កញ្ញា ឈឿន ដារ៉ាវី គឺជាសកម្មជនសង្គមដែលត្រូវបានតុលាការដាក់ឲ្យទោសឲ្យជាប់ពន្ធនាគារ និងទើបត្រូវបានដោះលែងវិញកាលពីខែវិច្ឆិកា កន្លងទៅ។ កញ្ញា និងក្រុមយុវជនខ្មែរថាវរៈ ៥នាក់ទៀត ត្រូវបានចោទពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ពួកគេត្រូវអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពេលពួកគេតវ៉ាទាមទារឱ្យតុលាការដោះលែងតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ និងតំណាងក្រុមយុវជនខ្មែរថាវរៈផ្សេងទៀត។
អ្នកនាង កែវ ដាលីន សិក្ខាកាមរបស់ Newsroom Cambodia បានសម្ភាសន៍កញ្ញា ឈឿន ដារ៉ាវី អំពីស្ថានភាពការរស់នៅរបស់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរ និងមណ្ឌលអប់រំកែប្រែប៉េហ្ស៊ី។
ដាលីនៈ ជម្រាបសួរកញ្ញា ឈឿន ដារ៉ាវី!
ដារ៉ាវីៈ ចាសជម្រាបសួរបង!
ដាលីនៈ តើកញ្ញាជាប់ឃុំនៅក្នុងពន្ធនាគារអស់រយ:ពេលប៉ុន្មាន?
ដារ៉ាវីៈ ខ្ញុំជាប់ឃុំអស់រយ:ពេល១៥ខែ ហើយសូមបញ្ជាក់ការកាត់ទោសហ្នឹងគឺ២០ខែ ហើយអនុវត្តទោសហ្នឹងគឺ១៥ខែ អ៊ីចឹងព្យួរ៥ខែ ស្ថិតក្រោមការតាមដានរយ:ពេល២ឆ្នាំ។
ដាលីនៈ តើកញ្ញាអាចរៀបរាប់ពីស្ថានភាពក្នុងពន្ធនាគារ អំឡុងពេលដែលអ្នកនាងនៅទីនោះ ថាមានសភាពយ៉ាងណាខ្លះដែរ?
ដារ៉ាវីៈ ទាក់ទងនឹងស្ថានភាពអំឡុងពេលដែលខ្ញុំរស់នៅក្នុងពន្ធនាគារហ្នឹង អាចនិយាយបានថាជារឿងដែលខ្ញុំភ្ញាក់ផ្អើល ដែលឃើញអ្នកទោសគាត់នាំគ្នាជក់បារី កន្លែងដេកក៏ចង្អៀតរើខ្លួនមិនរួច អត់មានកង្ហារ ងងឹតផង ហើយមូសវាសម្រុកខាំផង ធ្វើឲ្យខ្ញុំស្ទើស្លាប់ស្ទើរស់ ដោយសារយើងមិនធ្លាប់មានប្រវត្តិបែបនេះ។
ទាក់ទងនឹងលុយកាក់ នៅព្រៃសរ ប្រសិនបើខាងគ្រួសារគាត់ផ្ញើមក (៤០០,០០០) សែសិបម៉ឺន អ៊ីចឹងគាត់មិនអាចយកទាំងអស់បានទេ គឺគេត្រូវដកហូតទុក ហើយនៅពេលដែលអ្នកទោសគាត់ត្រូវការលុយ អ្នកជាប់ឃុំគាត់ត្រូវទៅសុំមន្រ្តីដែលទទួលបន្ទុក ហើយចំនួនលុយដែលបើកបានអស់ធំហើយត្រឹម២ម៉ឺន ហើយពេលខ្លះត្រូវគេជេមុខជេក្រោយ ដូចទៅសុំទានគេចឹង។
ចំណែករបបអាហាវិញ នៅព្រៃសរហាក់គ្រាន់បើជាងប៉េហ្ស៊ី ដែលភាគច្រើនមានតែកមាន់ និងក្បាលមាន់តែប៉ុណ្ណោះ អីចឹងហើយយើងត្រូវទិញអីផ្សេងផ្សំថែមដើម្បីបានហូប ហើយតម្លៃនៅព្រៃសរវាគុណនឹង២ ធៀបនឹងទីផ្សារ ចំណែកនៅប៉េហ្ស៊ីវាគុណនឹង៣ធៀបនឹងទីផ្សារ។
ដាលីនៈ តើមានភាពខុសគ្នាយ៉ាងណាខ្លះរវាងអ្នកជាប់ឃុំជាបុរស ជាស្ត្រី និងជាអ្នកមាន ឬជាអ្នកក្រ ដែលលកញ្ញាមើលឃើញក្នុងរយៈពេលដែលអ្នកនាងនៅទីនោះ?
ដារ៉ាវីៈ រឿងភាពខុសគ្នាវាដោយផ្នែក ខាងសេរីភាពមិនខុសគ្នាទេ គេបើកឲ្យចេញ២ដងដូចគ្នា ខុសតែរឿងរបបអាហារទេ ខាងស្រីរាងគ្រាន់ជាងខាងប្រុសៗបន្តិច។ នៅពេលខ្ញុំសួរគេទៅ គេថា ខាងប្រុសកាលណាឲ្យហូបឆ្អែតពេកខ្លាចគាត់តដៃ ឬពួកគាត់ហែកគុក អីចឹងហើយបានមានអ្នកខ្លះហ្នឹងគាត់ខ្វះជីវជាតិ ហើយអាហារគឺបាន២ពេលក្នុងការបរិភោគ មាននៅចន្លោះម៉ោង១០កន្លះ និងម៉ោង៣។
ក្នុងរបបហ្នឹងបើគិតជាលុយក្នុងមួយពេលប្រហែលជា៣,៥០០រៀល អីចឹងបើថាឆ្ងាញ់គឺវាមិនអាច ហើយវាគ្មានអនាម័យទៀត។ ខាងប្រុសអ្នកដែលគ្មានសាច់ញាតិ គ្មានគ្រួសារ ហើយញ៉ាំមិនគ្រប់គ្រាន់ ភាគច្រើនគឺស្វិតដៃស្វិតជើង ដើរមិនរួច ហើយក៏ស្លាប់ញឹកញាប់ដែរដោយសារការរស់នៅចង្អៀតណែន ការហូបចុកមិនគ្រប់គ្រាន់។
អ្នកទោសនៅក្នុងពន្ធនាគារពេលខ្លះត្រូវបានជាប់ឃុំឃាំងលើសចំនួនដែលត្រូវជាប់ឃុំកំណត់ដោយតុលាការ បើសិនជាអត់ទៅឆែក អត់ដឹងថាលើស ឬមិនលើស មានអ្នកខ្លះលើសដល់ទៅ៣ខែ វាជាចន្លោះប្រហោងរបស់អ្នកធ្វើការខាងរដ្ឋបាលហ្នឹង គឺគេអត់ខ្វល់ ទាល់តែមានលុយ ហើយករណីដដែល ហ្នឹងគឺមានច្រើន អាហ្នឹងជាទង្វើខុសច្បាប់។ ករណីនេះគឺមានច្រើន ទាល់តែមានលុយឲ្យគេរត់ការទើបការដោះលែងត្រូវថ្ងៃចំថ្ងៃ គេថាម៉ូតូគេចាក់សាំង មិនមែនចាក់ទឹកទេ ពេលជិះទៅយកដីកាពីតុលាការម្ដងៗ។
មន្ត្រីពន្ធនាគារដឹងច្បាស់ណាស់ថា អ្នកជាប់ឃុំណាមានលុយ និងអត់លុយ។ អ្នកមានលុយទារតាមអ្នកមានលុយគឺ១០០ដុល្លារ អ្នកអត់លុយទារតាមអ្នកអត់លុយ ម៉េចក៏១០ទៅ២០ម៉ឺនអីចឹងទៅ។ ក្រៅពីនេះនៅមានរបស់របរថ្លៃលើសទីផ្សារទៀត សូម្បីតែចង្ក្រានដាំស្លរហ្នឹងក៏យកលុយពីគ្នាមួយខែ៨ម៉ឺន ហើយមិនឲ្យដាំទឹកបានផង អាហ្នឹងនៅមណ្ឌលប៉េហ្ស៊ី និយាយទៅអាករហុតឈាមគ្នាតែម្តង។
ថ្លៃភ្លើងក៏ដូចគ្នា កង្ហារហាតារីដែលដាក់នៅជាប់ជញ្ជាំងត្រូវបង់ភ្លើងមួយខែ៣០ដុល្លារ ហ្គាសប្រើសម្រាប់ដាំទឹកហ្នឹងក៏ថ្លៃ។ ដូចនេះយើងត្រូវចាយលុយខ្លាំងប្រសិនបើយើងប្រើ ឬចង់ប្រើលើសរបស់ដែលគេផ្ដល់ឲ្យ។ ចំណែករឿងទឹក មានការហាមមិនឲ្យដាំផឹកទេ គឺត្រូវទិញអង្គភាព មួយបំពង់គឺ២,០០០រៀលមួយខែ៦០,០០០រៀលបាត់ ហ្នឹងបើចង់បានផឹកទឹកស្អាត នេះជាភាពខុសគ្នាដែលខ្ញុំបានមើលឃើញ។
ដាលីនៈ កន្លងមកមានការមានការលើកឡើងថា មានការជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារ សម្រាប់កញ្ញាតើវាជាការពិតដែរ ឬទេ?
ដារ៉ាវីៈ រឿងគ្រឿងញៀនខ្ញុំក៏បានដឹងឮដែរ។ កាលពីមុនមានការលួចលាក់ដែរ តែតាមខ្ញុំមើលដូចជាមិនជាប់ទាក់ទងនឹងមន្ត្រីទេ តែវាជាការធ្វេសប្រហែសរបស់មន្ត្រីខ្លះ ដោយសារតែអ្នកទោសជួញដូរគ្រឿងញៀនអីហ្នឹងគឺគាត់រកតែគ្រឿងញៀនទេ។ ឱ កាសដែលគាត់ចេញទៅឧទ្ធរណ៍ក៏ដោយ ចេញទៅពិនិត្យសុខភាពក៏ដោយ គឺមកវិញគាត់អាចដាក់តាមខ្លួនបាន មានគ្រប់វិធីសាស្រ្តដែលគាត់ធ្លាប់ធ្វើ បើមន្ត្រីគាត់ប្រហែសឆែកអត់អស់ គឺដឹងតែបានគ្រឿងញៀនចូលចរាចរណ៍ក្នុងគុកហើយ។
ដាលីនៈ តើមន្ត្រីពន្ធនាគារអនុវត្តបានត្រឹមត្រូវ តាមច្បាប់ដែរ ឬទេទាក់ទងនឹងសិទ្ធិរបស់អ្នកជាប់ឃុំ?
ដារ៉ាវីៈ ទាក់ទងនឹងបញ្ហានេះឃើញថាគាត់ (មន្រ្តីពន្ធនាគារ) បំពានច្រើនណាស់ ជាពិសេសនៅពេលដែលគាត់ខឹង ឬមិនសប្បាយចិត្ត គាត់ចាក់សោរមិនឲ្យអ្នកទោសចេញយកខ្យល់អាកាស ឬអាចហាត់ប្រាណបន្តិចបន្តួចបានទេ។ ពីព្រោះម៉ោង៨ព្រឹកគឺត្រូវតែបើកទ្វារឲ្យអ្នកទោសចេញ តែអ្នកទោសខ្លះគាត់ចាំងួតទឹកទើបមានការយឺតយ៉ាវ តែការយឺតយ៉ាវហ្នឹងអាចមកពីមន្រ្តីពន្ធនាគារដែលក្របើកទឹក ឬទឹកមិនសូវចេញ ហើយទាំងអស់ហ្នឹងជាមូលហេតុដែលធ្វើឲ្យក្រុមមន្ត្រីខឹងមិនសប្បាយចិត្ត និងគិតថាអ្នកជាប់ឃុំមិនស្ដាប់បញ្ជា ហើយធ្វើការចាក់សោរអត់ឲ្យចេញ។ ក្នុងមួយថ្ងៃហ្នឹងគឺមិនឲ្យចេញតែម្ដង សូម្បីតែហាលខោអាវក៏មិនបានទៀត។
ដាលីនៈ ជាចុងក្រោយតើកញ្ញាមានអ្វីបន្ថែមទៀតដែរ ឬទេ?
ដារ៉ាវីៈ ខ្ញុំចង់ស្នើខាងពន្ធនាគារទាក់ទងនឹងអ្នកជាប់ឃុំជាស្ត្រី ពីព្រោះមានអ្នកទោសខ្លះគ្រួសារមិនទាំងដឹងផងថាពួកគាត់ជាប់ឃុំដោយសារអី យើងមិនអាចពឹងមន្ត្រីឲ្យជួយបានទេ។ មន្រ្តីចង់ឲ្យគេជួយទាល់តែមានលុយឲ្យគេ មានអ្នកខ្លះឲ្យលុយគេហើយគេមិនជួយទៅទៀត អាហ្នឹងដែលខ្ញុំចង់លើកឡើងឲ្យអង្គការសិទ្ធិមនុស្សបានដឹង ពីព្រោះមន្ត្រីគួរតែមានផ្នែកមួយដើម្បីគិតគូរពីបញ្ហានេះ។
ដាលីនៈ ចាស៎ សូមអរគុណ ដារ៉ាវី!
ដារ៉ាវីៈ ចាស៎ អរគុណ!