កញ្ញា ឈឿន ដារ៉ាវី គឺជាសកម្មជន​សង្គម​ដែល​ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ និង​ទើប​ត្រូវ​បាន​ដោះ​លែងវិញ​កាល​ពីខែ​វិច្ឆិកា កន្លង​ទៅ។ កញ្ញា និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ៥នាក់ទៀត ត្រូវ​បាន​​​ចោទ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ពួក​គេ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ក្រោយ​ពេល​ពួក​គេតវ៉ា​​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែងតំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោក រ៉ុង ឈុន ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ និង​តំណាង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ផ្សេង​ទៀត។

អ្នកនាង​ កែវ ដាលីន ​សិក្ខាកាមរបស់ Newsroom Cambodia បានសម្ភាសន៍​កញ្ញា ឈឿន ដារ៉ាវី អំពី​ស្ថានភាព​ការរស់នៅរបស់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរ និង​មណ្ឌលអ​ប់​រំ​កែប្រែ​ប៉េហ្ស៊ី។

ដាលីនៈ ជម្រាបសួរកញ្ញា​ ឈឿន ដារ៉ាវី!

ដារ៉ាវីៈ ចាសជម្រាបសួរបង!

ដាលីនៈ តើកញ្ញា​ជាប់ឃុំនៅក្នុងពន្ធនាគារអស់រយ:ពេលប៉ុន្មាន?

ដារ៉ាវីៈ ខ្ញុំជាប់ឃុំអស់រយ:ពេល១៥ខែ ហើយសូមបញ្ជាក់ការកាត់ទោសហ្នឹងគឺ២០ខែ ហើយ​អនុវត្ត​ទោស​ហ្នឹងគឺ១៥ខែ អ៊ី​ចឹងព្យួរ៥ខែ ស្ថិតក្រោមការតាមដានរយ:ពេល​២ឆ្នាំ។

ដាលីនៈ តើកញ្ញា​អាចរៀបរាប់ពីស្ថានភាព​ក្នុងពន្ធនាគារ​ អំឡុងពេល​ដែល​អ្នក​នាង​នៅ​ទីនោះ ថា​មាន​សភាពយ៉ាងណាខ្លះដែរ​?

ដារ៉ាវីៈ ទាក់ទងនឹងស្ថានភាព​អំឡុងពេលដែលខ្ញុំរស់នៅក្នុងពន្ធនាគារហ្នឹង អាចនិយាយ​បាន​ថា​ជា​រឿងដែលខ្ញុំភ្ញាក់ផ្អើល ដែលឃើញអ្នកទោសគាត់នាំគ្នាជក់បារី កន្លែង​ដេក​ក៏​ចង្អៀត​រើ​ខ្លួន​មិន​រួច អត់​មានកង្ហារ ងងឹត​ផង ហើយ​មូស​វា​សម្រុក​ខាំ​ផង ធ្វើ​ឲ្យខ្ញុំ​ស្ទើស្លា​ប់​ស្ទើ​រស់ ដោយសារ​យើង​មិន​ធ្លាប់​មានប្រវត្តិបែបនេះ។

ទាក់ទងនឹងលុយកាក់ នៅព្រៃសរ ប្រសិន​បើ​ខាង​គ្រួសារ​គាត់​ផ្ញើម​ក (៤០០,០០០) សែសិបម៉ឺន​ អ៊ីចឹង​គាត់​មិន​អាច​យក​ទាំងអស់​បាន​ទេ គឺ​គេត្រូវ​ដក​ហូត​ទុក ហើយ​នៅពេ​ល​ដែល​អ្នកទោស​គាត់​ត្រូវ​ការលុយ អ្នកជាប់ឃុំ​គាត់​ត្រូវ​ទៅ​សុំ​មន្រ្តីដែល​ទទួល​បន្ទុក ហើយ​ចំនួន​លុយដែ​ល​បើក​បាន​អស់​ធំហើយត្រឹម២ម៉ឺន ហើយពេល​ខ្លះត្រូវ​គេ​ជេមុខ​ជេ​ក្រោយ ដូចទៅ​សុំទានគេចឹង។

ចំណែករបបអាហាវិញ នៅព្រៃសរហាក់គ្រាន់បើជាងប៉េហ្ស៊ី ដែល​ភាគច្រើន​មាន​តែ​កមា​ន់​ និង​ក្បាល​មាន់​តែ​ប៉ុណ្ណោះ អីចឹង​ហើយយើងត្រូវទិញអីផ្សេងផ្សំថែមដើម្បីបានហូប ហើយ​តម្លៃ​នៅ​ព្រៃសរ​វា​គុណ​នឹង​២ ធៀបនឹ​ងទីផ្សារ ចំណែកនៅប៉េហ្ស៊ីវាគុណនឹង៣ធៀបនឹងទីផ្សារ។

ដាលីនៈ តើមានភាពខុសគ្នាយ៉ាងណាខ្លះរវាងអ្នកជាប់ឃុំជាបុរស ជាស្ត្រី និង​ជាអ្នកមាន ឬ​ជាអ្ន​កក្រ ដែលលកញ្ញា​មើលឃើញក្នុងរយៈពេលដែលអ្នកនាង​នៅទីនោះ?

ដារ៉ាវីៈ រឿងភាពខុសគ្នាវាដោយផ្នែក ខាងសេរីភាពមិនខុសគ្នាទេ គេបើកឲ្យចេញ២ដងដូចគ្នា ខុស​តែ​រឿងរបបអាហារទេ ខាងស្រីរាងគ្រាន់ជាងខាងប្រុសៗ​បន្តិច​។​ នៅពេលខ្ញុំសួរគេទៅ គេថា ខាងប្រុសកាលណាឲ្យហូបឆ្អែតពេកខ្លាចគាត់តដៃ ឬពួកគាត់ហែកគុក អីចឹង​ហើយបាន​មាន​អ្នកខ្លះហ្នឹងគាត់ខ្វះជីវជាតិ ហើយអាហារគឺបាន២ពេលក្នុងការបរិភោគ មាននៅ​ចន្លោះ​ម៉ោង​១០កន្លះ និងម៉ោង៣។

ក្នុងរបបហ្នឹងបើគិតជាលុយក្នុងមួយពេល​ប្រហែលជា៣,៥០០រៀល អីចឹង​បើថា​ឆ្ងាញ់​គឺ​វាមិ​ន​អាច ហើយវាគ្មានអនាម័យទៀត។ ខាងប្រុសអ្នកដែលគ្មានសាច់ញាតិ គ្មានគ្រួសារ ហើយ​ញ៉ាំ​មិន​គ្រប់គ្រាន់​ ភាគច្រើន​គឺ​ស្វិត​ដៃ​ស្វិត​ជើង ដើរ​មិន​រួច ហើយ​ក៏​ស្លាប់ញឹកញាប់ដែរ​ដោយសារ​ការរស់នៅ​ចង្អៀត​ណែន ការហូបចុកមិនគ្រប់គ្រាន់។

អ្នកទោសនៅក្នុងពន្ធនាគារពេលខ្លះត្រូវបានជាប់ឃុំឃាំងលើសចំនួនដែលត្រូវជាប់ឃុំកំណត់ដោយ​តុលាការ បើសិនជាអត់ទៅឆែក អត់ដឹងថាលើស ឬមិនលើស មាន​អ្នកខ្លះ​លើស​ដល់​ទៅ​៣ខែ​ វាជាចន្លោះប្រហោងរបស់អ្នកធ្វើការខាងរដ្ឋបាលហ្នឹង គឺគេអត់ខ្វល់ ទាល់​តែ​មាន​លុយ ហើយ​ករណីដដែល ហ្នឹងគឺមានច្រើន អាហ្នឹងជាទង្វើខុសច្បាប់។ ករណីនេះគឺមានច្រើន ទាល់តែមានលុយឲ្យគេរត់ការទើបការដោះលែងត្រូវថ្ងៃចំថ្ងៃ គេថា​ម៉ូតូ​គេចា​ក់សាំង មិនមែន​ចាក់​ទឹក​ទេ​ ពេលជិះទៅយកដីកា​ពីតុ​លាការម្ដងៗ។

មន្ត្រីពន្ធនាគារដឹងច្បាស់ណាស់ថា អ្នកជាប់ឃុំណាមានលុយ និងអត់លុយ។ អ្នកមាន​លុយ​ទារ​តាម​អ្នកមានលុយគឺ១០០ដុល្លារ អ្នក​អត់លុយ​ទារ​តាម​អ្នក​អត់លុយ ម៉េច​ក៏​១០​ទៅ​២០ម៉ឺន​អីចឹង​ទៅ។ ក្រៅពីនេះនៅមានរបស់របរថ្លៃលើសទីផ្សារទៀត សូម្បីតែ​ចង្ក្រានដាំស្លរ​ហ្នឹង​ក៏​យក​លុយ​ពី​គ្នាមួ​យខែ៨ម៉ឺន ហើយមិនឲ្យដាំទឹកបានផង អាហ្នឹងនៅមណ្ឌលប៉េហ្ស៊ី និយាយ​ទៅ​អាករ​ហុតឈាម​គ្នាតែ​ម្តង។

ថ្លៃភ្លើងក៏ដូចគ្នា កង្ហារហាតារីដែលដាក់នៅជាប់ជញ្ជាំងត្រូវបង់ភ្លើងមួយខែ៣០ដុល្លារ ហ្គាស​ប្រើ​សម្រាប់​ដាំ​ទឹកហ្នឹងក៏​ថ្លៃ។ ដូចនេះយើង​ត្រូវចាយ​លុយ​ខ្លាំង​ប្រសិនបើ​យើង​ប្រើ ឬ​ចង់​ប្រើ​លើស​របស់​ដែលគេផ្ដល់ឲ្យ។ ចំណែករឿងទឹក មានការហាមមិនឲ្យដាំផឹកទេ គឺត្រូ​វ​ទិញ​អង្គភាព មួយបំពង់គឺ២,០០០រៀលមួយខែ៦០,០០០រៀលបាត់ ហ្នឹងបើចង់បានផឹកទឹកស្អាត នេះជាភាពខុសគ្នាដែលខ្ញុំបានមើលឃើញ។

ដាលីនៈ កន្លងមកមានការមាន​ការ​លើកឡើង​ថា​ មាន​ការជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ពន្ធនាគារ សម្រាប់កញ្ញា​តើវាជាការពិតដែរ ឬទេ?

ដារ៉ាវីៈ រឿងគ្រឿងញៀនខ្ញុំក៏បានដឹងឮដែរ។ កាលពីមុនមានការលួចលាក់ដែរ តែ​តាម​ខ្ញុំ​មើល​ដូចជា​មិន​ជាប់ទាក់ទង​នឹងមន្ត្រីទេ តែ​វា​ជាការធ្វេសប្រហែសរបស់មន្ត្រីខ្លះ ដោយសារ​តែ​អ្នក​ទោស​ជួញដូរ​គ្រឿងញៀនអីហ្នឹង​គឺគាត់រកតែគ្រឿងញៀនទេ។ ឱ កាស​ដែល​គាត់​ចេញ​ទៅ​ឧទ្ធរណ៍​ក៏ដោយ ចេញទៅពិនិត្យសុខភាពក៏ដោយ គឺមកវិញគាត់អាចដាក់តាមខ្លួនបាន មាន​គ្រប់​វិធីសាស្រ្តដែលគាត់ធ្លាប់ធ្វើ បើមន្ត្រី​គាត់​ប្រហែស​ឆែកអត់​អស់​ គឺដឹង​តែ​បាន​គ្រឿងញៀន​ចូលច​រាចរណ៍​ក្នុង​គុកហើយ។

ដាលីនៈ តើមន្ត្រីពន្ធនាគារអនុវត្តបានត្រឹមត្រូវ តាមច្បាប់ដែរ ឬ​ទេទា​ក់ទង​នឹង​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំ?

ដារ៉ាវីៈ ទាក់ទងនឹងបញ្ហានេះឃើញថាគាត់ (មន្រ្តីពន្ធនាគារ) បំពានច្រើនណាស់ ជាពិសេស​នៅ​ពេល​ដែល​គាត់​ខឹង ឬ​មិន​សប្បាយ​ចិត្ត គាត់​ចាក់​សោរ​មិន​ឲ្យ​អ្នក​ទោស​ចេញ​យក​ខ្យល់​អាកាស ឬអា​ច​ហាត់ប្រាណ​បន្តិចបន្តួច​បាន​ទេ។ ពីព្រោះម៉ោ​ង​៨ព្រឹក​គឺ​ត្រូវ​តែ​បើកទ្វារ​ឲ្យ​អ្នក​ទោស​ចេញ តែអ្នកទោសខ្លះគាត់ចាំងួតទឹកទើបមានការយឺតយ៉ាវ តែការ​យឺតយ៉ាវ​ហ្នឹង​អាច​មក​ពីមន្រ្តី​ពន្ធនាគារ​ដែល​ក្របើក​ទឹក ឬទឹ​កមិនសូវចេញ ហើយ​ទាំងអស់​ហ្នឹង​ជាមូ​លហេតុ​ដែល​ធ្វើ​ឲ្យក្រុម​មន្ត្រី​ខឹង​មិន​សប្បាយចិត្ត និងគិតថាអ្នកជាប់ឃុំមិនស្ដាប់បញ្ជា ហើយ​ធ្វើការ​ចាក់សោ​រ​អត់​ឲ្យចេ​ញ។ ក្នុ​ងមួយថ្ងៃហ្នឹងគឺមិនឲ្យចេញតែម្ដង សូម្បីតែហាលខោអាវក៏មិនបានទៀត។

ដាលីនៈ ជាចុងក្រោយតើកញ្ញា​មានអ្វីបន្ថែមទៀតដែរ ឬទេ?

ដារ៉ាវីៈ ខ្ញុំចង់ស្នើខាងពន្ធនាគារទាក់ទងនឹងអ្នកជាប់ឃុំជាស្ត្រី ពីព្រោះមាន​អ្នកទោស​ខ្លះគ្រួ​សារ​មិនទាំង​ដឹង​ផងថា​ពួកគាត់ជាប់ឃុំ​ដោយសារអី យើងមិនអាចពឹងមន្ត្រីឲ្យជួយបានទេ។ មន្រ្តី​ចង់​ឲ្យ​គេជួយទាល់តែ​មានលុយឲ្យគេ មានអ្នកខ្លះឲ្យលុយគេហើយគេមិនជួយទៅទៀត អាហ្នឹង​ដែល​ខ្ញុំចង់លើកឡើងឲ្យអង្គការសិទ្ធិមនុស្សបានដឹង ពីព្រោះ​មន្ត្រី​គួរ​តែ​មាន​ផ្នែក​មួយ​ដើម្បី​គិតគូរ​ពី​បញ្ហា​នេះ។

ដាលីនៈ ចាស៎ សូមអរគុណ ដារ៉ាវី!

ដារ៉ាវីៈ ចាស៎ អរគុណ!