លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា ការហៅលោក មីន អោងឡាំង ជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ានៅក្នុងសេចក្តីថ្លែងការណ៍រួមពីក្រុងណៃពីដោនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាកន្លងទៅ គឺជាការគោរពសមាសភាគីចរចារ មិនមែនជាការទទួលស្គាល់របបសឹកយោធានោះទេ។
លោកផៃ ស៊ីផាន បានប្រាប់ Newsroom Cambodia នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ថា ការហៅលោកមីន អោងឡាំង មេដឹកនាំរបបសឹកភូមាជានាយករដ្ឋមន្ត្រីនៃប្រទេសមីយ៉ាន់ម៉ាតាមរយៈសេចក្តីថ្លែងការណ៍រួមពីក្រុងណៃពីដោ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ កន្លងទៅនោះ គ្រាន់តែជាការគោរពសមាសភាគីចរចារខាងរបបសឹកភូមាប៉ុណ្ណោះ មិនមែនទទួលស្គាល់របបសឹកភូមាជាផ្លូវការឡើយ។
លោក ផៃ ស៊ីផាន លើកឡើងបែបនេះ បន្ទាប់ពីអ្នកឃ្លាំមើលសង្គមមួយចំនួនយល់ថា កម្ពុជាបានទទួលស្គាល់របបសឹកភូមាជាផ្លូវការ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ និងថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។
លោកផៃ ស៊ីផាន បន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបមេដឹកនាំរបបសឹកភូមាលោកមីន អោងឡាំង នោះ កម្ពុជាបានប្រកាន់គោលជំហរនៅជាមួយអាស៊ានហើយ និងបានគោរពកុងសង់ស៊ីលចំនួន៥ចំណុច ដែលបានអនុម័តដោយអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០២១។ លោកថា កម្ពុជាទៅក្នុងនាមជាអ្នកសម្របសម្រួល ដូច្នេះកម្ពុជាត្រូវតែគោរពរាល់សមាសភាគីចរចារនានា រួមទាំងភាគីប្រដាប់អាវុធនានាឯទៀត បើកម្ពុជាមានឱកាសដើម្បីជួបចរចារ ។
លោកផៃ ស៊ីផាន៖ «មិនមែនជាការទទួលស្គាល់ឡើយ ប៉ុន្តែភាគីកម្ពុជាគោរពដល់អត្តសញ្ញាណខាងភាគីលោកមីន អោងឡាំង»។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបានបន្ថែមដោយបានប្រៀបធៀបដល់ប្រវត្តិសាស្រ្តកម្ពុជានាអតីតកាល គ្រាដែលកម្ពុជាស្ថិតក្នុងសម័យអន្តរកាលក្រោយរបបខ្មែរក្រហមថា កិច្ចចរចារនាពេលនោះ គេហៅភាគីកម្ពុជាប្រជាធិបតេយ្យ គេហៅឈ្មោះភាគីសារធារណរដ្ឋប្រជាមានិតកម្ពុជា មិនមែនមានន័យថាទទួលស្គាល់របបនីមួយៗហ្នឹងឡើយ តែជាការគោរព។ ដោយឡែក សម្រាប់កិច្ចការជំនួបលើកនេះវិញ លោកថា ខាងកម្ពុជាគោរពដល់អត្តសញ្ញាណរបស់ក្រុមលោក មីន អោងឡាំង ហើយ ក្រុមលោក មីន អោងឡាំង ទៅវិញទេ ដែលដាក់ឈ្មោះខ្លួនថាជានាយករដ្ឋមន្ត្រី។
ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងជាគណៈប្រតិភូអមដំណើរលោកនាយករដ្ឋមន្ត្រីក្នុងដំណើរនេះក៏បានលើកឡើងដែរថា ដំណើរទស្សនកិច្ចនេះមិនមានន័យថាកម្ពុជាទទួលស្គាល់របបសឹកភូមាឡើយ។
លោក ប្រាក់ សុខុន បញ្ជាក់ថា៖ «បើយើងនិយាយពីការទទួលស្គាល់វិញ វាជាពាក្យមួយមិនចាំបាច់ក្នុងការលើកនៅទីនេះទេ ព្រោះប្រទេសនានាបានរក្សាទំនាក់ទំនងការទូតរបស់ខ្លួនជាមួយរបបក្រុងណៃពីដោរហូតមកដល់សព្វថ្ងៃ គ្រប់ស្ថានទូតទាំងអស់នៅតែរក្សា នេះមិនមែនជាការទទួលស្គាល់អីទេ គ្រាន់តែជាការបន្តបំពេញការងារ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ» ។
ក្នុងសេចក្តីប្រកាសព័ត៌មានរួមស្តីពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសមីយ៉ាន់ម៉ា ចេញពីក្រុងណៃពីដោនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ បានសរសេរដូច្នេះថា៖ «តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា» ។
អ្នកឃ្លាំមើលសង្គមមួយចំនួនយល់ថា រដ្ឋាភិបាលកម្ពុជាទទួលស្គាល់របបសឹកភូមា និងធ្វើឱ្យរបបមួយនេះស្របច្បាប់ ខណៈបណ្តាប្រទេសដទៃមិនបានទទួលស្គាល់លោកមីន អោងឡាំង ជានាយករដ្ឋមន្ត្រីស្របច្បាប់ឡើយ ។
លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព យល់ឃើញពីទិដ្ឋភាពពីរយ៉ាងទៅលើចំណុចនៃសេចក្តីថ្លែងការណ៍រួមនេះ ។ ទីមួយ លោកយល់ថា ជាការទទួលស្គាល់របបសឹកភូមាជារបបស្របច្បាប់ ឯចំណុចទី២វិញ លោកថា វាជាបច្ចេកទេសការទូតរបស់កម្ពុជាក្នុងការលើកជើងដល់សមាសភាគីក្រុមលោកមីន អោងឡាំង ដើម្បីឱ្យការចរចារមានប្រសិទ្ធិភាព ។
លោកបន្តថា៖ «ក្នុងការចរចារនយោបាយបញ្ចប់ជម្លោះ វាតម្រូវឱ្យភាគីម្ខាងព្យាយាមយកចិត្តភាគីម្ខាងទៀត វារាងលើកតម្កើង លើកជើងភាគីម្ខាងទៀតដែរ ដើម្បីទទួលបានលទ្ធផល ឧទាហរណ៍កម្ពុជាចង់បានការធ្វើសម្បទានពីរបបយោធាហ្នឹង អ៊ីចឹង ចង់មិនចង់ ភាគីកម្ពុជាត្រូវតែដាក់ឈ្មោះលោក មីន អោងឡាំង ហ្នឹង ជានាយករដ្ឋមន្ត្រី ជាលក្ខណៈការទូត ឬជាយុទ្ធសាស្រ្តណាមួយ ដើម្បីឱ្យលោក មីន អោងឡាំង មានចិត្តទន់ ឬបង្ហាញថា កម្ពុជាឱ្យតម្លៃខ្លួន ដើម្បីសម្រួលដល់កិច្ចចរចារផ្សេងទៀតផង» ។
លោកបន្ថែមថា បើពិនិត្យមើលក្នុងសេចក្តីថ្លែងការណ៍រួមនោះជាលក្ខណៈការទូតវិញ បង្ហាញថា កម្ពុជាពិតជាទទួលស្គាល់របបសឹកភូមាពិតមែន ហើយសបង្ហាញថាកម្ពុជាទទួលស្គាល់លោកមីន អោងឡាំង ជាអ្នកតំណាងដល់មីយ៉ាន់ម៉ាទាំងមូល ។
ចំណែកលោក អ៊ុំ សំអាន អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិយល់ឃើញថា ជាទង្វើមិនត្រឹមត្រូវឡើយដែលក្នុងសេចក្តីថ្លែងការណ៍នោះចាំបាច់ហៅលោក មីន អោងឡាំង ថាជានាយករដ្ឋមន្ត្រី ព្រោះលោកមិនមែនកើតចេញពីការបោះឆ្នោតពីសំណាក់ពលរដ្ឋភូមាឡើយ ហើយសហគមន៍អន្តរជាតិក៏មិនបានទទួលស្គាល់របបសឹកនេះនោះដែរ ។
លោកបន្តថា៖ «លោកហ៊ុន សែន ហៅលោកមីន អោងឡាំងថាជានាយករដ្ឋមន្ត្រី ព្រោះលោកហ៊ុន សែន កាលពីឆ្នាំ១៩៩៧ ក៏បានធ្វើរដ្ឋប្រហារដែរ អ៊ីចឹងមេរដ្ឋប្រហារដូចគ្នា គាត់ទទួលស្គាល់ជាការស្របច្បាប់ពីរដ្ឋប្រហារ ជាការយល់ច្រឡំធំណាស់» ។
លោកបន្ថែមថា បើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទទួលស្កាល់របបក្រុងណៃពីណោ របស់របបសឹកភូមា ជារដ្ឋាភិបាលស្របច្បាប់ហើយនោះ វាជាផលលំបាកក្នុងកិច្ចចរចារជាមួយបណ្តាភាគីនានាឯទៀត ក្នុងការបញ្ចប់វិបត្តិនយោបាយភូមា ។
លោកអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ធ្វើការបកស្រាយត្រង់ចំណុចនេះ ឬធ្វើការសរសេរសេចក្តីថ្លែងការណ៍រួមសារជាថ្មី ដើម្បីបំបាត់ការសង្ស័យ ឬការភាន់ច្រឡំពីមតិអន្តរជាតិ និងពីបណ្តាប្រទេសអាស៊ានផងដែរ។
គួររំឮកថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋជាមួយរបបក្រុងណៃពីដោក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដោយបានធ្វើការជួបពិភាក្សាជាមួយក្រុមលោកមីន អោងឡាំង ដែលបានធ្វើរដ្ឋប្រហារទម្លាក់ដំណែងអ្នកស្រីអោង សានស៊ូជី ពីដំណែងជានាយករដ្ឋមន្ត្រីស្របច្បាប់ពីការបោះឆ្នោតកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់កម្ពុជា និងក៏ជាលើកទីមួយ ដែលមានមេដឹកនាំប្រទេសទៅបំពេញទស្សនកិច្ចផ្លូវការជាមួយរបបយោធានៃក្រុងណៃពីដោនេះផងដែរ៕