សៀមរាប៖ អាជីវករមួយរូបអង្គុយយ៉ាងស្រងូតស្រងាត់លើគ្រែលក់ស្ពៃជ្រក់ និងក្តាមប្រៃ រងចាំមើលអ្នកមកទិញម្ហូប ហើយកាលពីពេលថ្មីៗនេះ មិនសូវមានអ្នកមកទិញច្រើននោះ បន្ទាប់ពីមានការរាតត្បាត ជំងឺកូវីដ១៩មក ទោះបីមានការបើកប្រទេស និងផ្សារគ្រប់ទីកន្លែងកាលពីខែវិច្ឆិកាក៏ដោយ។
អ្នកស្រីទេរ នឿន អាយុ ៤៦ឆ្នាំ ជាអាជីវករលក់ស្ពៃជ្រក់ និងក្តាមប្រៃ នៅផ្សារលើរយៈពេល ៤ឆ្នាំ ហើយអ្នកស្រីត្រូវទទួលរ៉ាប់រងចិញ្ចឹមកូនចំនួន ៣នាក់។ គាត់បានពោលទាំងទឹកភ្នែក និងអួលដើមកថា៖ «ប្ដីខ្ញុំបានស្លាប់ចោល ៣ឆ្នាំហើយ កូនប្រុសបងរៀន ទី១២ឈប់រៀនដោយអត់លទ្ធភាព និងទប់ទល់លែងកើត កូននៅរៀនពីរនាក់ដែរ ខ្ញុំត្រូវរកម្នាក់ឯងឲ្យកូនបានរៀនត»។
ក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយអាជីវករតូចៗក្នុងខេត្តសៀមរាប ខេត្តដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ពួកគាត់បាននិយាយថាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារកូវីដ ហើយទោះបីជាមានការបើកដំណើរការឡើងវិញក៏ដោយ ក៏នៅតែជួបការលំបាក ជាពិសេសការព្រួយបារម្ភថ្មីអំពីមេរោគអូមីក្រុង។
បើយោងតាមអាជីវករនៅតាមទីផ្សារក្នុងក្រុងនិងនៅតំបន់អង្គរបានឲ្យដឹងថា ពួកគាត់នៅតែមានការលំបាកទោះបីជាបើកប្រទេសឡើងវិញក៏ដោយ ព្រោះភ្ញៀវទេសចរណ៍ហាក់នៅមានកម្រិតដែលធ្វើឲ្យការរកចំណូលពួកគាត់នៅមិនទាន់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្អង់គ្រួសារ។
អ្នកស្រីទេស នឿនបានបន្តទាំងកំសត់ថា មុនសម័យកូវីដ គាត់មានលទ្ធភាពរស់នៅបាន មានលទ្ធភាពឲ្យកូនរៀនបាន ក៏ប៉ុន្តែពេលកំឡុងពេលកូវីដ គាត់មិនរកចំណូលបាននោះទេ ហើយរកលុយឲ្យកូនសឹងមិនបានទៅរៀន អត់បានលក់ គេបិទផ្សារ ជាប់កន្លែងឃុំកូវីដម្ភៃថ្ងៃ ហើយបន្ទាប់ពីហ្នឹងលក់តែបន្លែនៅផ្លូវ៦០ម៉ែត្រ។
«ពេលខ្លះ ប៉ូលីសដេញ ហើយរត់ទៅលក់តាមផ្លូវថ្នល់ម្តង»។
អ្នកស្រីបាននិយាយថាទើបតែបានមកលក់នៅផ្សារបានមួយខែជាង មួយថ្ងៃចំណាយពីរម៉ឺនរៀនសម្រាប់កូន
ទុក ១៥០ដុល្លារ សម្រាប់បង់កន្លែងជួលមួយខែៗ។
អ្នកស្រីទេស នឿន «រាល់ថ្ងៃនេះនៅលំបាកខ្លាំងដោយត្រូវដោះស្រាយថ្លៃតូប ហើយកូនពីរនាក់ត្រូវចូលរៀនហើយទិញខោអៅ សៀវភៅគ្រប់មុខដែលត្រូវទទួលបន្ទុកតែម្នាក់ឯង»។
អ្នកស្រីបានសម្តែងការព្រួយបារម្ភចំពោះជំងឺកូវីដអូមីក្រុងថ្មីដោយក្តីអស់សង្ឃឹម ព្រោះបើមានទៀតគាត់ប្រឈមមុខនឹងការគ្មានចំណូល និងគ្មានអីហូបដូចមុនទៀត។
អ្នកស្រីទេរ នឿន៖«ខ្ញុំសុំសំណូមពរឲ្យរាជរដ្ឋាភិបាលជួយឧបត្ថម្ភឲ្យកូនពីរនាក់ហ្នឹងបានរៀន ខ្ញុំគ្មានចង់បានអ្វីច្រើនទេ គ្រាន់តែចង់ឲ្យកូនបានរៀន»។
ស្រដៀងគ្នាផងដែរ អ្នកស្រី ឈ្មោះដា នី អាយុ៤២ឆ្នាំ ជាអាជីវករលក់ចេកអាំង នៅលើរ៉ីម៉កម៉ូតូ ម្តុំមន្ទីរពេទ្យកុមារអង្គរ បានលើកឡើងថា កាលមុនកូវីដគឺអ្នកស្រីរកចំណូលមានភាពល្អប្រសើរក្នុងមួយថ្ងៃបាន ៣ម៉ឺនរៀល តែមកដល់ឥឡូវបានត្រឹមតែ ១ម៉ឺនប៉ុណ្ណោះ។
អំឡុងពេលកូវីដមានសភាពពិបាក គ្មានលទ្ធភាពបង់ការប្រាក់ធនាគារ ព្រោះលក់មិនដាច់ រួមទាំង មានការ
បិទខ្ទប់ទៀត។
លោកស្រី និយាយបណ្តើរប្រែចេកអាំងបណ្តើរថា «ពេលកូវីដពីរឆ្នាំហ្នឹង បើខាតមិនបាច់និយាយទេ ហើយបើយើង លក់អត់ដាច់មានជាប់លុយធនាគារ មិនមានអ្វីដើម្បីផ្គត់ផ្គង់កូនរៀនដូច្នេះបានឲ្យកូនឈប់រៀន។ កាលកូវីដហ្នឹង លក់រហូតអត់ឈប់ទេ មកលក់រាល់ថ្ងៃ ប៉ុន្ដែពេលបិទខ្ទប់អត់បានមក ព្រោះគេបិទមកអត់កើត នៅនេះក៏គេបិទនៅនោះក៏គេបិទ គេបិទខេត្តសៀមរាបទាំងមូលតែម្តង »។
លោកស្រីបង្ខំចិត្តឲ្យកូនឈប់រៀនដើម្បីឲ្យកូនជួយរកចំណូលផ្គត់ផ្គង់គ្រួសារ ព្រោះគ្មានលទ្ធភាពបង់ការប្រាក់ធនាគារឡើយ។
អ្នកលក់ចេកអាំងរូបនេះបន្ថែមទាំងទឹកមុខស្រពាប់ស្រពោនថា «បើថានិយាយរឿងពិបាកនិយាយមិនចេញទេ ជំពាក់ធនាគារ សុំគេបង់តែការហ្នឹង យើងយកលុយធនាគារយកមកធ្វើផ្ទះ ទិញដីនៅរកស៊ីអីចឹងណាមួយប្រាក់ចំណូលពីកូនផង ហើយឥលូវដល់ថ្ងៃទៀតហើយគ្មានលទ្ធភាពបង់មិនបានឲ្យគេទេ រកមិនបានតែម្តងរកត្រឹមបានតែការប្រាក់សម្រាប់បង់ធនាគារ លក់មួយថ្ងៃទាល់ល្ងាច អីចឹងកូនសុំឈប់រៀនហើយ កូនសុំទៅធ្វើការនៅប៉ោយប៉ែតដើម្បីទៅរកលុយបង់លុយធនាគារព្រោះមិនចង់ឲ្យលក់ផ្ទះលក់សម្បែងសងគេ»។
បន្ទាប់ពីបើកប្រទេសឡើងចំណូលអ្នកស្រីមានការល្អប្រសើរជាងអំឡុងពេលកូវីដ ព្រោះបានចំណូលច្រើនជាងអំឡុងពេលកូវីដ ប៉ុន្ដែចំណូលនៅតែមិនដូចមុនកូវីដទេ។
អ្នកស្រីបន្តទៀតថា «ព្រួយបារម្ភណាស់អំពីជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មីអូមីក្រុង ចាំតែមើលទៅណាស់អូន ឲ្យតែយើងចេះការពារអីចឹងទៅ មានពាក់ម៉ាស់មានអាកុលតាមខ្លួន បើយើងលក់ដូរធ្វើម៉េចយើងការពារបានល្អអាជំងឺហ្នឹងក៏មិនអាចចូលមកស្រុកយើងកើត ហើយណាមួយយើងក៏បានចាក់វ៉ាក់សាំងដែរ»។
អ្នកស្រី ម៉េ ស្រ៊ីម អាយុ៤២ឆ្នាំ មានកូន៣នាក់ ស្រី២ប្រុស១ ជាអ្នកកោះធំ ដែលលក់នៅតំបន់អង្គរតូចខេត្តសៀមរាបរយៈពេលជាងដប់ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅខេត្តសៀមរាបតែម្តង។
អ្នកស្រីអង្គុយលើកៅអីជ័រ ក្តោបដៃ និយាយដោយទឹកមុខស្រងូតស្រងាត់ថា៖«មុនពេលដែលមានកូវីដ ខ្ញុំអាចលក់បានម៉ាហូបៗ ឬក៏នៅសល់តិចតួច ទុកគ្រាន់បង់ឲ្យអង្គការដែលគាត់ជំពាក់បំណុលគេ និងឲ្យកូនរៀនសូត្រ។»
តែនៅពេលកំឡុងពេលកូវីដនោះអ្នកស្រីមិនអាចរកចំណូលនបាននោះទេ អ្នកស្រីយកដៃអេះស្មាបណ្តើរនិយាយបណ្តើរថា៖ «នៅក្នុងរយៈពេលពីរឆ្នាំអំឡុងពេលកូវីដនេះខ្ញុំរកបានខ្លះអត់ខ្លះព្រោះពេលនោះ គាត់នៅតំបន់ក្រហមហើយគាត់មិនអាចមកលក់បាន គេបិទខ្ទាប់កន្លះខែទើបគាត់អត់មានអ្វីហូប ទោះបីគេបើកឲ្យលក់វិញថ្ងៃខ្លះខ្ញុំមកលោកទាំងអត់បានចំណូលអ្វីទាំងអស់ ព្រោះលក់អត់ដាច់សូម្បីតែមួយ ថ្ងៃខ្លះលក់ដាច់បានត្រឹមតែ១ម៉ឺន ២ម៉ឺនរៀល តែទោះបីជាយ៉ាងណាក៏ខ្ញុំខំរកលុយដើម្បីបង់ការប្រាក់សម្រាប់លុយចងការគេនិងទុកខ្លះសម្រាប់កូនរៀនអនឡាញផង»។
បន្ទាប់ពីមានការបើកប្រទេសឡើងវិញ និងមានភ្ញៀវទេសចរមកទស្សនានៅប្រាសាទអង្គរវត្តអ្នកស្រីបានឲ្យដឹងថាគាត់អាចលក់បានប្រាំពីរទៅប្រាំបីម៉ឺនរៀលដែលធ្វើឲ្យគាត់អាចផ្គត់ផ្គង់គ្រួសារគាត់បានឡើងវិញអាចឲ្យកូនរៀនបាន។
អំឡុងពេលផ្ទុះខ្លាំងលោកស្រី និងស្វាមីក៏បានទៅធ្វើការនៅភ្នំពេញជាអ្នកសម្អាតបន្ទប់សណ្ឋាគារនិងស្វាមីធ្វើជាកម្មករសំណង់ ដោយការធ្វើការនៅភ្នំពេញជាមួយស្វាមីអ្នកស្រីមានការលំបាកនិងបែកពីកូននិងចៅរបស់គាត់គាត់ក៏សម្រេចចិត្តថាមកនៅសៀមរាបវិញដើម្បីជុំគ្រួសារ ដោយអ្នកស្រីបាននិយាយថា៖«ទោះមានរឿងអ្វីក៏បាននៅជុំគ្រួសារដែរ សុខចិត្តនៅជុំគ្នាកុំឲ្យព្រាត់កូនព្រាត់ចៅ។»
អ្នកស្រីនិយាយដោយទឹកមុខស្លេកស្លាំងនិងការភ័យខ្លាចថា៖ «បារម្ភខ្លាចប្រសិនបើមានមេរោគបម្លែងថ្មីអូមីក្រុងចូលមកកម្ពុជាដែលអាចបណ្ដាលឲ្យមានការបិទប្រទេសសារជាថ្មី ខ្ញុំព្រួយបារម្ភខ្លាំងដោយសារតែយើងអត់មានមុខរបរ និងលុយសម្រាប់ផ្គត់ផ្គង់គ្រួសារនិងត្រូវបង់អង្គការទៀត»។
អ្នកស្រីសៀន អូន អាយុ៥៩ឆ្នាំ ជាអាជីវករលក់ផ្លែឈើនៅមុខផ្សារលើធំថ្មី កំពុងអង្គុយនៅលើកៅអីជ័រ នៅខាងមុខដងផ្លូវពោរពេញទៅដោយឡាន ម៉ូតូ ក្នុងខេត្តសៀមរាប បានលើកឡើងទាំងទឹកមុខក្រៀមក្រំអំពីចំណូលប្រចាំថ្ងៃរបស់គាត់។
អ្នកស្រីបានលើកឡើងថា ការលក់មុនពេលកូវីដបាន១លានជាងក្នុងមួយថ្ងៃ ប៉ុន្តែនៅពេលដែលកូវីដផ្ទុះខ្លាំងគេមិនឱ្យលក់ទេហើយមានពេលខ្លះរហូតដល់ដាច់បាយគ្មានអ្វីហូប ហើយអ្នកស្រីត្រូវនៅលក់ដាច់យប់មានពេលខ្លះទាល់ភ្លឺទៀតក៏មានដែរ។ បញ្ហាប្រឈមខ្លាំងរបស់អ្នកស្រីគឺអត់បាយគ្មានអ្វីហូបដោយមិនបានលក់ដូរអ្វីទាំងអស់ រហូតមកទាល់ពេលនេះទោះបីប្រទេសបានបើកឡើងវិញក៏ដោយក៏អ្នកស្រីលក់មិនដាច់ដែរ ដោយមួយថ្ងៃលក់បានតែ៣ទៅ១០ម៉ឹនរៀលតែប៉ុណ្ណោះ។
លោក គី សេរីវុឌ្ឍន៍ ប្រធាននៃមជ្ឍមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានប្រាប់ Newsroom Cambodiaថាវិស័យទេសចរណ៍គឺជាតួនាទីស្នូលមួយក្នុងការស្តារសេដ្ឋកិច្ចក៏ប៉ុន្តែអ្វីដែលជំរុញឲ្យទេសចរមានការដំណើរការខ្លាំងជាងនេះ វាត្រូវការជំនាញវិជ្ជាជីវៈនិងការរៀបចំវិស័យទេសចរឲ្យបានល្អ។ «ចឹងយើងសង្កេតឃើញថាមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អប្រសើរហើយ រដ្ឋាភិបាលបានធ្វើផ្លូវនៅក្រុងព្រះសីហនុនិងខេត្តសៀមរាប មួយកន្លែងៗចំនួន៣៨គម្រោងឯណោះ»។
បន្ថែមលើសពីនេះទៀត លោកបានបន្តថារចនាសម្ព័ន្ធលក់ដូរតាមឆ្នេរក៏មានលក្ខណៈល្អប្រសើរ ហើយមើលទៅលើស្ថានភាពនៃការផ្តល់មគ្គុទេសទេសចរណ៍ សហគមន៍ទេសចរណ៍ការលក់ផលិតផលនៅមានកម្រិតនៅឡើយចឹងហើយទាមទារឲ្យមានការពង្រឹងនិងជំរុញបន្ថែមទៀតដើម្បីឲ្យវិស័យទេសចរណ៍ដើរជាតួនាទីស្នូលក្នុងការទាញកំណើនសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវីដ១៩។
អ្នកសេដ្ឋកិច្ចរូបនេះក៏បានបន្តទៀតថា៖ «ជាមួយគ្នាផងដែរ វិស័យកសិកម្មសម្រាប់ផ្គត់ផ្គង់លើទេសចរណ៍ក៏ដើរតួនាទីសំខាន់ណាស់គឺកសិកម្មសិរីរាង្គដែលភ្ញៀវទេសចរហ៊ានចំណាយលុយយ៉ាងសម្បើមដើម្បីទទួលទានអាហារដែលគ្មានសារធាតុគីមី ទទួលទានអាហារមានវិជ្ជាជីវៈខ្ពស់ អនាម័យ ជាមួយការផ្តល់សេវាទេសចរណ៍ដ៏ល្អ សេវាបម្រើភោជនីយដ្ឋានដ៏ល្អមានការបណ្តុះបណ្តាលវិជ្ជាជីវៈ ដូច្នេះការបណ្តុះបណ្តាលវិជ្ជាជីវៈមានតួនាទីសំខាន់ក្នុងការជំរុញវិស័យនេះផងដែរ។»
លោកគី សេរីវុឌ្ឍន៍បាននិយាយថា៖«លោកមិនអាចនិយាយបានទេថាពេលណាទើបសេដ្ឋកិច្ចកម្ពុជាអាចដូចកាលពីមុនកូវីដឡើងវិញបាន ព្រោះជំងឺកូវីដវាអត់ប្រាកដច្បាស់ ចឹងពេលដែលជំងឺកូវីដអស់ ហើយការធ្វើដំណើរបើកឡើងវិញហ្នឹង ទើបអាចនិយាយបាន បើមិនមានភាពច្បាស់លាស់នៃជំងឺកូវីដទេយើងមិនអាចនិយាយបានទេ។»
លោកទៀ សីហា អភិបាលខេត្តសៀមរាបបានប្រាប់ Newsroom Cambodia ថាក្នុងអន្តរកាលកំពុងផ្ទុះកូវីដ-១៩ នៅពេលនោះ រដ្ឋបាលខេត្តបានចេញវិធានការមួយចំនួនដើម្បីកាត់ផ្ដាច់ជំងឺរាតត្បាតកូវីដ-១៩ ឈានទៅដល់ការបិទខ្ទប់ដែលបែងចែកជាតំបន់ក្រហម លឿនទុំ បៃតង។
«ចំពោះការបិទខ្ទប់នៅក្នុងតំបន់ក្រហមនានា វាធ្វើឲ្យមានការប៉ះពាល់ដល់អាជីវកម្មចំពោះពុកម៉ែបងប្អូន ដែលប្រកបមុខរបរ មិនត្រឹមតែប៉ះពាល់តែវិស័យទេសចរណ៍ ឬមួយប្រតិបត្តិទេសចរណ៍នោះទេ ប៉ុន្ដែប៉ះពាល់ដល់ការលក់ដូរផ្សេងៗ គឺត្រូវបានផ្អាកទាំងស្រុងក្នុងតំបន់ក្រហម វាធ្វើឲ្យមានផលលំបាកប៉ះពាល់ដល់ប្រជាពលរដ្ឋតែម្ដង»។
លោកអភិបាលខេត្តបានបន្តថា «រដ្ឋបាលខេត្តក៏បានជួយពាក់ព័ន្ធការបិទខ្ទប់នេះ ជួយទី១គឺការចែកស្បៀងឲ្យបានគ្រប់ៗគ្នា ថ្វីត្បិតថាមានការយឺតយ៉ាវក៏ដោយ បង្កើតជាអេប(App)ដែលសំណមពរបងប្អូន រត់រម៉កនិងកង់បីជួយដឹងជញ្ចូនស្បៀង បើកជាផ្សារតូចៗដែលអាចទិញតាមលទ្ធភាព ហើយចំពោះអ្នកដែលខ្លះខាតមែនទែន គឺតាមចៅសង្កាត់ មេឃុំគឺផ្ដល់ព័ត៌មានដល់រដ្ឋបាលខេត្ត ហើយយើងបានរៀបចំស្បៀងអាហារចំពោះគាត់ផង»។
យ៉ាងណាមិញ តំបន់ផ្សារ និងតំបន់ប្រាសាទ មានផលប៉ះពាល់ច្រើនដោយសារមានការរឹតបន្ទឹង ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពខ្លាំង ប៉ុន្ដែរដ្ឋបាលខេត្តក៏បានដាក់វិធានការរៀបចំថ្មី រក្សាគម្លាត និងដាក់វេនឲ្យអាជីវករលក់ ដើម្បីដោះស្រាយជីវភាពពួកគាត់់ផងដែរ។
លោកបានមានប្រសាសន៍បន្ថែមថា «តំបន់ផ្សារ និងតំបន់ប្រាសាទ គឺមានផលប៉ះពាល់ច្រើន យើងចាត់វិធានការមួយ គឺការចុះសម្អាតផ្សារ ដូចជាដាក់គម្លាត ដាក់វេនលក់ជូនបងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅក្នុងផ្សារគឺមួយអាទិត្យមួយចំហៀង ហើយមួយអាទិត្យមួយទៀតចំហៀងទៀត ហើយយើងក៏បើកផ្សារបណ្ដុះអាសន្ននៅផ្សារកុងទីន័រដល់អ្នកលក់ដូរ ដែលត្រូវឆ្លាស់គ្នាមួយអាទិត្យម្ដង ទោះបីដោះស្រាយបញ្ហាពួកគាត់មិនពេញលេញ ប៉ុន្ដែក៏ដោះស្រាយជីវភាពពួកគាត់បានខ្លះៗដែរ»។
ប្រជាពលរដ្ឋអាចបើកអាជីវកម្មឡើងវិញ មកដល់បច្ចុប្បន្ននេះផ្សារទាំងអស់ត្រូវបើកឡើងវិញ ដោយមានរក្សាគម្លាត ស្កេន QR code តំបន់អង្គរត្រូវបានបើកឡើងវិញ ដូច្នេះជីវៈភាពរបស់ប្រជាពលរដ្ឋជាពិសេសអ្នកលក់ដូរបានប្រសើរជាងមុនខ្លាំងណាស់ ឥឡូវនេះបើកស្ទើរតែ៥០ភាគរយនៅសណ្ឋាគារ និងផ្ទះសំណាក់។ នេះយោងតាមលោកអភិបាលខេត្ត។
លោកក៏បាននិយាយថាសៀមរាបនឹងមានការចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋនៅដើមខែមករានេះផងដែរ៕