ចំនួនភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះ ចន្លោះពី៣០ទៅ៥០ ភាគរយ នៅខេត្តតំបន់ទេសចរណ៍សំខាន់ៗបី គឺខេត្តសៀមរាប បាត់ដំបង និងព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ឆ្នាំ២០១៩នេះ បើធៀបទៅនឹងរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំ២០១៨។
យោងតាមគេហទំព័ររបស់មន្ទីរទេសចរណ៍ខេត្ត សៀមរាម បាត់ដំបង និងព្រះវិហារ បានឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ (២៧-២៨-២៩) ខែកញ្ញា ឆ្នាំ២០១៩ ភ្ញៀវទេសចរអន្តរជាតិបានធ្វើដំណើរទៅទស្សនាខេត្តទាំងនោះ មានការធ្លាក់ចុះប្រមាណពី ៣០-៥០ ភាគរយ ដែលបណ្តាលមពីជំនន់ទឹកភ្លៀង និងការផ្លាស់ប្តូរកន្លែងកម្សាន្តរបស់ភ្លៀវទេសចរ។ ការធ្លាក់ចុះ នៃចំនួនភ្ញៀវទេចរបរទេសនេះ បានធ្វើឲ្យបាត់បង់ចំណូលដល់ អ្នកនាំភ្ញៀវ អ្នកលក់ម្ហូបអាហារ និងអ្នកលក់វត្ថុអនុស្សាវរីយ៍។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ថា ការថយចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃឆ្នាំនេះ ដោយសារកត្តាមួយចំនួនរួមមាន គ្រោះធម្មជាតិ ដែលបង្កឲ្យមានជំនន់ធ្ងន់ធ្ងរ ដំណើរកម្សាន្តចល័តរបស់ភ្ញៀវទេសចរអន្តរជាតិ និងពិធីបុណ្យភ្ជុំជាបុណ្យប្រពៃណីជាតិរបស់ខ្មែរ។
លោក វិបុល មានប្រសាសន៍ថា៖ «បញ្ហាហ្នឹង ធ្លាក់ចុះស្ទើរតែទូទៅទៅហើយ។ ធម្មតាទេ បុណ្យទានប្រពៃណីខ្មែរចឹង ភ្ញៀវបរទេសមិនសូវជាមានសកម្មភាពអីប៉ុន្មានទេ។ សំខាន់គាត់ដើរទៅតាមធួរ [ដំណើរកម្សាន្ត] របស់គាត់ ព្រោះកញ្ចប់ធួររបស់គាត់អាចធ្វើឡើងក្រោយភ្ជុំបិណ្ឌដែលជារដូវផុតទឹកភ្លៀង។ ប៉ុន្តែ [ការធ្លាក់ចុះ] វាមិនពាក់ព័ន្ធទៅដល់ការៀបគុណភាពសេវាយើងទេ វាពាក់ព័ន្ធនឹងរដូវកាលដែរ។»
លោក វិបុល បន្ថែមថា៖ «ការធ្លាក់ចុះហ្នឹង គឺភ្ញៀវដើរលេងវិលចុះវិលឡើង កន្លែងធ្លាប់មកហើយគឺគេទៅកន្លែងផ្សេងវិញ កន្លែងមិនធ្លាប់មកគេក៏មកលេងចឹងទៅ។ អាហ្នឹងជាហេតុផលមួយដែរ។»
សៀមរាប បាត់ដំបង និងព្រះវិហារ គឺជាខេត្តដែលមានសក្ដានុពលផ្នែកវិស័យទេសចរណ៍ ដោយសារខេត្តទាំងនេះសម្បូរទាំងតំបន់រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិបានច្រើនឲ្យមកដើរកម្សាន្ត។ ប៉ុន្តែក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិបែរជាមានការធ្លាក់ចុះ បៀប្រធៀបទៅឆ្នាំមុន។
យោងតាមគេហទំព័ររបស់មន្ទីរទេសចរណ៍ខេត្ត ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ខេត្តសៀមរាប មានភ្ញៀវអន្តរជាតិចំនួន ១៤.០៧៥ នាក់ មានការថយចុះ ៣៧,២៣ ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួន ២២.៤២២ នាក់ ខណៈខេត្តបាត់ដំបងទទួលបានភ្ញៀវអន្តរជាតិចំនួន ១៣៣ នាក់ ថយចុះ ៣៥,០៧ ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨ មានចំនួន ២០៧ នាក់។ ចំណែកឯ ខេត្តព្រះវិហារទទួលបានភ្ញៀវអន្តរជាតិចំនួន ៤១២ នាក់ ថយចុះ ៥១,៣០ ភាគរយ ធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួន ៨៤៦ នាក់។
លោក វ៉ែន មករា មន្ត្រីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០១៩ ដោយសារភាគច្រើន នៃភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំ តែងតែផ្លាស់ប្ដូរកន្លែងកម្សាន្តពីតំបន់មួយទៅតំបន់មួយ។ លោកថា កាលពីឆ្នាំ២០១៨ ក្រៅពីតំបន់គោលដៅហើយ គឺមានការបូកបញ្ចូលចំនួនភ្ញៀវដែលទៅកម្សាន្តតំបន់ផ្សេងៗ ប៉ុន្តែឆ្នាំ២០១៩នេះ គឺប្រមូលទិន្នន័យតែតាមតំបន់គោលដៅដែលមានការលក់សំបុត្រប៉ុណ្ណោះ។
លោក មករា មានប្រសាសន៍ថា៖ «ការពិតទៅ កាលពីឆ្នាំ២០១៨ យើងបានបូកបន្ថែមទាំងភ្ញៀវដែលទៅកម្សាន្តតំបន់ផ្សេងៗ ដោយឡែកឆ្នាំនេះ យើងអត់បានប្រមូលទិន្នន័យទាក់ទងនឹងភ្ញៀវ [អន្តរជាតិ] ដែលទៅកម្សាន្តនៅខាងក្រៅតំបន់។ យើងរាប់តែសំបុត្រជាក់ស្ដែងតាមតំបន់គោលដៅប៉ុណ្ណោះ»។
លោក មករា បន្ថែមថា៖ «ការធ្លាក់ចុះនេះ បើគិតទៅជាការវិលជុំរបស់ភ្ញៀវ ឆ្នាំនេះមកលេងខេត្តយើង ឆ្នាំក្រោយទៅលេងខេត្តគេ ជួនកើនជួនថយចឹងទៅ»។
មគ្គុទេសក៍ផ្នែកបកប្រែភាសាអង់គ្លេសនៅតំបន់អង្គរ លោក តុង ហាន់ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ធ្វើឲ្យលោកពិបាកក្នុងការរកថវិកាដើម្បីផ្គត់ផ្គង់គ្រួសារឲ្យរស់នៅសមរម្យបាន។ លោកថា ឆ្នាំមុនៗពេលរដូវកាលបុណ្យភ្ជុំបិណ្ឌ មគ្គុទេសក៍ខ្លះអាចរកចំណូលបានចាប់ពី ៣០០ ទៅ ៥០០ ដុល្លារ ខណៈដែលឆ្នាំនេះរកចំណូលបានតិចជាងមុន។
លោក ហាន់ លើកឡើងថា៖ «ពេលភ្ញៀវបរទេសធ្លាក់ចុះ ផលវិបាកដែលពួកយើងជាមគ្គុទេសក៍ទេសចរណ៍ជួប គឺមិនអាចរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យរស់នៅសមរម្យបាន។ ឆ្នាំមុនៗ ឲ្យតែដល់ខែហ្នឹង [បុណ្យភ្ជុំបិណ្ឌ] មគ្គុទេសក៍ខ្លះអាចរកបានពី ៣០០ ទៅ ៥០០ ដុល្លារ ដល់ឥឡូវរកបានតិច។ ក្រៅពីនេះ អ្នកលក់ម្ហូបអាហារ កាហ្វេផ្សេងៗហ្នឹង ក៏បាត់បង់អតិថិជនដែរ ធ្វើឲ្យពិបាករកចំណូលទប់រៀងៗខ្លួន»។
លោក ប៊ី មាម អ្នកលក់វត្ថុអនុស្សារវីយ៍នៅតំបន់អង្គរអស់រយៈពេល៦ឆ្នាំមកហើយ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ថា នាឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ការលក់របស់គាត់មានការធ្លាក់ចុះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ អ្នកលក់វត្ថុអនុស្សាវរីយ៍រូបនេះបញ្ជាក់ថា ការធ្លាក់ចុះនៃការលក់ដូររបស់គាត់ បន្តកើតមានពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យលោកកាន់តែព្រួយបារម្ភ ព្រោះវាប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់លោក។
លោក ប៊ី មាម ឲ្យដឹងថា៖ «និយាយទៅ ឆ្នាំមុនលក់ដាច់ជាង ហើយលក់ឲ្យភ្ញៀវបរទេសបានថ្លៃជាងភ្ញៀវខ្មែរតិចតួច។ ថ្ងៃបុណ្យចឹងលក់ធម្មតា មិនឡើងថ្លៃទេ»។
លោកបន្ថែមថា៖ «ពេលភ្ញៀវបរទេសធ្លាក់ចុះចឹង ប៉ះពាល់ អ្នកលក់ដូចខ្ញុំចឹងប្រឈមមុខជាងគេ កាលណាលក់អត់សូវដាច់ លុយក៏បានតិចតាមនោះដែរ»។
ដោយឡែកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ មិនអាចទាក់ទងសុំផ្ដល់បទសម្ភាសបាននោះទេ។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចំនួនភ្ញៀវទេសចរជាតិដែលដើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំង ២៥ រាជធានី-ខេត្ត មានចំនួន ១.៣៦១.២៤០ នាក់ ចំណែកភ្ញៀវទេសចរអន្តរជាតិមានចំនួន ៧៦.៧៤៨ នាក់៕