ជំងឺកូវីដ១៩ជាបញ្ហាចម្បងមួយដែលរាំងស្ទះដល់ការអភិវឌ្ឍរបស់ប្រជាជាតិនៅលើសកលលោក។ ប្រទេសកម្ពុជាក៏រងផលប៉ះពាល់ពីជំងឺកូវីដ១៩ ស្ទើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាជនដែល ប្រកបរបរទាក់ទងនឹងវិស័យនេះ។
លោក ចឹងប៉ូវ ជាអ្នកប្រកបរបររត់ម៉ូតូកង់បីឥណ្ឌាមកពីខេត្តព្រៃវែង បានរៀបរាប់ប្រាប់ Newsroom Cambodia ពីស្ថានភាពដែលលោកកំពុងប្រឈមក្នុងការប្រកបរបររត់កង់បីថា៖ «នៅក្នុងរដូវកូវីដ របរផ្សេងគេរកបាន តែខ្ញុំរកមិនបាន ហ្គាសថ្លៃទៀតឥលូវ ហ្គាសជិត៣,០០០ហើយ ហើយថ្ងៃហ្នឹងរត់បាន២០០០០ចាក់ហ្គាសអស់១០០០០ រត់នេះនោះៗចង់អស់បាត់ ពេលខ្លះបាន ពេលខ្លះក៏មិនបាន ចង់ទៅរករបរផ្សេងដែរតែ ខ្លាចវាមិនសមប្រកប ដុនដាបជាងមុនរឹតតែនាំទុក្ខដល់គ្រួសារទៀត និយាយរួមគឺពិបាក»។
អ្នកប្រកបរបររត់កង់បីឥណ្ឌាម្នាក់ទៀតគឺលោក ជុំ ស៊ីនិត បានរៀបអំពីសកម្មភាពប្រកបរបរប្រចាំថ្ងៃរបស់លោកថា កាលពីមុនមានកូវីដ១៩ លោកអាចរកចំនូលបានប្រហែល៥ ទៅ៦ម៉ឺនរៀលក្នុងមួយថ្ងៃ ចំនួននេះគឺអាចធ្វើឲ្យលោកយកទៅចំណាយទូទាត់ក្នុងគ្រួសារបានមួយផ្នែកធំ។ លោកបន្ថែមថា នៅពេលដែលជំងឺកូវីដរាតត្បាតខ្លាំង លោកបានបង្ខំចិត្តខ្ចីលុយគេដើម្បីដោះស្រាយជីវភាព ក្នុងពេលដែលលោកមិនអាចរកចំណូលបានដើម្បីផ្គត់ផ្គង់គ្រួសារ។
លោកថា៖ «មុនកូវីដ កង់បីមានមនុស្សជិះច្រើន ចំណូលវាទៅតាមហ្នឹងដែរ រត់មួយថ្ងៃអាចចំណាយបានពីរថ្ងៃចឹង។ ហើយអាពេលកូវីដមកដល់គឺចប់ ខ្ចីលុយគេចាយ បើមិនខ្ចីអត់មានអីដោះស្រាយជីវភាព ធ្វើម៉េចឲ្យតែរស់សិនទៅបើសង្គមវាចឹង»។
លោកស៊ី និត បន្ថែមថា៖ «កូនរៀនចំណាយច្រើន ថ្លៃផ្ទះទឹកភ្លើង អាហ្នឹងវាជាបន្ទុក ហើយខ្ញុំពីរនាក់ប្ដីប្រពន្ធរកបានតិច បើវានៅតែមិនបាត់ឆ្នាំហ្នឹងទេ ទាំងគេទាំងខ្ញុំមុខតែលក់កង់បីហ្នឹងហើយ»។
ចំណែកអ្នកស្រី មុំ អាយុប្រ៤២ឆ្នាំ ជាអ្នកលក់ដូរនៅផ្សាររតនាផ្លាហ្សា បានលើកឡើងថា អ្នកស្រីសាទរចំពោះការបើកប្រទេសឡើងវិញ ប៉ុន្តែសម្រាប់មុខរបរជាអ្នកលក់ដូរដូចអ្នកស្រី គឺមិនកាក់កបទេព្រោះមិនសូវមានអតិថិជនដូចមុនមានកូវីដ១៩។
អ្នកស្រីថា៖ «ខ្ញុំសប្បាយចិត្តដែលរាជរដ្ឋាភិបាលបានប្រកាសបើកសេដ្ឋកិច្ចឡើងវិញ វាជាឱកាសដែលខ្ញុំអាចប្រកបរបរលក់ដូរវិញបាន ប៉ុន្ដែការលក់ដូរនេះខ្ញុំលក់មិនសូវដាច់ប៉ុន្មានទេ ព្រោះអីខ្សត់អ្នកទិញ ដោយហេតុថាគេអ្នកទិញមិនមានលុយមកទិញយើងច្រើនដូចពីមុនកូវីដដែរ»។
អ្នកស្រីបានបញ្ជាក់ទៀតថា៖ «ទោះបីជាមានការបើកសេដ្ឋកិច្ចឡើងវិញក៏ដោយ ក៏អ្នកទិញមិនមានលុយមកទិញយើងច្រើនហូរហែដូចពីមុនដែរ ការលក់ដូរខ្ញុំសព្វថ្ងៃរកមិនគ្រប់គ្រាន់ថ្លៃបង់ទិញភ្លើង និងផ្ទះជួលផង»។
ចំណែកអ្នកស្រី ផាត់ សុរី អាយុ៤៦ឆ្នាំ ជាអ្នកលក់ខោអាវនៅផ្សារសាមគ្គី ខេត្តសៀមរាបបានឲ្យដឹងថា ដោយសារការរីករាលដាលជំងឺកូវី១៩ និងមានការបិទច្រកចេញចូលទៅក្រៅប្រទេស អ្នកស្រីត្រូវបង្ខំចិត្តផ្អាកការរកស៊ី ព្រោះមិនអាចបញ្ជាទិញទំនិញ និងដឹកជញ្ជូនទំនិញមកលក់នៅក្នុងស្រុកបាន ធ្វើឲ្យការរកស៊ីរបស់អ្នកស្រីមានការធ្លាក់ចុះ។
អ្នកស្រីបញ្ជាក់ថា៖ «ពេលបញ្ហាកូវីដកំពុងផ្ទុះខ្លាំងគេបានបិទផ្សារ និងគ្រប់កន្លែង ជាពិសេសបិទច្រកចេញចូលពីខ្មែរទៅថៃ ដែលបណ្ដាលឲ្យខ្ញុំមិនអាចទៅកម្មង់ឥវ៉ាន់ពីច្រកព្រំដែនថៃបានដូចពីមុនទេ» ។
ស្រដៀងគ្នានេះដែរ អ្នកប្រកបរបររត់ម៉ូតូឌុបនៅជាប់ច្រកទ្វារចូលបុរីសែនមនោរម្យ លោក ម៉ឹក សីហា បានឲ្យដឹងថា លោកប្រកបរបរនេះអស់រយៈពេលជិត១០ឆ្នាំមកហើយ នៅមុនមិនទាន់មានកូវីដ១៩ ចំណូលដែលលោកទទួលបានពីរបរនេះគឺអាចចំណាយប្រចាំថ្ងៃនៅក្នុងគ្រួសារបាន។ លោកថា បច្ចុប្បន្នលោកមិនសូវមានម៉ូយសម្រាប់ដឹក ឬមានគេផ្ញើទំនិញទៅមកតាមម៉ូតូឌុបទៀតនោះទេ។
លោកថា៖ «ខ្ញុំប្រកបរបរនេះជិត១០ឆ្នាំហើយ កាលមុនកូវីដមានម៉ូយច្រើន ហើយពេលខ្លះអត់ម៉ូយតែបានឥវ៉ាន់អនឡាញ ចំណូលគ្រាន់បើ តែមួយរយៈនេះ ដូចប្អូនឯងឃើញស្រាប់ អង្គុយតែលើម៉ូតូពេលខ្លះគ្មានបានអីមួយរៀល»៕