យមករៀន ស្ទើតែទាំងអស់ ហើយសាលាមានរៀបចំឆ្លាស់វេន ២០នាក់រៀន និង២០នាក់សម្រាក។
សម្រាប់សិស្សដែលមិនទាន់ចាក់វ៉ាក់សាំងក៏ (ខាងសាលា) ឲ្យចូលរៀនដែរ តែត្រូវឲ្យពាក់ម៉ាស់ហើយមានការប្រុងប្រយ័ត្នជាងគេ ព្រោះពួកគេប្រឈមខ្លាំង»។
ចំណែកនាយកសាលាបាក់ទូក លោក តូច កន្តាល់ បានឲ្យដឹងដែរថា ក្នុងសាលារៀនរបស់លោកនៅតែរៀបចំវិធានការសុវត្ថិភាព ដោយអនុវត្តជាប្រចាំនូវគោលការណ៍៣កុំ និង៣ការពារដដែល។
លោកបន្ថែមថា សាលារបស់លោកបាន បែងចែកសិស្សក្នុងមួយថ្នាក់៣០នាក់ ឲ្យទៅជា១៥នាក់ រៀនក្នុងថ្នាក់ និង១៥នាក់រៀនតាមអនឡាញទៅតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ។
លោកបញ្ជាក់ថា៖ «សម្រាប់ឪពុកម្ដាយមានការអនុញ្ញាតឲ្យកូនមករៀនច្រើន ព្រោះទោះមិនមកក៏កូវីដនៅតែប៉ុណ្ណឹង មកក៏កូវីដនៅតែប៉ុណ្ណឹង សំខាន់ពួកគាត់ចេះរស់នៅជាមួយកូវីដ ហើយកូនៗរបស់ពួកគាត់បានចាក់ថ្នាំរួចហើយ»៕