អង្គការអ្នកកាសែតគ្មានព្រំដែន (Reporter Without Border) ដែលមានមូលដ្ឋាននៅសាធារណរដ្ឋបារាំង បានចាត់ចំណាត់ថ្នាក់សន្ទស្សន៍សិទ្ធិសេរីភាពសារព័ត៌មានកម្ពុជាក្នុងស្ថានភាពមួយដ៏ទាប ដែលកម្ពុជាឈរនៅលំដាប់លេខរៀងទី១៤៤ ក្នុងចំណោមប្រទេសចំនួន១៨០។ តួលេខនេះបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលអង្គការនេះបានចាត់ថ្នាក់តាំងពីឆ្នាំ២០២០ ដែលរហូតមកដល់ពេលនេះមិនទាន់មានតួលេខប្រែប្រួលនៅឡើយទេ។ ការចាត់ថ្នាក់បែបនេះ ធ្វើឡើងក្រោយមានការចាប់អ្នកសារព័ត៌មានមួយចំនួនដាក់ពន្ធធនាគារ ក៏ដូចជាការបិទស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួនផងដែរ ។
Newsroom Cambodia បានសម្ភាសន៍អ្នកសារព័ត៌មានចំនួន៨រូប ដែលកំពុងបំពេញតួនាទីរបស់ខ្លួនក្នុងវិស័យសារព័ត៌មាននៅប្រទេសកម្ពុជា អំពីការយល់ឃើញរបស់ពួកគាត់ចំពោះសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាការអំពាវនាវរបស់ពួកគាត់ពីសាធារណជន អ្នកកាសែតរួមអាជីពដូចគ្នា និងពីភាគីរដ្ឋាភិបាល ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជាឱ្យមានភាពប្រសើរឡើង ។
លោកស៊ុន ណារិន មានអាយុ៣៤ឆ្នាំ ជាអ្នកសារព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិក (VOA) លើកឡើងថា៖ «និយាយទៅយើងមានរបាយការណ៍នៅថ្នាក់តំបន់ គេបានវាយតម្លៃគឺ វាបានធ្លាក់ចុះ ធ្លាក់ចុះហ្នឹងវាធៀបក្រោយឆ្នាំ២០១៧ នៅពេលដែលមានការរំលាយគណបក្សសង្គ្រោះជាតិ មានការបិទសារព័ត៌មាន The Cambodia Daily មានការបិទការិយាល័យវិទ្យុអាស៊ីសេរី (RFA) បន្ទាប់មកមានការចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារហូរហែមកអ៊ីចឹង។ ស្ថានភាពហ្នឹង វាធ្វើឱ្យយើងអ្នកកាសែតមានអារម្មណ៍ភ័យខ្លាច ហើយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក៏ធ្លាក់ចុះ ហើយបុគ្គលិកខាងវិស័យហ្នឹងក៏ធ្លាក់ចុះដែរ វាមានការធ្លាក់ចុះ ហើយមិនទាន់មានភាពប្រសើរទេមកដល់ពេលនេះ» ។
លោកបន្តថា ខាងមន្ត្រីរដ្ឋាភិបាលភាគច្រើនមិនទាន់យល់ច្បាស់ពីតម្លៃនៃសេរីភាពសារព័ត៌មាននៅឡើយទេ ហើយជាពិសេសនៅរយៈពេលថ្មីៗចុងក្រោយនេះ មានសេចក្តីជូនដំណឹងពីខាងមន្ត្រីរដ្ឋាភិបាលខ្លះទាមទារឱ្យអ្នកកាសែតត្រូវជូនដំណឹងជាមុន មុនចុះយកព័ត៌មាន ដែលនាំឱ្យសេរីភាពសារព័ត៌មានកាន់តែធ្លាក់ចុះបន្ថែមទៀត ។
ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មានកម្ពុជា លោក ស៊ុន ណារិន សំណូមពរដូច្នេះថា៖ «ចង់ឱ្យភាគីរដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាលហ្នឹងផ្តល់តម្លៃ ហើយពាក្យថាផ្តល់តម្លៃហ្នឹងគឺចង់សំដៅឱ្យពួកគាត់ត្រូវយល់ថា សារព័ត៌មានហ្នឹងមានតម្លៃសម្រាប់ពួកគាត់ មិនមែនសារព័ត៌មានហ្នឹងធ្វើឱ្យខូចឈ្មោះរដ្ឋាភិបាលទេ ។ ពីមហាជនវិញ ជាធម្មតាទេពួកយើងធ្វើព័ត៌មានសម្រាប់មហាជន ឱ្យគាត់អាន គាត់ស្តាប់ទៅ ផ្តល់តម្លៃថាព័ត៌មានមានតម្លៃទៅ ដូច្នេះធ្វើឱ្យពួកគាត់ទម្លាប់អានព័ត៌មានទៅ ស្តាប់ព័ត៌មាន មើលព័ត៌មានជាប្រចាំវិញទៅ ដើម្បីឱ្យមានចំណេះដឹងក្នុងការគិតគូរពីជីវភាព ការប្រែប្រួលរបត់សង្គម ដូចជាឱ្យពួកគាត់មានការសម្រេចចិត្តចុងក្រោយ»។
ចំណែកលោក វណ្ណ សុគន្ធា អាយុ៣២ឆ្នាំ ជាអ្នកសារព័ត៌មានសុំមិនបង្ហាញឈ្មោះស្ថាប័ន បានលើកឡើងថា៖ «បើនិយាយពីសេរីភាពសារព័ត៌មាននៅកម្ពុជាយើងវិញ ខ្ញុំអាចនិយាយជារួមថា មានសេរីភាពច្រើនជាងប្រទេសដទៃទៀត ដោយសារនៅពេលបច្ចុប្បន្ននេះ ទាំងអង្គភាពសារព័ត៌មាន ទាំងអ្នកសារព័ត៌មាន អាចមានសិទ្ធិសេរីភាព ក្នុងការប្រកបធ្វើរបស់ខ្លួនហ្នឹងដោយសេរី មិនមានការគាបសង្កត់ណាមួយទេ បើទោះបីមានបញ្ហាខ្លះៗរវាងអ្នកកាសែតនិងមន្ត្រីមែន ប៉ុន្តែមិនដល់ថ្នាក់បិទសិទ្ធិសេរីភាពដូចប្រទេសមួយចំនួនទេ»។
លោក វណ្ណ សុគន្ធា បានអំពាវនាវដូច្នេះថា៖ «ផ្តើមពីមហាជន សូមមហាជនវាយតម្លៃទៅលើក្រុមសារព័ត៌មានមួយចំនួនបានហើយ កុំវាយតម្លៃទាំងអស់ បានន័យថា ត្រីមួយស្អុយ មិនមែនត្រីមួយកន្ត្រកស្អុយនោះទេ ដោយសារវាផ្តល់ភាពអយុត្តិធម៌ដល់សារព័ត៌មានដទៃទៀត។ ទីពីរមុននឹងគាត់ជឿលើព័ត៌មានណាមួយ សូមឱ្យគាត់ផ្ទៀងផ្ទាត់គ្នាសិន កុំជឿតែម្ខាងៗ ហើយមួយទៀតសូមឱ្យមហាជនកាត់បន្ថយការតាមដានព័ត៌មានឯកជនភាព រឿងផ្ទៃក្នុងគ្រួសារបុគ្គលណាមួយ ងាកមកចាប់អារម្មណ៍រឿងសង្គមជាតិវិញ» ។
លោកបន្តថា៖ «សម្រាប់អ្នកសារព័ត៌មានដូចគ្នា សូមអនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ធ្វើដូច្នេះដើម្បីផ្តល់តម្លៃលើខ្លួនឯងផង និងអ្នកសារព័ត៌មានដទៃផង ហើយជាពិសេសគោរពច្បាប់របស់រដ្ឋផង ហើយមួយទៀតសំខាន់សម្រាប់អ្នកសារព័ត៌មាន ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ អ្វីដែលខ្លួនរាយការណ៍ត្រូវហ៊ានទទួលខុសត្រូវ មានន័យថាអ្នកសារព័ត៌មានគ្រប់រូបមានទំនួលខុសត្រូវចំពោះមហាជនទាំងមូលតែម្តង» ។
លោក វណ្ណ សុគន្ធា បន្ថែមថា៖ «ទាក់ទងរដ្ឋាភិបាល អាជ្ញាធរ ជាការអំពាវនាវរបស់ខ្ញុំ ឃើញថាកន្លងមកពួកគាត់មានអនុវត្តជាមួយអ្នកសារព័ត៌មានបានល្អហើយ នេះសម្រាប់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែបន្ថែមលើហ្នឹង ក៏សូមឱ្យបន្តសហការជាមួយអ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីផ្តល់ព័ត៌មាន ចែកចាយដល់ប្រជាពលរដ្ឋ អ្នកនាំពាក្យ មន្ត្រី ក៏ដូចជាអ្នកសារព័ត៌មានសុទ្ធតែជាប្រភេទមនុស្សដែលជាអ្នកបម្រើមហាជនដូចគ្នា ។ ទន្ទឹមនេះ ក៏សូមឱ្យមានការយោគយល់អធ្យាស្រ័យទៅដល់អ្នកសារព័ត៌មានមួយចំនួន បើសិនជាមានការអនុវត្តខុសក្រមសីលធម៌វិជ្ជាជីវៈអី សូមផ្តល់ការអប់រំ ចៀសវាងប្រើវិធានការច្បាប់ដល់ពួកគាត់ភ្លាមៗពេក បើយើងអប់រំហើយ ធ្វើកិច្ចសន្យាហើយនៅតែដដែលទៀត ចាំអនុវត្តវិធានការច្បាប់»។
ចំណែកអ្នកនាង អេង គីមហុង មានអាយុ២៩ឆ្នាំ ជាអ្នកសារព័ត៌មានដែលសុំមិនប្រាប់ពីស្ថាប័នដែរនោះលើកឡើងថា៖ «នៅក្នុងអាជីពជាអ្នកសារព័ត៌មានជាង១០ឆ្នាំមកនេះ ជាការមើលឃើញក្នុងនាមបុគ្គល ដោយមិនមានការស្រាវជ្រាវអ្វីឡើយ ក្នុងនាមទស្សនៈបុគ្គល សម្រាប់ខ្ញុំនៅចំណុចមួយកណ្តាល (សេរីភាពសារព័ត៌មាន) វាមិនតឹងតែងពេកហើយ ហើយក៏វាមិនមានលក្ខណៈទូលំទូលាយពេកដែរ»។
ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មានកម្ពុជា អ្នកនាងបានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងរដ្ឋាភិបាល ដូច្នេះថា៖ «ពីមហាជន ខ្ញុំចង់ឱ្យមហាជនបែងចែកឱ្យដាច់រវាងអ្នកសារព័ត៌មានវិជ្ជាជីវៈ និងអ្នកមិនមានវិជ្ជាជីវៈ មហាជនឱ្យតម្លៃទៅព័ត៌មានមិនមានវិជ្ជាជីវៈ ដូចជាការ live ការនិយាយតាមបណ្តាញសង្គម Facebook ដោយអ្នកខ្លះនិយាយបញ្ចេញបញ្ចូលដោយខ្លួនអីអ៊ីចឹង»។
អ្នកនាងបន្ថែមថា៖ «ដោយឡែក ពីអ្នកសារព័ត៌មានដូចគ្នាវិញ ខ្ញុំគិតថាចំណុចហ្នឹងយើងពិបាកស្នើសុំព្រោះបុគ្គលនិងស្ថាប័នព័ត៌មានហ្នឹងមានការគិតរៀងៗខ្លួន នៅក្នុងន័យហ្នឹង ខ្ញុំចង់ភ្ជាប់ទៅកាន់អ្នកសារព័ត៌មានតាម Online មួយចំនួនដែលគាត់ចូលចិត្តអត្ថាធិប្បាយតាមផ្លូវអារម្មណ៍ខ្លួនគាត់ផ្ទាល់ហ្នឹង នៅពេលពួកគាត់ចេះតែកាត់ក្តីដោយខ្លួនគាត់ផ្ទាល់ហ្នឹង គាត់គួរតែយល់ដល់អ្នកសារព័ត៌មានដែលគេមានវិជ្ជាជីវៈ មានស្ថាប័នត្រឹមត្រូវផង ។ សម្រាប់ពីភាគីរដ្ឋាភិបាល ខ្ញុំតែងនិយាយដដែលៗ គឺចង់ឱ្យពួកគាត់យោគយល់ សហការ ជាមួយអ្នកសារព័ត៌មាន បើអត់ចង់ឱ្យអ្នកកាសែតផ្សាយទៅតែម្ខាង មន្ត្រីរដ្ឋាភិបាលមួយចំនួនធំ គួរតែសហការជាមួយអ្នកកាសែត ក៏មានដែរនូវមន្ត្រី ឬអ្នកនាំពាក្យដែលសហការ តែខ្ញុំចង់ឃើញរូបភាពដែលសហការនេះវាធំជាងការដែលមិនសហការ» ។
ចំណែកកញ្ញា ទុយ អេងលី មានអាយុ៣៨ឆ្នាំ ជាអ្នកសារព័ត៌មានសេរី (freelance) យល់ឃើញថា៖ «សម្រាប់សេរីភាពសារព័ត៌មាន ខ្ញុំមើលឃើញថាដូចជាអត់ទាន់មានភាពទូលំទូលាយនោះទេ យើងអាចមើលឃើញកាលពីជំនាន់កូវីដផ្ទុះដំបូងៗ កាលដែលសម្តេចនាយករដ្ឋមន្ត្រីធ្វើសន្និសីទកាសែតទាក់ទងវ៉ាក់សាំងនោះ ខាងរដ្ឋាភិបាលបើកឱ្យតែអ្នកកាសែតដែលលើកជើងខាងគាត់ ប៉ុន្តែបើយើងងាកមកអ្នកសារព័ត៌មានឯករាជ្យវិញ គឺខាងរដ្ឋាភិបាលមិនឱ្យចូលរួមក្នុងសន្និសីទកាសែតហ្នឹងនោះទេ»។
ពាក់ព័ន្ធនឹងការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជាវិញ កញ្ញា ទុយ អេងលី អំពាវដូច្នេះថា៖ «សូមរដ្ឋាភិបាល ខាងក្រសួងព័ត៌មាន សូមក្រឡេកមើលរឿងដែលអត់ប្រយោជន៍កើតមានក្នុងសង្គម ពេលខ្លះអ្នកកាសែត online គាត់ទៅ live អ៊ីចឹង គ្មានវិជ្ជាជីវៈក្រមសីលធម៌ យើងមិនមែនចង់ឱ្យបិទកាសែត online អស់ហ្នឹងដែរព្រោះជាឆ្នាំងបាយរបស់ពួកគាត់ដែរ ប៉ុន្តែបើក្រសួងអាចចាត់វិធានការ មានវិធីសាស្រ្តណាអាចបណ្តុះបណ្តាលអប់រំពួកគាត់ទៅ បើគាត់ធ្វើបានវាក៏ជាមុខមាត់របស់រដ្ឋាភិបាល របស់ប្រទេសយើងដែរ ។ ចំណែកពីប្រជាពលរដ្ឋវិញ ចង់ឱ្យពួកគាត់ចេះបែងចែកព័ត៌មានពិត ព័ត៌មានមិនពិត ហើយមួយទៀតប្រជាពលរដ្ឋ ពួកគាត់មិនហ៊ានផ្តល់បទសម្ភាសន៍នៅពេលដែលយើងចុះយកព័ត៌មាន ពួកគាត់មិនសូវចូលរួមជាមួយអ្នកសារព័ត៌មាននោះទេ ដូច្នេះចង់សំណូមពរឱ្យប្រជាពលរដ្ឋជួយសហការជាមួយអ្នកសារព័ត៌មានផង»។
ចំពោះលោក ស៊ឺន ចែងចើន វិញ មានអាយុ៣៧ឆ្នាំ ជាអ្នកសារព័ត៌មានខ្មែរ-កម្ពុជាក្រោម ពីកាសែតព្រៃនគរ និងសំឡេងកម្ពុជាក្រោម លើកឡើងថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ថាលំហសេរីភាពនៅកម្ពុជានៅចង្អៀត វាមិនបានទូលំទូលាយនៅឡើយទេ មួយថ្ងៃៗ កាន់តែរួមតូចទៅៗ មួយរយៈចុងក្រោយនេះ ពេលកម្ពុជារីករាលដាលនូវជំងឺកូវីដ១៩ សេរីភាពសារព័ត៌មានកាន់តែធ្លាក់ចុះ ដោយរដ្ឋាភិបាលយកលេសនេះ (ការរីករាលដាលកូវីដ១៩) ទៅបង្កើតជាច្បាប់ផ្សេងៗ ក្នុងន័យបំបិទសេរីភាពសារព័ត៌មាន»។
ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន លោកបានអំពាវដូច្នេះថា៖ «សម្រាប់អ្នកសារព័ត៌មាន យើងគួរគោរពទៅតាមវិជ្ជាជីវៈរបស់ខ្លួន យើងត្រូវមានប្រភពច្បាស់លាស់ សរុបឡើងវិញ ធ្វើម៉េចគោរពតាមវិជ្ជាជីវៈរបស់ខ្លួនដែលបានចែងក្នុងក្រមសីលធម៌អ្នកកាសែត ។ ពីរដ្ឋាភិបាល ខ្ញុំអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា សូមបញ្ឈប់ការយាយីលើអ្នកកាសែត បញ្ឈប់ការចោទប្រកាន់ ការចាប់អ្នកកាសែតដាក់ពន្ធធនាគារ ជាពិសេសអាជ្ញាធរមូលដ្ឋាន សូមធានាដល់សន្តិសុខដល់អ្នកសារព័ត៌មាន កុំមានការយាយីផ្សេងៗ មកលើអ្នកកាសែតពេលចុះធ្វើសេចក្តីរាយការណ៍» ។
លោកបានបន្តអំពាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមទម្លាក់បទចោទប្រកាន់នានាលើអ្នកកាសែត ហើយបើកលំហសេរីភាពសារព័ត៌មាននៅក្នុងប្រទេស ដើម្បីជួយឱ្យកម្ពុជាទទួលបានសេរីភាពសារព័ត៌មានមួយពិតប្រាកដ ហើយក៏អាចជាមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិផងដែរ ។
រីឯលោក សេង ថៃ មានអាយុ៣៩ឆ្នាំ ជាអ្នកសារព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យ (VOD) លើកឡើងថា៖ «ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានមួយរូប ដែលខ្ញុំបម្រើការងារហ្នឹងជាង១០ឆ្នាំមកហើយ ខ្ញុំសង្កេតឃើញថា សេរីភាពសារព័ត៌មានបច្ចុប្បន្ននេះចាប់តាំងពីឆ្នាំ២០១៧ មក មិនទាន់មានភាពសេរីដូចកាលមុនឆ្នាំ២០១៧ នោះទេ ដោយសារសេរីភាពក្នុងការចុះយកព័ត៌មានត្រូវបានរឹតត្បឹត ការផ្តល់ព័ត៌មានពីមន្ត្រីរដ្ឋាភិបាលក៏មិនទាន់ទូលំទូលាយ ទោះបីស្ថាប័នខ្លះបង្កើតឱ្យមានអ្នកនាំពាក្យក៏ដោយ តែអ្នកទាំងនោះមិនទាន់សហការ ផ្តល់ព័ត៌មានត្រឹមត្រូវ ពេញលេញ ដល់អ្នកសារព័ត៌មាននៅឡើយទេ»។
លោកបន្តថា មួយរយៈចុងក្រោយនេះ ដោយមានសេចក្តីជូនដំណឹងពីក្រសួងព័ត៌មាន និងស្ថាប័នផ្សេងៗ ដែលមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចុះយកព័ត៌មាននៅកន្លែងស្ថិតក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ច ដែលនាំឱ្យការអនុវត្តសេរីភាពសារព័ត៌មានមិនបានពេញលេញ និងពេលខ្លះ អាជ្ញាធរ ឬសមត្ថកិច្ចបានរារាំងការចុះយកព័ត៌មានរបស់អ្នកកាសែត ដោយមានការដកហូតឧបករណ៍កាសែតជាដើម ។
ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មានកម្ពុជា លោក សេង ថៃ អំពាវនាវដូច្នេះថា៖ «សម្រាប់ប្រជាពលរដ្ឋ សូមគាត់កុំខ្លាចក្នុងការផ្តល់ព័ត៌មាន ឬការផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត សូមពួកគាត់កុំមានការភ័យខ្លាច ព្រោះអ្នកកាសែតជាអ្នកនាំសារប្រជាពលរដ្ឋទៅកាន់មន្ត្រីរដ្ឋាភិបាលទៅវិញទេ ។ សម្រាប់ពីអ្នកកាសែត មិនមានអ្វីច្រើនទេ អ្នកកាសែតគួរតែប្រកាន់នូវវិជ្ជាជីវៈក្រមសីលធម៌របស់ខ្លួននៅក្នុងការចុះយកព័ត៌មាន សរសេរព័ត៌មាន ធ្វើគោរពតាមវិជ្ជាជីវៈ»។
លោកបន្ថែមថា៖ «ចំណែកពីរដ្ឋាភិបាល សុំឱ្យរដ្ឋាភិបាលបើកទូលាយ ធ្វើសហប្រតិបត្តិការជាមួយអ្នកកាសែតឱ្យបានពេញលេញ កុំឱ្យមានការរឹតត្បឹត ឬរារាំងដល់អ្នកកាសែត សូមផ្តល់នូវកិច្ចសហការ ក្នុងបទសម្ភាសន៍ ឬការសុំឆ្លើយតបណាមួយ ព្រោះអ្នកកាសែត គាត់ត្រូវការប្រភពតុល្យភាព ហើយសុំឱ្យមន្ត្រីរដ្ឋាភិបាលកុំប្រើពាក្យអសុរោះ កុំមើលងាយអ្នកកាសែត ព្រោះអ្នកកាសែតយកព័ត៌មានមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺដើម្បីបម្រើប្រយោជន៍មហាជនទេ» ។
លោក លិវ លីម៉ឹង វិញ មានអាយុ២១ឆ្នាំ ជាអ្នកសារព័ត៌មានដែលស្នើសុំមិនបញ្ចេញឈ្មោះស្ថាប័នដែរនោះ បានលើកឡើងថា៖ «សម្រាប់ខ្ញុំដែលជាអ្នកសារព័ត៌មានថ្មីថ្មោងមួយរូប ខ្ញុំមើលឃើញថាវិស័យសារព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជាយើងបច្ចុប្បន្ននេះ មិនទាន់មានភាពពេញលេញក្នុងការនិយាយស្តី ឬក៏ផ្សព្វផ្សាយនៅឡើយទេ ប៉ុន្តែបើប្រៀបធៀបជាមួយពីមុន យើងមើលឃើញថា មានការបើកចំហរច្រើនពីសំណាក់អាជ្ញាធរ ពីសំណាក់ភាគីពាក់ព័ន្ធផ្សេងៗ ជាក់ស្តែងមន្ត្រី ឬអ្នកនាំពាក្យមួយចំនួន គាត់រាងរើសអើងស្ថាប័នដោយសារពួកគាត់ដូចជាមិនសូវសហការដោយរុញទៅនេះទៅនោះ បើមិនមែនជាស្ថាប័នដែលស្របនឹងគោលជំហររបស់គាត់» ។
ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មានកម្ពុជា លោក លិវ លីម៉ឹង អំពាវនាវដូច្នេះថា៖ «ពីអ្នកសារព័ត៌មាន ខ្ញុំមើលឃើញថា ឥឡូវយើងមានពលរដ្ឋអ្នកសារព័ត៌មានច្រើនព្រោះយើងស្ថិតនៅក្នុងប្រព័ន្ធឌីជីថល ឱ្យតែមាន smartphone អាចធ្វើអ្នកសារព័ត៌មានបានហើយ តែបើមានវិជ្ជាជីវៈឬអត់គឺមិនដឹងទេ? ពេលខ្លះពួកគាត់ទៅយកព័ត៌មានដែលជារឿងផ្ទៃក្នុងរបស់គេ គាត់យកសិទ្ធិអ្នកសារព័ត៌មានហ្នឹងលើសព្រំដែន ដែលបង្កឱ្យកិត្តិស័ព្ទដល់អ្នកសារព័ត៌មានគេពិតប្រាកដហ្នឹង ធ្លាក់ទៅតាមហ្នឹង ។ ពីរដ្ឋាភិបាល សូមឱ្យជួយសម្រួលដល់អ្នកកាសែតដែលពួកគាត់ចុះទៅមូលដ្ឋានហ្នឹង សូមឱ្យសហការជាមួយពួកគាត់ ដោយមិនត្រូវរើសអើងស្ថាប័ននោះទេ» ។
ចំណែកលោក ភិន រតនា មានអាយុ២១ឆ្នាំ ជាអ្នកកាសែត freelance បានលើកឡើងថា៖ «សម្រាប់ខ្ញុំដែលទើបប្រឡូកក្នុងវិស័យសារព័ត៌មានម្នាក់ ខ្ញុំយល់ថា សេរីភាពសារព័ត៌មាននៅពេលនេះ មានការរីកចម្រើនជាងមុន ក៏ប៉ុន្តែក៏ត្រូវការអភិវឌ្ឍ កែលម្អបន្ថែមទៀត ជាពិសេសការផ្តល់ឱ្យអ្នកកាសែតនូវភាពទូលំទូលាយជាងមុនក្នុងការបំពេញការងាររបស់ពួកគាត់ ។កន្លងមក សម្រាប់អ្នកសារព័ត៌មានមួយចំនួនដែលគាត់រាយការណ៍ពីបញ្ហាចម្រូងចម្រាស់ក្នុងសង្គម គាត់តែងតែជួបប្រទះនូវបញ្ហាភ័យខ្លាច ដែលនាំមានការចោទប្រកាន់លើពួកគាត់ ជាពិសេសសម្រាប់អ្នកធ្វើរឿងដូចជាពីបញ្ហាដីធ្លី បញ្ហានយោបាយជាដើមហ្នឹង អ្នកកាសែតមួយចំនួនត្រូវបានគេគំរាមកំហែង អ្នកខ្លះវិញ ត្រូវបានអាជ្ញាធរដកឧបករណ៍ព័ត៌មាន ដែលសកម្មភាពនេះសម្តែងនូវការរឹតត្បឹតសេរីភាពដល់អ្នកកាសែត ដែលធ្វើឱ្យការផលិតព័ត៌មានមិនគ្រប់ជ្រុងជ្រោយ» ។
ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន លោកបានអំពាវនាវដូច្នេះថា៖ «ពីមហាជន ខ្ញុំចង់ឱ្យពួកគាត់ដឹងថាតួនាទីអ្នកសារព័ត៌មានគឺសំខាន់ណាស់សម្រាប់នាំព័ត៌មានដល់ការសម្រេចចិត្តរបស់ពួកគាត់ក្នុងជីវភាពប្រចាំថ្ងៃ ប្រជាពលរដ្ឋគួរចូលរួមសហការ គាំទ្រដល់ការងាររបស់អ្នកកាសែត ។ ពីរដ្ឋាភិបាលវិញ គួរតែមានការបន្ធូរបន្ថយនូវការរឹតត្បឹត ក៏ដូចជាមានការផ្តល់ឱកាសដល់អ្នកកាសែតរាយការណ៍ព័ត៌មានកាន់តែសេរីជាងមុន»៕