ខេត្តតាកែវ៖ លោកផាន់ ឆាន់ កំពុងឱន ងើបយកដៃដកស្មៅ និងដាក់ជីថែទាំដាំណាំស្រូវរបស់គាត់យ៉ាងយកចិត្តទុកដាក់ នៅចំកណ្ដាលវាលស្រែពណ៌បៃតងដ៏ខៀវស្រងាត់ ទឹកមុខពោរពេញដោយក្ដីរំភើបនឹងដំណាំស្រូវស្រស់ល្អខៀវខ្ចីរបស់គាត់។

បុរសដែលមានអាយុ៧៥ ជាកសិករម្នាក់រស់នៅក្នុងភូមិទួលក្រសាំងខ ឃុំអង្គរបុរី ស្រុកអង្គរបុរី​ បាននិយាយថា ក្នុងមួយឆ្នាំលោកអាចធ្វើស្រែបានបីដង ហើយចំណែកការប្រមូលផលស្រូវវិញគឺទទួលបានផលល្អប្រសើរ ព្រោះនៅតំបន់នេះមានទឹកគ្រប់គ្រាន់ ហើយការដាំដុះស្រូវធ្វើម្ដងក្នុងមួយហិចតាអាចទទួលបានផលស្រូវចន្លោះពី ៨តោន ទៅ ១០តោន។

លោកផាន់ ឆាន់

ទោះ​ជា​យ៉ាង​ណា លោកបាន​បន្ថែម​ថា ការ​កើន​ឡើង​ការ​ចំណាយ​កំពុង​កាត់បន្ថយ​ប្រាក់​ចំណេញ​របស់​គាត់។ ថ្មីៗនេះតម្លៃជីបានឡើងថ្លៃ។ ជីមួយការ៉ុងមានតម្លៃ ១៨ម៉ឺនរៀល (៤៥ ដុល្លារ) ឬ ២០ម៉ឺនរៀល (៥០ដុល្លារ) ប្រសិនបើគាត់បង់រំលោះ។ តម្លៃ​ពីមុនមានចន្លោះ​ពី ១០​ម៉ឺន​រៀល​ទៅ ​១២​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ លើស​ពី​នេះ តម្លៃ​សាំងក៏​ឡើង​ថ្លៃ ដែល​នាំ​ឱ្យ​ប្រាក់​ចំណូល​មិន​មាន​តុល្យភាព​ពី​ការ​លក់​ស្រូវរបស់​គាត់។

ឧបសគ្គមួយទៀតរបស់កសិករ គឺពួកគាត់ត្រូវឆ្លងកាត់ឈ្មួញកណ្តាលនៅពេលលក់ផលិតផលរបស់ពួកគាត់ ដែលនាំឱ្យបាត់បង់ប្រាក់ចំណេញបន្ថែមទៀត។ ជំងឺរាតត្បាតកូវីដ១៩ ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​កសិផល​ឡើង​ថ្លៃ​ដែរ ដែល​មិន​ស្រប​នឹង​តម្លៃ​ស្រូវ។

«តាមដែលខ្ញុំដឹងមក តម្លៃស្រូវដែលខាងវៀតណាមផ្ដល់មកឲ្យខាងខ្មែរមានតម្លៃក្នុងមួយគីឡូ ១៥០០រៀល ប៉ុន្ដែខ្មែរយើងសង្កត់កខ្មែរយើង ដោយឈ្នួញខ្មែរយើងទិញពីយើងក្នុងតម្លៃថោក ដើម្បីលក់បន្ដទៅឲ្យឈ្នួញវៀតណាម។»

ប្រជាជននៅខេត្តតាកែវ ៩០ភាគរយ ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ហើយលោកឆាន់ ក៏បានបញ្ជាក់ផងដែរថា នេះសំណាងហើយឆ្នាំនេះមានទឹកគ្រប់គ្រាន់ មិនចាំបាច់បូមទឹកបញ្ចូលស្រែដូចឆ្នាំមុន ទើបការចំណាយទៅលើកប្រេងសាំងមិនសូវមាន។

កាលពីមុនៗមកនោះការចំណាយពិតជាអស់ច្រើន ហើយផលស្រូវយើងក៏ទទួលបានច្រើនណាស់ដែរ ប៉ុន្ដែស្រូវមានតម្លៃថោកខ្លាំងនៅពេលនេះ ដោយក្នុងមួយគីឡូក្រាមតម្លៃ ៧០០ រៀល ទៅ ៨០០រៀល។

លោកឆាន់បានស្នើសុំឲ្យរដ្ឋាភិបាល និងមន្ដ្រីមានសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់អំពីទុក្ខលំបាករបស់ប្រជាកសិករផង សូមស្វែងរកទីផ្សារលក់ស្រូវចេញឲ្យមានតម្លៃថ្លៃគួរសមល្មមអាចទូទាត់ចំណាយបាន និងសល់ចំណូលខ្លះៗដើម្បីចិញ្ចឹមជីវិតបន្ដទៅមុខទៀត។ លោកបានស្នើសុំតម្លៃស្រូវឲ្យបានត្រឹមតែមួយគីឡូ ១០០០រៀលក៏អស់ចិត្ត គឺវាល្មមអាចសល់លុយបន្ដិចបន្ដួចដែរ។

អ្នកស្រី ដេត មានអាយុ ៤៧ ឆ្នាំ ជាប្រពន្ធមេភូមិដើមគ ស្រុកបុរីជលសារ ខេត្តតាកែវបានកំពុងជជែកលេងជាមួយកសិករស្ដ្រីគ្នាឯងប្រមាណ ៤ -៥ នាក់អំពីបញ្ហាស្រូវមានតម្លៃទាបព្រមទាំងទឹកមុខសម្លឹងទៅរកបាវស្រូវរបស់គាត់ទាំងអស់សង្ឃឹម ហើយបាននិយាយថា៖ «ខ្ញុំជាកសិករមួយរូបធ្វើស្រែចំនួន១២ហិចតា។»

អ្នកស្រី ដេត

អំឡុងពេលធ្វើស្រែចម្ការ អ្នកស្រីពិបាកចិត្តខ្លាំងមែនទែន ព្រោះត្រូវចំណាយថវិកាច្រើនទៅលើកម្លាំងពលកម្មដើម្បីជួលគេឲ្យភ្ជួរ និងជួលម៉ាស៊ីនច្រូតស្រូវ ហើយដីដែលអ្នកស្រីធ្វើទៀតសោតនោះជាដីស្រែដែលអ្នកស្រីជួលគេ បូកផ្សំជាមួយនឹងប្រេង ជីឡើងថ្លៃទៀតនោះ អ្នកស្រីសឹងតែគ្មានកម្លាំងចិត្តបន្ដរបរជាកសិករតទៅទៀតដែរ។

អ្នកស្រីបានពោលដូច្នេះថា ស្រូវដែលអ្នកស្រីលក់ចេញក្នុងមួយតោនតម្លៃ ៨០ម៉ឺនក្នុងមួយតោន។

អ្នកស្រីបានបន្ទោសឈ្នួញកណ្ដាលដោយសារតែពួកគេទម្លាក់តម្លៃស្រូវរបស់អ្នកស្រី។ ស្រូវដែលអ្នកស្រីលក់ចេញដំបូងគឺលក់ទៅកាន់ឈ្មួញខ្មែរ តែឈ្មួញខ្មែរទិញពីអ្នកស្រីយកទៅលក់បន្ដនៅវៀតណាមផ្ទាល់ ឬឈ្មួញខ្មែរខ្លះលក់បន្ដទៅឈ្មួញខ្មែរគ្នាឯង ហើយលក់បន្ដទៅកាន់ឈ្មួញវៀតណាម។

អ្នកស្រីបានបន្ថែមទៀតថា តម្លៃស្រូវនៅប្រទេសវៀតណាមគេឲ្យមួយតោនតម្លៃ ១លាន ១សែនរៀល តែឈ្មួញខ្មែរគ្នាឯងជាអ្នកទម្លាក់តម្លៃស្រូវដើម្បីបានចំណេញច្រើន បែរមកទិញតម្លៃស្រូវមួយតោន ៨០ម៉ឺនរៀល។

អ្នកស្រីបានសំណូមពរ សូមឲ្យរាជរដ្ឋាភិបាល និងមន្ដ្រីអាជ្ញាធរជួយស្វែងរកទីផ្សារលក់ស្រូវឲ្យមានតម្លៃថ្លៃជាងនេះ ដើម្បីចំណាយ និងចំណូលមានភាពស៊ីចង្វាក់គ្នា និងសមរម្យល្មមអាចចិញ្ចឹមជីវិតរស់បាន ហើយវាក៏ជាការលើកទឹកចិត្តដល់កសិករឲ្យមានសង្ឃឹមក្នុងការប្រកបរបរកសិកម្មបន្ដទៀតផងដែរ។

លោកឡាយ ជាកសិករធ្វើស្រែនៅស្រុកកោះអណ្ដែត កំពុងធ្វើការច្រូតស្រូវ និងពូតម្ដងមួយកណ្ដាប់ក្រោមកម្ដៅថ្ងៃក្ដៅខ្លាំងព្រមទាំងបែកញើសសស្រាកសស្រាំយ៉ាងមមាញឹកតែម្នាក់ឯងកណ្ដាលវាល់ស្រែពណ៌លឿងក្រហម។

លោកឡាយ

បានប្រាប់លើកឡើងថា នៅស្រុកកោះអណ្ដែត លោកអាចធ្វើស្រែបានតែមួយដងគត់ក្នុងមួយឆ្នាំប៉ុណ្ណោះ ព្រោះតំបន់នេះជាតំបន់ដីលើមិនសូវមានទឹកដូចតំបន់ដីក្រោមជល់សារ និងអង្គរបុរី ដែលមានប្រព័ន្ធទឹកអនុគ្រោះខ្លាំងដូចគេនោះទេ។ រីឯតំបន់នេះវិញមិនមានទេគ្រោះទឹកជំនន់ ធ្លាប់តែមានគ្រោះរាំងស្ងួតម្ដងម្កាល។

លោកឡាយ បានប្រាប់ឲ្យដឹងទៀតថា ស្រូវនៅតំបន់នេះលក់ក្នុងមួយគីឡូបាន ៨០០ -៩០០រៀល តែប៉ុណ្ណោះ វាមិនសមទៅនឹងថវិកាដែលលោកបានចំណាយទៅលើថ្លៃជីមួយការ៉ុង ២០ម៉ឺននោះទេ។ 

ម្យ៉ាងទៀតឥលូវនេះ ភាគច្រើនកសិករធ្វើស្រែដោយប្រើម៉ាស៊ីនច្រូតស្រូវដែលត្រូវជួលគេទៀត។  

អ្នកចងក្រងសហគមន៏កសិកម្មនៅក្នុងខេត្តសៀមរាម លោកញ៉ោ សុភាព បានឲ្យដឹងថាវិស័យកសិកម្មនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ទាំងបច្ចេកទេស ធនធាន ទីផ្សារ ប្រព័ន្ធធារាសាស្ត្រ គោលនយោបាយកសិកម្ម រួមទាំងមធ្យោបាយដឹកជញ្ជួនកសិផល។

លោកបានបន្ថែមថា តាមការសង្កេតរបស់លោក វិស័យកសិកម្មនឹងអាចជួយឲ្យពលរដ្ឋមានជីវភាពសមរម្យ ប្រសិនបើមានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធពិសេសរដ្ឋាភិបាល និង ក្រសួងកសិកម្ម។

លោកបានប្រាប់ឲ្យដឹងថា៖ «តាមការសង្កេតមើលរបស់ខ្ញុំ ក្នុងនាមជាអ្នកធ្វើកសិកម្មផ្ទាល់

វិស័យកសិកម្ម អាចជួយឲ្យកសិករមានជីវភាពធូរធារ ប្រសិនបើមានការជួយគាំទ្រពីគ្រប់វិស័យ ទាំងវិស័យរដ្ឋាភិបាល ទាំងវិស័យឯកជន ហើយនឹងទាំងវិស័យសង្គមស៊ីវិល។»

ឈ្មួញកណ្តាលក្នុង​ខេត្ត​តាកែវ​ជា​ច្រើន​នាក់​ត្រូវ​បាន​ទាក់​ទងដើម្បីសុំការអត្ថាធិប្បាយសម្រាប់អត្ថបទនេះ ក៏​ប៉ុន្តែ​ពួកគេបានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយអ្នកខ្លះបាននិយាយថាឈឺ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកវែង សាខុន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានសុំមិនធ្វើអត្ថាធិប្បាយបន្ថែមនៅពេលទាក់ទងតាមទូរស័ព្ទ ដោយលោកបានប្រាប់ថា លោកគ្មានពេលពន្យល់ពីបញ្ហានេះម្ដងហើយម្ដងទៀតនោះទេ ព្រោះចំណុចខ្លះ គាត់បានសរសេររៀបរាប់នៅលើគេហទំព័រហ្វេសប៊ុករបស់លោករួចហើយ។

​​ «មិនមើលហ្វេសប៊ុកខ្ញុំ មូលហេតុដែលស្រូវចុះថោក ជីឡើងថ្លៃខ្ញុំសរសេរអស់ ហើយសួរដដែលៗ ខ្ញុំធុញ។»

យោងតាមហ្វេសប៊ុករបស់លោកសាខុន ដែលបង្ហោះកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃថ្នាំ និងជីកសិកម្មមានតម្លៃថ្លៃវិញ បណ្ដាលមកពីបណ្ដាប្រទេសដែលជាអ្នកផលិត មានបញ្ហារអាក់រអួលផ្នែកផលិតកម្ម។ វត្ថុធាតុដើមក៏មានការខ្វះខាត ផលិតកម្មជីថយចុះដោយសារតែកង្វះកម្លាំងពលកម្ម ផ្សេងពីនោះក៏មានប្រទេសជាច្រើនដែលបញ្ជាទិញផលលិតផលទាំងនេះមិនមែនមានតែកម្ពុជាមួយទេ ដែលជាហេតុធ្វើឲ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់។

លោកបានសរសេរថា៖ «ការចំណាយលើការវេចខ្ចប់ឡើងវិញក៏ជាបន្ទុកមួយ ដែលត្រូវការ សំបកវេចខ្ចប់បោះពុម្ភជាភាសាខ្មែរ។ ក្រុមហ៊ុនផ្គត់ផ្គង់មួយចំនួនធំមិនបានទៅទិញដល់រោងចក្រផ្ទាល់ ដោយទិញតាមរយៈឈ្មួញកណ្ដាល ជាហេតុធ្វើឲ្យតម្លៃថ្លៃជាងតម្លៃចេញពីរោងចក្រ និងជាមួយគ្នានេះកំណើនក្នុងការប្រើប្រាស់ក៏មានការកើនឡើងខ្លាំង។»