កម្ពុជាប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ប្រភេទបម្លែងខ្លួនថ្មី «អូមីក្រុង» ចូលក្នុងសហគមន៍ជាលើកដំបូង លើបុរសជនជាតិខ្មែរម្នាក់ដែលស្នាក់នៅរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅយប់ទី៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីកូវីដ១៩ បម្លែងខ្លួនថ្មី «អូមីក្រុង» លើបុរសជនជាតិខ្មែរម្នាក់មានវ័យ ២៣ឆ្នាំ ដែលមានអាសយដ្ឋានស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា៖ «បុរសរូបនេះបានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ដែលមន្ទីរពេទ្យនោះបានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ហើយបច្ចុប្បន្ន បុរសរូបនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិក រាជធានីភ្នំពេញ»។
ក្រសួងសុខាភិបាលបន្ថែមថា មុនពេលរកឃើញករណីវិជ្ជមានកូវីដ១៩ បម្លែងខ្លួនថ្មីអូមីក្រុងលើបុរសរូបនេះ រូបលោកបានធ្វើដំណើរទៅទីតាំងជាច្រើនកន្លែងចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។ ទីតាំងដែលបុរសនោះទៅមានដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប ព្រមទាំងទៅលេងកំសាន្តនៅទីកន្លែងមួយចំនួននៅតំបន់តានីទូកមាស ខេត្តកំពត ជាមួយបងប្អូនជីដូនមួយមកពីអូស្ត្រាលីផង និងបានទៅកំដរអ្នកជំងឺនៅមន្ទីរពេទ្យមួយកន្លែង ដែលក្រោយមករូបលោកពិនិត្យឃើញវិជ្ជមានកូវីដ១៩ អូមីក្រុង។
ក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មានដដែល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមចាក់វ៉ាក់សាំង (ថ្នាំបង្ការ) កូវីដ១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
គួរបញ្ជក់ផងដែរថា នេះជាករណីលើកទីមួយដែលកម្ពុជាបានរកឃើញ កូវីដ១៩ បម្លែងថ្មីអូមីក្រុង នៅក្នុងសហគមន៍របស់ខ្លួន ដែលកន្លងមក កូវីដបម្លែងខ្លួនថ្មីអូមីក្រុងសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេសចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១មក។ ហើយមកដល់សព្វថ្ងៃ កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ១២០,៦២១ករណី ដែលក្នុងនោះ មានករណីស្លាប់ចំនួន ៣,០១៥ករណី និងមានអ្នកជាសះស្បើយចំនួន១១៧,០១៤ករណី។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។
គួររំលឹកថា កម្ពុជាធ្លាប់បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ បម្លែងខ្លួនថ្មីអូមីក្រុងនេះលើកដំបូងបង្អស់ លើអ្នកដំណើរជនជាតិខ្មែរមួយរូបកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដែលជាករណីនាំចូលពីក្រៅប្រទេស៕