សេរីភាពបញ្ចេញមតិត្រូវបានទទួលស្គាល់ក្នុងប្រទេសកម្ពុជា និងមានចែងក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកទៅតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៤ ស្តីពីសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ចែងថា ប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិគ្រប់យ៉ាងទាំងការផ្សព្វផ្សាយព័ត៌មាន គំនិតយោបល់ និងការបោះពុម្ពផ្សាយជាដើម។ តែទោះជាយ៉ាងណារាល់ការបញ្ចេញមតិរបស់ពលរដ្ឋគ្រប់រូបត្រូវតែមិនប៉ះពាល់ដល់កិត្តិយស ឬកេរ្តិ៍ឈ្មោះបុគ្គលណាម្នាក់ មិនប៉ះពាល់ទៅដល់របបសាធារណៈទូទៅ ក៏ដូចជាសន្តិសុខជាតិ ដែលទាំងអស់នេះចាត់ទុកជាអំពើខុសច្បាប់។
ខាងក្រោមនេះគឺជាការផ្តល់បទសម្ភាសន៍ អំពីយល់ឃើញរបស់ព្រះសង្ឃ និងយុវជន ដល់ Newsroom Cambodia លើសិទ្ធិសេរីភាពនៃការបញ្ចេញមតិក្នុងប្រទេសកម្ពុជា។
ព្រះតេជគុណ ផាត ភន ព្រះជន្មាយុ ២៥ព្រះវស្សា ជានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាមានសង្ឃដីការថា សិទ្ធិបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាគឺវាអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងនៃការបញ្ចេញមតិរបស់មនុស្សម្នាក់ៗ។
ព្រះតេជគុណបញ្ជាក់ថា៖ «និយាយអ្វីផ្សេងៗក្រៅពីរឿងនយោបាយ សម្រាប់លោកបងគិតថាវាមិនអីទេ គឺអាចនិយាយបាន និយាយអ្វីនិយាយទៅ គឺអាចមានសិទ្ធិមួយរយភាគរយក្នុងការនិយាយ ប៉ុន្តែបើពាក់ព័ន្ធរឿងនយោបាយក្នុងអារម្មណ៍របស់លោកបង ឬតាមការសង្កេតរបស់លោកបងកន្លងមក ឲ្យតែផ្នែកណាមួយពាក់ព័ន្ធរឿងនយោបាយគឺតែងតែមានបញ្ហាជានិច្ច ចឹងសបញ្ជាក់ឲ្យឃើញថាការបញ្ចេញមតិរឿងនយោបាយគឺវាអត់ល្អសម្រាប់ប្រទេសកម្ពុជាយើង»។
កញ្ញា ឈឿន ណាំហៀង អាយុ២២ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុនឯកជនមួយ យល់ឃើញថា៖ «ចំពោះសិទ្ធិបញ្ចេញមតិក្នុងប្រទេសកម្ពុជាសម្រាប់ពេលបច្ចុប្បន្នគឺល្អ ព្រោះខ្ញុំបានឃើញមិត្តៗនិស្សិត ឬក៏អាចថាបងប្អូនប្រជាជនមួយចំនួនហ្នឹង ពួកគាត់ហ៊ាននិយាយ ឬចែករំលែកគំនិតរបស់ពួកគាត់មួយចំនួនដែរ ជាពិសេសអ្វីដែលយើងគួរកត់សម្គាល់នោះឃើញថានៅលើបណ្តាញសង្គមអីហ្នឹងដែលភាគច្រើនយើងឃើញមានការបញ្ចេញមតិរបស់ពួកគាត់ដែរ»។
កញ្ញាបន្ថែមថា ទោះបីជាយ៉ាងណាក៏វានៅតែមានដែនកំណត់ក្នុងលក្ខខណ្ឌខ្លះដែលវាអាស្រ័យទៅតាមកាលៈទេសៈ ទៅតាមសាច់រឿងដែលពួកគាត់ត្រូវបញ្ចេញមតិ។
កញ្ញា គង់ ស្រីរ័ត្ន អាយុ២២ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាយល់ឃើញថា សិទ្ធិបញ្ចេញមតិក្នុងប្រទេសកម្ពុជាមិនទាន់មានភាពទូលំទូលាយទេ ប្រសិនបើយើងបញ្ចេញមតិពីព័ត៌មានពិតហើយប៉ះពាល់ទៅលើបុគ្គលណាមួយ យើងអាចត្រូវបានគេគំរាមកំហែង។
និស្សិតរូបនេះបានបន្តថា៖ «ដោយសារខ្ញុំជាពលរដ្ឋមួយរូប ខ្ញុំមានសិទ្ធិបញ្ចេញមតិ ឬផ្សព្វផ្សាយព័ត៌មានដែរអីចឹង តែជាក់ស្តែងពេលយើងព្យាយាមប្រើសិទ្ធិបញ្ចេញមតិរបស់យើង វាមានសម្ពាធ ពិបាកក្នុងការផ្សព្វផ្សាយរឿងទាំងអស់ហ្នឹង ព្រោះបើយើងបញ្ចេញព័ត៌មានទៅពេលប៉ះពាល់បុគ្គលមានអំណាចឬអ្នកដែលមានឥទ្ធិពលវាតែងតែមានហានិភ័យដោយសារតែបញ្ហាហ្នឹង ពេលមានការបញ្ចេញព័ត៌មានដែលប្រើប្រាស់សិទ្ធិសេរីភាពរបស់ពួកគាត់គឺតែងតែមានការគំរាមកំហែងពីបុគ្គលទាំងនោះ ចឹងធ្វើឲ្យយើងមានភាពភ័យខ្លាចដែរ ទោះបីយើងយល់ដឹងពីសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋក៏ដោយ»។
លោក ផេងលី សុផា អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ មុខជំនាញទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាប្រាប់ Newsroom Cambodia ថា សិទ្ធិបញ្ចេញមតិក្នុងប្រទេសកម្ពុជាមានការបើកចំហសម្រាប់ប្រជាពលរដ្ឋ តែការបញ្ចេញមតិនោះត្រូវតែសមហេតុផល និងមិនប៉ះពាល់ដល់ បុគ្គលណាម្នាក់និងស្របតាមច្បាប់បានកំណត់។
លោកក៏បានបន្ថែមផងដែរថា៖ «សិទ្ធិបញ្ចេញមតិក្នុងប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលក្នុងប្រទេស ហើយក៏ត្រូវបានគោរពដោយអង្គភាពនិងស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងប្រទេសដែរ ចឹងហើយសិទ្ធិទាំងអស់នោះទៀតសោតក៏ត្រូវតែមានការកំណត់ដោយច្បាប់ដែលមិនមានការប៉ះពាល់ដល់អ្នកដទៃ ប៉ះពាល់កេរ្តិ៍ឈ្មោះអ្នកដទៃជាដើម ទាំងអស់ហ្នឹងយើងអាចមានសិទ្ធិបញ្ចេញមតិបានហើយ វាអត់ជាបញ្ហាទេ»។
លោក រ៉ឹម សុខវី សហស្ថានិក The Thinker Cambodia បានប្រាប់ Newsroom Cambodia ថា សិទ្ធិបញ្ចេញមតិនៅកម្ពុជាគឺល្អ តែនៅមានកម្រិត នៅមានបញ្ហាខ្លះដែរ។
លោកបញ្ជាក់ថា៖ «ប្រសិនបើយើងបញ្ចេញគំនិតទាក់ទងនឹងរឿងទូទៅ វាអត់មានបញ្ហាអីទេ តែបើយើងបញ្ចេញមតិយោបល់ទាក់ទងនឹងរឿងនយោបាយវាមានបញ្ហា នឹងជាបញ្ហាដែលខ្ញុំមើលឃើញរាល់ថ្ងៃ ជាពិសេសពេលមានការរិះគុណពីប្រជាពលរដ្ឋឬយុវជនទាក់ទងទៅនឹងការដឹកនាំប្រទេស ពេលខ្លះបើយើងបញ្ចេញមតិទៅមានការគាំទ្រច្រើន វាធ្វើឲ្យមានបញ្ហាដល់យើង ព្រោះខ្ញុំធ្លាប់ឃើញមានច្រើនករណីដែរហើយ ទាក់ទងនឹងរឿងការពារបរិស្ថានហ្នឹងក៏ចឹង ពេលខ្លះពលរដ្ឋមើលឃើញរឿងហ្នឹងថាវាអត់ល្អហើយពួកគាត់ទៅរិះគុណអីទៅ ចឹងវាធ្វើឲ្យមានបញ្ហា»។
សហស្ថានិករូបនេះក៏បានលើកករណីសកម្មជនព្រៃឈើចំពោះការបញ្ចេញមតិផងដែរថា៖ «ពេលដែលគាត់ការពារអីទៅ ហើយគាត់រិះគុណទៅលើសកម្មភាពរបស់មន្រ្តីអីចឹង ពេលគាត់និយាយចេញទៅគាត់ចង់កែតម្រូវអីចឹងហា៎ ក៏ប៉ុន្តែខាងនោះគេមើលមកគិតថាគាត់មាននិន្នាការនយោបាយក៏ទៅបង្ក្រាប់ ទៅចាប់ដាក់គុកចាប់អីចឹងហា៎»៕