កម្មករនិយោជិតនៃវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលបម្រើការងារនៅតាមបណ្ដារោងចក្រផ្សេងៗ សម្តែងការខកចិត្តទៅនឹងការកាត់បន្ថយថ្ងៃឈប់សម្រាក៦ថ្ងៃ ប្រចាំឆ្នាំ២០២០ ដែលធ្វើឲ្យនិយោជិតម្នាក់ៗខាត់បង់ប្រាក់ចំណូលជាង៤០ដុល្លារ ក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
នៅក្នុងឆ្នាំ២០១៩នេះ ប្រតិទិនឈប់សម្រាកការងារប្រចាំរបស់មន្ត្រីរាជការ និយោជិត កម្មករ សរុបមានចំនួន២៨ថ្ងៃ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២០ ការឈប់សម្រាក ត្រូវបានកាត់បន្ថយមកនៅត្រឹម២២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការស្នើសុំពីតំណាងនិយោជកទៅកាន់រាជរដ្ឋាភិបាល។
ការសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកនេះ នឹងធ្វើឲ្យកម្មករនិយោជិត នៃវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ជាង៧៥ម៉ឺននាក់ ខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំជាង ៣០លានដុល្លារ ពីការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ។ ពួកគេបានស្នើរដ្ឋាភិបាលពិចារណាឡើងវិញអំពីបញ្ហានេះ។
លោក ប៉ុន វណ្ណៈ ដែលជាកម្មករបម្រើការនៅរោងចក្រមួយ ស្ថិតនៅម្ដុំកំបូល ក្រុងភ្នំពេញ ប្រាប់អ្នកសារព័ត៌មានថា ការកាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យជាតិ-អន្តរជាតិដែលមានប្រាក់ឈ្នួល ចំនួន៦ថ្ងៃ ពិតជាបាត់បង់អត្ថប្រយោជន៍ច្រើនដល់កម្មករនិយោជិត។ លោកសង្ឃឹមថាប្រាក់ឈ្នួលអប្បបរមានៃវិស័យកាត់ដេរឆ្នាំ ២០២០ នឹងកើនឡើងខ្ពស់ ធៀបនឹងឆ្នាំ២០១៩ ដើម្បីជាការប៉ះប៉ូវទៅនឹងថ្ងៃឈប់សម្រាក៦ថ្ងៃដែលត្រូវបានកាត់បន្ថយ។
លោក វណ្ណៈ បាននិយាយថា៖ «កម្មករយើងសង្ឃឹមថាប្រាក់ឈ្នួលអប្បបរមា ២០២០ នឹងកើនខ្ពស់ ធៀបនឹងឆ្នាំ២០១៩។ ខ្ញុំគិតថាវាជារឿងធំ ព្រោះខាតប្រយោជន៍ពួកខ្ញុំ។ បើគិតទៅ មួយឆ្នាំខាតប្រហែលជាង៤០ដុល្លារ។ អូ៎ បើមានការកាត់៤ថ្ងៃទៀត រឿងរឹតតែធំហ្មង»។
អគ្គលេខាធិការនៃសភាពាណិជ្ជកម្មកម្ពុជា លោក ណាង សុធី បានថ្លែងក្នុងសន្និសីទព័ត៌មានស្តីពី «ការកាត់បន្ថយថ្ងៃឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត និងកម្មករ» កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា និយោជកសំណូមពរ ក៏ដូចជាស្នើឲ្យរដ្ឋាភិបាលពិចារណា កាត់បន្ថយថ្ងៃឈប់សម្រាកចំនួន៤ថ្ងៃបន្ថែមទៀត ព្រោះថាថ្ងៃឈប់សម្រាក២២ថ្ងៃសម្រាប់ឆ្នាំ២០២០ គឺនៅតែច្រើនជាងគេក្នុងចំណោមប្រទេសផ្សេងទៀត។
កម្មករផ្នែកជាងម៉ាស៊ីន លោក សាត វុទ្ធី ដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឯណោះវិញ ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការកាត់បន្ថយថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំ ២០២០ នឹងប៉ះពាល់ខ្លាំងដល់រូបលោក ក៏ដូចជាកម្មករទូទៅ ទាំងអត្ថប្រយោជន៍ផ្សេងៗ ទាំងពេលវេលាសម្រាប់ខ្លួនឯង និងសម្រាប់ជួបជុំក្រុមគ្រួសារ។
លោក វុទ្ធី និយាយថា ៖ «បើចំពោះខ្ញុំ ក្នុងនាមជាកម្មករនិយោជិត វាមានផលប៉ះពាល់ខ្លាំង ព្រោះខាតប្រយោជន៍ច្រើន មិនថាគេមិនថាខ្ញុំទេ។ ក្រៅពីប៉ះពាល់រឿងប្រាក់ឈ្នួល រឿងពេលវេលាក៏ប៉ះពាល់ដែរ។ សព្វថ្ងៃនេះ បើទូទាត់លាត់សើយការចាយវាយប្រចាំង៉ៃ គ្មានសល់អីទេ អីវ៉ាន់ទីផ្សារក៏ឡើងថ្លៃសព្វបែបយ៉ាង ប្រាក់ឈ្នួលឆ្នាំនេះឡើង១២ដុល្លារ តែថ្លៃទឹកថ្លៃភ្លើងវិញឡើងកប់ពពក ភាគច្រើនគឺអីចឹង»។
មិនខុសពីកង្វល់របស់កម្មករនិយោជិតផ្នែកកាត់ដេរសម្លៀកបំពាក់នោះទេ កម្មករនិយោជិតដែលបម្រើការងារផ្នែកដេរកាបូបនៅរោងចក្រមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ កម្មការិនី យន សូនី លើកឡើងខ្លីៗថា គ្មានអ្វីក្រៅពីសោកស្ដាយទេ នៅពេលដែលថ្ងៃឈប់សម្រាកបុណ្យជាតិ-អន្តរជាតិត្រូវបានកាត់បន្ថយរហូតដល់៦ថ្ងៃ ហើយរដ្ឋាភិបាលគួរតែពិចារណាឡើងវិញ។
សូនី និយាយថា ៖ «ស្ដាយថ្ងៃបុណ្យ រាល់ឆ្នាំធ្វើការថ្ងៃហ្នឹង គេគុណលុយឲ្យ បើគេកាត់បាត់ បានអីគុណទៀត។ សម្ដេចគួរតែពិចារណាសាថ្មី»។
ទាក់ទងនឹងការកាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យជាតិ-អន្តរជាតិ សម្រាប់ឆ្នាំ ២០២០ នេះដែរ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្មករជាង៧៥ម៉ឺននាក់ នឹងខាតបង់ទឹកប្រាក់ជាង ៣០លានដុល្លារ ក្នុង១ឆ្នាំ ពីការថែមម៉ោង នឹងអត្ថប្រយោជន៍ផ្សេងៗ។ លោកថា និយោជកនឹងទទួលបានផលប្រយោជន៍ច្រើនពីការកាត់ថ្ងៃឈប់សម្រាកនេះ ប៉ុន្តែកម្មករនឹងទទួលបានអត្ថប្រយោជន៍តិចតួចពីការឡើងប្រាក់ឈ្នួល១៩០ដុល្លារក្នុង១ខែ ក្នុងឆ្នាំ២០២០។
លោក ស៊ីណា មានប្រសាសន៍ថា ៖ «នៅឆ្នាំ២០២០ ប្រាក់ឈ្នួលកើនដល់១៩០ដុល្លារ ស្របពេលដែលថ្ងៃឈប់ត្រូវកាត់បន្ថយចំនួន៦ថ្ងៃ ចឹងបងប្អូនកម្មករទាំងអស់នឹងខាតបង់ប្រាក់ឈ្នួលខ្ទង់ជិត ៣៣លានដុល្លារ ក្នុង១ឆ្នាំ»។
លោកបន្ថែមថា ៖ «ក្រៅពីការចំណេញ ពីការកាត់ថ្ងៃឈប់សម្រាកហើយ និយោជក ក៏ចំណេញលើការកើនឡើងនៃផលិតភាពការងារផងដែរ។ ខណៈដែលប្រាក់ឈ្នួលឆ្នាំ២០២០ របស់កម្មករកើនឡើងតិចតួច»។
ដោយឡែក អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា ប្រាប់អ្នកសារព័ត៌មាន តាមបណ្ដាញទំនាក់ទំនង Telegram ថា ការកាត់បន្ថយថ្ងៃឈប់សម្រាកបុណ្យជាតិអន្តរជាតិ សម្រាប់ឆ្នាំ២០២០ ដោយសារតែថ្ងៃឈប់សម្រាកបុណ្យជាតិយើងមានចំនួនច្រើនលើសលុប។ លោកថា ការកាត់បន្ថយនេះនឹងធ្វើឲ្យកម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងទីផ្សារអន្តរជាតិ។
លោក ម៉ូនីកា បានមានប្រសាសន៍ថា ៖ «នេះគឺជាការសម្រេចចិត្តដែលមានលក្ខណៈសេដ្ឋកិច្ចពិតប្រាកដ គឺថាកម្ពុជាត្រូវរក្សានិងពង្រឹងនូវភាពក្រកួតប្រជែងរបស់ខ្លួនលើទីផ្សារពិភពលោក។ ថ្ងៃឈប់សម្រាកបុណ្យជាតិយើង ហើយនិងការឈប់សម្រាកដែលមានចែងក្នុងច្បាប់ស្តីពីការងារ គឺវាមានចំនួនច្រើនលើសលុប ហើយបញ្ហានេះវាបានប៉ះពាល់ដល់ផលិតភាពរបស់កម្ពុជា»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននោះទេ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ប្រកាសថាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ គឺ១៩០ដុល្លាក្នុងមួយខែ ដែលត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ គឺ១៨២ដុល្លារ។
កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ស្ដីពី «ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២០» ដែលតម្រូវឲ្យមានការកាត់បន្ថយថ្ងៃឈប់សម្រាកចំនួន៦ថ្ងៃ ដោយក្នុងនោះរួមមានថ្ងៃសំខាន់ៗមួយចំនួនដែរ ដូចជា ទិវាកុមារអន្តរជាតិ (០១ មិថុនា) កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា) ទិវាសិទ្ធិមនុស្សអន្តរជាតិ (១០ ធ្នូ) ជាដើម៕