យ៉ាងហោចណាស់សកម្មជនអង្គការមាតាធម្មជាតិចំនួន៥រូប កាលពីខែឧសភា ឆ្នាំ២០២១ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យជាប្រាក់ចំនួន៤លាន ពីបទញុះញង់ និងសមគំនិតទាក់ទងនឹងរឿងបរិស្ថាន។
ក្រោយចេញពីពន្ធធនាគារ សកម្មជនអង្គការមាតាធម្មជាតិនៅកម្ពុជាត្រូវបានអង្គការអន្តរជាតិ Front Line Defender ប្រកាសផ្តល់ពានរង្វាន់ជូន ជាពានរង្វាន់សម្រាប់អ្នកការពារជួរមុខប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនៅឯសន្និសីទសារព័ត៌មានក្នុងទីក្រុង Dubline ប្រទេសអៀរឡង់ ។
លោក សំបាន ច័ន្ទដារ៉ា សិក្ខាកាមសារព័ត៌មានរបស់ Newsroom Cambodia បានសម្ភាសន៍កញ្ញា ឡុង គន្ធា សកម្មជនមួយរូបរបស់អង្គការមាតាធម្មជាតិកម្ពុជា ពីដំណើររឿងនៃការចូលរួមការងារជាសកម្មជនបរិស្ថាន ព្រមទាំងការប្រឈមនានាជាមួយសកម្មភាពការពារបរិស្ថានកន្លងទៅ។
ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោកសំបាន ច័ន្ទដារ៉ា និងកញ្ញាឡុង គន្ធា៖
ច័ន្ទដារ៉ា៖ ជម្រាបសួរ! កញ្ញា ឡុងគន្ធា
គន្ធា៖ ចាស៎ ជម្រាបសួរ!
ច័ន្ទដារ៉ា៖ ហេតុអ្វីកញ្ញាសម្រេចចិត្តចូលរួមសកម្មភាពជាសកម្មជនបរិស្ថាន?
គន្ធា៖ បានជាខ្ញុំចូលរួមសកម្មភាពជាសកម្មជនបរិស្ថានដោយសារដំបូង ខ្ញុំស្រឡាញ់បរិស្ថាន ខ្ញុំចូលចិត្តដើរកំសាន្តតាមព្រៃ តាមសមុទ្រ បន្ទាប់មកខ្ញុំបានឃើញការបំផ្លិចបំផ្លាញធនធានអស់ហ្នឹង ដែលជាពិសេស អ្វីដែលធ្វើឱ្យខ្ញុំរឹតចូលរួមនោះ គឺការបានទៅដល់សហគមន៍កោះស្រឡៅ និងព្រៃព្រះរកាដែលធ្វើឱ្យខ្ញុំផ្លាស់ប្តូរផ្នត់គំនិតខ្លាំងមែនទែន។ ខ្ញុំទៅដល់ ខ្ញុំឃើញសម្បូរមនុស្សវ័យចាស់ដែលមិនសូវមានកម្រិតវប្បធម៌ខ្ពស់ តែពួកគាត់ខំប្រឹងណាស់ដើម្បីការពារព្រៃឈើ ខណៈយើងវិញជាយុវជនមានទាំងកម្លាំងកាយ និងប្រាជ្ញា តែពួកយើងបែរជាមិនបានចូលរួមជាមួយពួកគាត់ទេ។ ខ្ញុំមានអារម្មណ៍ខ្មាសពួកគាត់ណាស់ បានជាចង់ចូលរួមការពារធនធានធម្មជាតិ ។
មួយវិញទៀត ខ្ញុំឃើញលោកអាឡិចដែលជាជនជាតិបរទេស តែបែរជាគាត់មកជួយការពារធនធានធម្មជាតិរបស់យើង ខណៈពួកយើងជាម្ចាស់ប្រទេសមិនបានចូលរួមការពារធនធានរបស់ខ្លួនឯង ជារឿងគួរឱ្យខ្មាសពួកគាត់ណាស់ បានជាខ្ញុំចូលរួមការពារធនធានធម្មជាតិសម្រាប់អ្នកជំនាន់ក្រោយ កុំឱ្យអ្នកជំនាន់ក្រោយបន្ទោសយើងជាអ្នកជំនាន់នេះមិនបានគិតគូរពីធនធានធម្មជាតិ ។
ច័ន្ទដារ៉ា៖ កញ្ញាស្រឡាញ់បរិស្ថាន និងបានគិតចូលរួមសកម្មភាពការពារបរិស្ថាន ហេតុអ្វីជ្រើសរើសចូលរួមនឹងអង្គការមាតាធម្មជាតិ (Mother Nature) មិនជ្រើសរើសស្ថាប័នផ្សេង?
គន្ធា៖ ដោយសារកាលនោះខ្ញុំចូលចិត្តមើលវីដេអូរបស់អង្គការមាតាធម្មជាតិ ខ្ញុំចាំបានថា ជាវីដេអូដែលសកម្មជនរបស់មាតាធម្មជាតិប៉ុន្មានរូបកប់ក្នុងខ្សាច់ ខ្ញុំមានអារម្មណ៍ថាអស្ចារ្យ ខ្ញុំមានអារម្មណ៍ថាចូលចិត្តសកម្មភាពអ្វីដែលពួកគាត់ធ្វើ ហើយខ្ញុំក៏បានស្គាល់ពួកគាត់ បន្ទាប់មកបានសុំថតវីដេអូជាមួយពួកគាត់ ដែលវីដេអូរបស់ខ្ញុំស្តីអំពីការបង្ហូរទឹកកខ្វក់របស់កាស៊ីណូមួយចូលក្នុងឆ្នេរសមុទ្រនៅកោះរ៉ុងសន្លឹម។ បន្ទាប់ពីខ្ញុំបានសាកល្បងថតរួចមក ខ្ញុំគិតថាអាចបន្តទៅមុខទៀតបាន ពួកគាត់បានផ្តល់ឱ្យយើងធ្វើនូវអ្វីដែលយើងស្រឡាញ់ ហើយចូលរួមជាមួយពួកគាត់ចាប់ពីពេលហ្នឹងឯង ។
ច័ន្ទដារ៉ា៖ ក្នុងតួនាទីកញ្ញាជាសកម្មជនបរិស្ថាន តើកន្លងមកសម្រេចអ្វីបានខ្លះសម្រាប់សង្គម និងសម្រាប់បរិស្ថាន?
គន្ធា៖ កន្លងមកអ្វីដែលខ្ញុំធ្វើមិនសូវទទួលបានអ្វីច្រើនទេ វាតិចតួចណាស់ ខ្ញុំចេះតែគិតថាស្តាយ ហេតុអ្វីខ្ញុំទើបតែចាប់ផ្តើម យូរហើយខ្ញុំទើបចាប់ផ្តើម។ កន្លងមក ខ្ញុំបានចូលរួមចំណែកការពារបរិស្ថាន ធនធានធម្មជាតិ ដូចនៅកំពង់សោម កាលពីដំបូងមានបញ្ហាច្រើនមែនទែន ពេលដែលពួកយើងមិនទាន់ទៅដល់ ទាំងបញ្ហាសំរាម រឿងទឹកលូចូលសមុទ្រ ការសង់អាគាររំលោភឆ្នេរផង។ តែឥឡូវយើងឃើញថា កំពង់សោមមានការផ្លាស់ប្តូរ យើងចាំបានថា កាលពី២០១៧ ទៅ២០១៩ សមុទ្រប្រែពណ៌ពីខៀវទៅកខ្វក់ តែឥឡូវយើងឃើញមានការផ្លាស់ប្តូរមុខមាត់ថ្មី ។
មួយទៀតយើងធ្លាប់ទៅបំបួសដើមឈើខណៈគេកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីហ្នឹង គេចាប់ផ្តើមកាប់ដើមឈើ តែពេលយើងធ្វើយុទ្ធនាការបំបួសដើមឈើ ឥឡូវគេទុកដើមឈើដែលយើងបំបួសហ្នឹង។ យើងមើលឃើញមានការផ្លាស់ប្តូរឥរិយាបថ ពួកគាត់ផ្តើមរក្សាដើមឈើ ចំណែកអាគារដែលសាងសង់រំលោភឆ្នេរកោះរ៉ុងសន្លឹមហ្នឹង ក៏មានការរុះរើ។ យ៉ាងហោចណាស់ យើងសប្បាយចិត្តនឹងសមិទ្ធផលដែលយើងបានធ្វើកន្លងមក យើងសប្បាយចិត្តនៅពេលឃើញយុវជនងាកចាប់អារម្មណ៍ចូលរួមការពារធនធានធម្មជាតិ ។
ច័ន្ទដារ៉ា៖ តើកញ្ញាប្រឈមមុខនឹងបញ្ហាអ្វីខ្លះ ក្នុងនាមជាសកម្មជនបរិស្ថានជាមួយអង្គការមាតាធម្មជាតិ កន្លងមកនេះ?
គន្ធា៖ កន្លងមក សកម្មភាពយើងបានប៉ះពាល់ដល់អ្នកមានអំណាច បុគ្គលមួយចំនួនដែលបានផលប្រយោជន៍ពីការបំផ្លាញធនធានធម្មជាតិ កាលខ្ញុំចេញវីដេអូពីបញ្ហានៅកោះរ៉ុងសន្លឹមហ្នឹង ខ្ញុំធ្លាប់ត្រូវបានម្ចាស់ទីតាំងហ្នឹងគំរាមប្តឹង ដោយគេសំអាងថាពួកយើងយកទីតាំងគេសម្រាប់វាយប្រហារថ្នាក់ដឹកនាំខេត្ត។ មុនមានការចាប់ខ្លួន ធ្លាប់មានអាជ្ញាធរទៅរករឿងខ្ញុំដល់ផ្ទះ រករឿងអ្នកផ្ទះ ។
រហូតដល់មានការចាប់ខ្លួន នៅពេលពួកយើងមានគម្រោងដង្ហែរទៅផ្ទះសម្តេច(លោកនាយករដ្ឋមន្ត្រីហ៊ុន សែន) ដើម្បីសុំជួបសម្តេចជជែកពីផលប៉ះពាល់នៃការលុបបឹងតាមោកអីហ្នឹង។ គេចាប់ខ្លួនពួកខ្ញុំដោយមិនបានប្រាប់ពីបទចោទប្រកាន់ឡើយ រហូតដល់ពេលព្រះរាជអាជ្ញាសាកសួរទើបពួកខ្ញុំបានដឹង។ ពេលពួកខ្ញុំបានជាប់ពន្ធធនាគារបានជិតមួយឆ្នាំ តុលាការបានដាក់បទចោទប្រកាន់ពួកខ្ញុំមួយបន្ថែមទៀត ពីបទរួមគំនិតក្បត់ ខណៈខ្ញុំនៅក្នុងពន្ធធនាគារ។
ទោះបីខ្ញុំចេញពីពន្ធធនាគារក្តី ប៉ុន្តែខ្ញុំបីដូចគេវាស់ដីឱ្យដើរ យើងធ្វើអ្វីនៅក្រោមការតាមដាន ក្រោមគំនាប។ ទាក់ទងនឹងគ្រួសារ ពួកគាត់តែងបារម្ភលើសុវត្ថិភាពខ្ញុំ ព្រោះការងារហ្នឹងប៉ះពាល់ដល់អ្នកធំ អ្នកមានអំណាច មុនដំបូងពួកគាត់ពិបាកទទួលយក តែនៅពេលខ្ញុំពន្យល់ពួកគាត់ ពួកគាត់ក៏យល់ព្រមឱ្យខ្ញុំធ្វើ គ្រាន់តែឱ្យខ្ញុំប្រយ័ត្នខ្លួន គាត់មិនជាហាមឃាត់នោះទេ។ សម្រាប់មិត្តភាព មិត្តភក្តិខ្លះនៅតែរាប់អានយើង ហើយអ្នកខ្លះទៀតមិនជាចង់រាប់អានយើងដូចគេមិនចង់ពាក់ព័ន្ធជាមួយយើងទេ ។ ខ្ញុំភ្ញាក់ផ្អើល នៅពេលខ្ញុំចេញពីពន្ធធនាគារ អ្នកភូមិស្រុកភាគច្រើន គេសាទរ គេស្រឡាញ់អ្វីដែលយើងធ្វើ ហើយអ្នកខ្លះទៀតក៏មិនពេញចិត្តបន្ទោសឪពុកម្តាយខ្ញុំថា ខ្ញុំមានការងារល្អត្រឹមត្រូវជាគ្រូបង្រៀនដែរ ម៉េចបណ្តោយឱ្យខ្ញុំទៅធ្វើរឿងឱ្យជាប់គុកជាប់អីអ៊ីច៊ឹង ។
ច័ន្ទដារ៉ា៖ កញ្ញាដឹងស្រាប់ហើយថា សម្មភាពរបស់កញ្ញា ធ្វើឱ្យមានការទាស់ទែងនឹងមន្ត្រីរដ្ឋាភិបាលមួយចំនួន ឬពេលខ្លះរងការគំរាមកំហែងពីអ្នកមានអំណាចមួយចំនួនផងដែរ ចុះហេតុអ្វីបានជាកញ្ញានៅតែបន្តធ្វើជាសកម្មជនបរិស្ថាន មិនបោះបង់?
គន្ធា៖ មុននឹងសម្រេចចូលរួមជាមួយអង្គការមាតាធម្មជាតិ ពួកយើងដឹងច្បាស់ហើយ តែខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ខ្ញុំចាំបានសម្តីរបស់លោកគ្រូកែម ឡី គាត់និយាយថា នៅពេលគាត់វិភាគ គាត់ដឹងថានឹងត្រូវជាប់ពន្ធធនាគារ អាចរត់ចោលស្រុក ឬក៏ត្រូវបាត់បង់ជីវិត តែខ្ញុំនៅតែធ្វើវាព្រោះស្រឡាញ់ យើងត្រូវតែពុះពារគ្រប់បែបយ៉ាង ព្រោះស្រឡាញ់មិនគ្រាន់តែជាសម្តីទេ តែត្រូវស្តែងជាសកម្មភាព ។
មួយវិញទៀត សកម្មភាពរបស់មាតាធម្មជាតិ មិនបានធ្វើរឿងខុសច្បាប់ទេ អ្វីដែលមាតាធម្មជាតិធ្វើគឺត្រូវតាមច្បាប់ ហើយមានគោលបំណងការពារបរិស្ថាននិងធនធានធម្មជាតិ គ្មានចេតនាផ្សេងដោយការចោទប្រកាន់របស់តុលារការកន្លងមកនោះទេ។
ច័ន្ទដារ៉ា៖ តើជីវិតនៅក្នុងពន្ធធនាគាររបស់កញ្ញាមានដំណើរបែបណាដែរ?
គន្ធា៖ រយៈពេលនៅក្នុងពន្ធធនាគាររយៈពេល ១៤ខែ និង៦ថ្ងៃ ជីវិតនៅក្នុងពន្ធធនាគារដំបូងគឺពិបាកដែរដោយសារយើងមិនទាន់ស៊ាំនឹងបរិយាកាស ជាមួយការរស់នៅជុំមនុស្សច្រើន ប្រើបន្ទប់ទឹករួម ជាដើមហ្នឹង យើងធ្លាប់ជាមនុស្សដែលឯករាជ្យ ធ្លាប់មានសេរីភាពដើរហើរ ដល់ពេលយើងនៅតែមួយកន្លែង ដំបូងគឺវាពិបាក ជាពិសេសផ្នែកផ្លូវចិត្ត ។
នៅក្នុងពន្ធធនាគារ យើងមិនអាចមានទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្តិបាន ហើយជាពិសេសទៀតនោះគឺ យើងត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌ ត្រូវរស់នៅជាមួយភាពអយុត្តិធម៌ ខ្ញុំតែងតែគិតរហូត តើខ្ញុំបានធ្វើអ្វីខុស? គេចោទប្រកាន់ខ្ញុំ ទាំងដែលខ្ញុំរកកំហុសទាំងនោះមិនឃើញ ។ មន្ត្រីនៅក្នុងពន្ធធនាគារក៏ពួកគាត់ជួយសម្រួលដល់ខ្ញុំច្រើន ពួកគាត់មានការយោគយល់ ខ្ញុំមុនដំបូងពិបាកគេងដោយកន្លែងចង្អៀត ហើយខ្ញុំមានបញ្ហាដង្ហើមផង ហើយគេក៏ជួយសម្រួលឱ្យយើងបានកន្លែងទូលាយ ហើយគេក៏ជួយសម្រួលកុំមានការជក់បារីក្នុងបន្ទប់អីជាដើមដែរ។
ច័ន្ទដារ៉ា៖ ក្រោយចេញពន្ធធនាគារ កញ្ញានិងសមាជិកឯទៀត ក៏ត្រូវបានអង្គការអន្តរជាតិ Front Line Defender ផ្តល់ពានរង្វាន់ជូន ខណៈរដ្ឋាភិបាលវិញដាក់ទោសទណ្ឌ តើពេលនោះកញ្ញាមានអារម្មណ៍យ៉ាងណាដែរ?
គន្ធា៖ ពេលហ្នឹង អារម្មណ៍មានពីរ អារម្មណ៍មួយរំភើបមែនទែន ព្រោះអន្តរជាតិ គាត់បានមើលឃើញ គាត់ទទួលស្គាល់ថាសកម្មភាពខ្ញុំមិនខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការ ឬរដ្ឋាភិបាលនោះទេ ហើយក៏អរគុណដែលពួកគាត់ផ្តល់ពានរង្វាន់នោះដល់ពួកយើង ពានរង្វាន់នោះមិនមែនសម្រាប់តែពួកយើងឡើយ តែសម្រាប់ប្រជាជនទាំងអស់គ្នា យុវជន សកម្មជនទាំងឡាយ ដែលលះបង់ដើម្បីការពារបរិស្ថាន វាជាការលើកទឹកចិត្តឱ្យពួកយើងបន្តសកម្មភាពនេះបន្តទៀត ។
ចំណែកអារម្មណ៍មួយទៀត យើងមានការអាក់អន់ចិត្ត ហេតុអ្វីអន្តរជាតិមើលឃើញសម្មភាពយើងមិនខុសច្បាប់ទេ តែបែរជាតុលាការកម្ពុជាមិនលើកទឹកចិត្តយើងជាយុវជនចូលរួមការពារធនធានធម្មជាតិ ចូលរួមជាមួយរដ្ឋាភិបាលដើម្បីការពារធនធានធម្មជាតិទេ បែរជាចោទប្រកាន់ថាសកម្មភាពយើងជារឿងខុសច្បាប់ទៅវិញ ។
ច័ន្ទដារ៉ា៖ មកដល់ពេលនេះ តើកញ្ញាមានបានគិតគូរហើយឬនៅ ថានៅបន្តសកម្មភាពការពារបរិស្ថាន ឬផ្លាស់ប្តូរគោលដៅ?
គន្ធា៖ ចំពោះខ្ញុំ ខ្ញុំនៅតែរក្សាគោលជំហររបស់ខ្លួនឯងនៅក្នុងការអនុវត្តសិទ្ធិសេរីភាពខ្លួនឯងក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ ព្រោះខ្ញុំស្រឡាញ់ ខ្ញុំចង់ការពារ តែខ្ញុំអាចនឹងផ្លាស់ប្តូរយុទ្ធសាស្រ្ត ចំណែកចំពោះគោលដៅវិញមិនផ្លាស់ប្តូរទេ ។
ច័ន្ទដារ៉ា៖ តើកញ្ញាមានអ្វីជាសំណូមពរ?
គន្ធា៖ ពីរដ្ឋាភិបាល ខ្ញុំស្នើសុំកុំឱ្យរដ្ឋាភិបាលចាត់ទុកយុវជនការពារបរិស្ថាន ឬសិទ្ធិមនុស្សជាដើម ជាក្រុមប្រឆាំង គួរតែចូលរួមលើកទឹកចិត្តពួកគាត់ព្រោះសកម្មភាពពួកយើងជាការចូលរួមជាមួយរដ្ឋាភិបាលដើម្បីកែលម្អចំណុចការខ្វះខាតមួយចំនួន ព្រោះពេលខ្លះរដ្ឋាភិបាលមានការងារច្រើន អ៊ីចឹងការងារមិនអាចគ្រប់ជ្រុងជ្រោយឡើយ ហើយមានមន្ត្រីខ្លះអសកម្ម ជាដើម ដូចយើងមើលឃើញជាក់ស្តែងហើយដូចជាបញ្ហាព្រៃលិចទឹកជាដើមហ្នឹង ក៏មន្ត្រីខិលខូចជាអ្នកទន្ទ្រាន ។
ខ្ញុំសូមអំពាវនាវដល់តុលាការឱ្យទម្លាក់បទចោទប្រកាន់លើពួកខ្ញុំដែលជាសកម្មជនបរិស្ថាន ពួកខ្ញុំមិនបានធ្វើអ្វីប្រាសចាកច្បាប់ឡើយ ។ ចំពោះប្រជាពលរដ្ឋ សូមឱ្យពួកគាត់ជាពិសេសយុវជនចូលរួមការពារបរិស្ថាន មិនមែនទាល់តែចេញមុខជាសកម្មជនឡើយ គ្រាន់តែចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ចូលរួមស្រឡាញ់បរិស្ថាន ចូលរួមកាត់បន្ថយការប្រើយានយន្តសម្រាប់ចម្ងាយជិត ចូលរួមកាត់បន្ថយប្រើប្រាស់ទឹកភ្លើងដែលខ្ជះខ្ជាយជាដើមហ្នឹង ក៏បងប្អូនបានជួយដែរ ។
រឿងចូលរួមការពារបរិស្ថាន មិនមែនជារឿងខុសច្បាប់ទេ វាជារឿងរបស់យើងទាំងអស់គ្នា យើងត្រូវតែមានការទទួលខុសត្រូវលើធនធានធម្មជាតិដើម្បីយើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។
ច័ន្ទដារ៉ា៖ បាទ! សូមអរគុណគន្ធាសម្រាប់ការផ្តល់បទសម្ភាស។
គន្ធា៖ ចាស៎! អរគុណ៕