ចំនួន​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​បាន​ធ្លាក់ចុះ ចន្លោះពី៣០ទៅ៥០ ភាគរយ នៅ​ខេត្តតំបន់​ទេសចរណ៍សំខាន់​ៗបី គឺខេត្តសៀមរាប បាត់ដំបង និងព្រះវិហារ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​រយៈ​ពេល​៣ថ្ងៃ ឆ្នាំ​២០១៩​នេះ បើធៀបទៅនឹងរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំ២០១៨។

យោងតាម​គេហទំព័រ​របស់​មន្ទីរ​ទេសចរណ៍​​ខេត្ត សៀមរាម បាត់ដំបង និងព្រះ​វិហារ បាន​ឲ្យ​ដឹងថា រយៈ​​ពេល​៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ (២៧-២៨-២៩) ខែកញ្ញា ឆ្នាំ២០១៩ ភ្ញៀវ​ទេសចរអន្តរជាតិ​បាន​​ធ្វើដំណើរ​​ទៅទស្សនា​​ខេត្តទាំងនោះ មានការធ្លាក់ចុះ​ប្រមាណពី ៣០-៥០ ភាគរយ ដែលបណ្តាលមពីជំនន់ទឹកភ្លៀង និងការផ្លាស់ប្តូរកន្លែងកម្សាន្តរបស់ភ្លៀវទេសចរ។ ការធ្លាក់ចុះ នៃចំនួនភ្ញៀវទេចរបរទេសនេះ បានធ្វើឲ្យ​បាត់បង់ចំណូលដល់ អ្នកនាំភ្ញៀវ អ្នកលក់​ម្ហូប​អាហារ​ និងអ្នកលក់​វត្ថុ​អនុស្សាវរីយ៍។

លោក គង់ វិបុល ប្រធាន​មន្ទីរទេសចរណ៍​ខេត្តព្រះវិហារ បានប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩​ថា ការថយ​ចុះនៃចំនួន​ភ្ញៀវទេសចរអន្តរជាតិ​ក្នុងថ្ងៃបុណ្យភ្ជុំ​បិណ្ឌ៣ថ្ងៃ​ឆ្នាំនេះ ដោយសារកត្តាមួយចំនួនរួមមាន ​គ្រោះធម្មជាតិ ដែលបង្កឲ្យមានជំនន់ធ្ងន់ធ្ងរ ​ដំណើរកម្សាន្ត​ចល័ត​​របស់ភ្ញៀវទេសចរ​អន្តរជាតិ និងពិធីបុណ្យភ្ជុំជាបុណ្យប្រពៃណី​ជាតិ​របស់ខ្មែរ។

លោក វិបុល មាន​ប្រសាសន៍ថា៖ «បញ្ហាហ្នឹង ធ្លាក់ចុះ​ស្ទើរតែ​ទូទៅទៅ​ហើយ។ ធម្មតាទេ បុណ្យទាន​ប្រពៃណីខ្មែរ​ចឹង ភ្ញៀវបរទេស​មិនសូវ​ជា​​មាន​សកម្មភាព​​អីប៉ុន្មានទេ។ សំខាន់​គាត់ដើរទៅ​តាមធួរ [ដំណើរកម្សាន្ត] របស់​គាត់ ព្រោះកញ្ចប់ធួររបស់គាត់អាចធ្វើឡើងក្រោយភ្ជុំបិណ្ឌ​ដែល​ជា​រដូវ​​ផុតទឹកភ្លៀង។ ប៉ុន្តែ [ការធ្លាក់ចុះ] វា​មិនពាក់ព័ន្ធទៅ​ដល់កា​រៀបគុណភាព​សេវាយើង​ទេ វាពាក់ព័ន្ធ​នឹងរដូវ​កាល​ដែរ។»

លោក វិបុល បន្ថែម​ថា៖ «ការធ្លាក់ចុះហ្នឹង គឺភ្ញៀវ​ដើរលេង​​វិលចុះវិលឡើង កន្លែង​ធ្លាប់មកហើយ​គឺគេទៅ​កន្លែង​ផ្សេងវិញ កន្លែងមិនធ្លាប់មកគេក៏មកលេងចឹងទៅ។ អាហ្នឹងជាហេតុផលមួយដែរ។»

ភ្ញៀវទេសចរជាតិ​ទៅកម្សាន្តនៅតំបន់ទឹកធ្លាក់ នៅរមណីយដ្ខានធម្មជាតិមួយក្នុង​ខេត្ត​ព្រះវិហារ រូបភាពបង្ហោះ​នៅលើ​ហ្វេសប៊ុក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ (ដោយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ)
ភ្ញៀវទេសចរជាតិ​ទៅកម្សាន្តនៅតំបន់ទឹកធ្លាក់ នៅរមណីយដ្ខានធម្មជាតិមួយក្នុង​ខេត្ត​ព្រះវិហារ រូបភាពបង្ហោះ​នៅលើ​ហ្វេសប៊ុក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ (ដោយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ)

សៀមរាប បាត់ដំបង និងព្រះវិហារ គឺជាខេត្តដែល​មានសក្ដានុពល​ផ្នែក​វិស័យទេសចរណ៍ ដោយសារ​ខេត្ត​ទាំងនេះ​​សម្បូរ​ទាំងតំបន់​​រមណីយដ្ឋាន​​ធម្មជាតិ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដែល​អាចទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ-អន្តរជាតិ​បានច្រើន​ឲ្យមក​ដើរ​កម្សាន្ត​។ ប៉ុន្តែក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិបែរជាមានការធ្លាក់ចុះ​ បៀប្រធៀបទៅឆ្នាំមុន។

យោងតាម​គេហទំព័រ​របស់​មន្ទីរ​ទេសចរណ៍​​ខេត្ត ចេញផ្សាយកាលពីថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ខេត្តសៀមរាប មានភ្ញៀវអន្តរជាតិ​ចំនួន ១៤.០៧៥ នាក់ មានការថយចុះ ៣៧,២៣ ភាគរយ ធៀបទៅ​​នឹងឆ្នាំ២០១៨  ដែល​មាន​ចំនួន ២២.៤២២ នាក់ ខណៈ​ខេត្តបាត់ដំបង​​​ទទួលបាន​ភ្ញៀវអន្តរជាតិ​​​ចំនួន ១៣៣ នាក់ ថយចុះ ៣៥,០៧ ភាគរយ ធៀបទៅ​​នឹងឆ្នាំ២០១៨ មានចំនួន ២០៧ នាក់។  ចំណែកឯ ​ខេត្តព្រះវិហារ​ទទួលបាន​​ភ្ញៀវ​អន្តរជាតិ​​ចំនួន ៤១២ នាក់ ថយ​ចុះ ៥១,៣០ ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំ២០១៨ ដែល​មានចំនួន ៨៤៦ នាក់។

លោក វ៉ែន មករា មន្ត្រីមន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ថា ការ​ធ្លាក់ចុះ​​នៃ​ចំនួន​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅថ្ងៃ​បុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០១៩ ដោយសារភាគ​ច្រើន នៃ​ភ្ញៀវទេសចរ​ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំ តែងតែ​ផ្លាស់ប្ដូរ​កន្លែង​កម្សាន្ត​​ពីតំបន់​មួយ​ទៅតំបន់​មួយ។ លោកថា កាល​ពីឆ្នាំ​២០១៨ ក្រៅពី​តំបន់គោល​ដៅ​ហើយ គឺ​មាន​ការ​បូកបញ្ចូល​ចំនួន​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​​តំបន់​ផ្សេងៗ ប៉ុន្តែ​ឆ្នាំ២០១៩នេះ គឺប្រមូល​ទិន្នន័យ​​តែ​តាម​តំបន់​គោលដៅ​ដែល​មានការ​លក់សំបុត្រ​ប៉ុណ្ណោះ។ 

លោក មករា មាន​ប្រសាសន៍​ថា៖ «ការពិតទៅ កាល​ពីឆ្នាំ២០១៨ យើង​បានបូក​បន្ថែមទាំង​ភ្ញៀវដែល​ទៅ​កម្សាន្ត​តំបន់ផ្សេងៗ ដោយឡែក​ឆ្នាំនេះ យើង​អត់បាន​ប្រមូលទិន្នន័យ​ទាក់ទង​នឹង​ភ្ញៀវ [អន្តរជាតិ] ដែល​ទៅកម្សាន្ត​នៅខាង​ក្រៅតំបន់។ យើង​រាប់តែ​សំបុត្រ​ជាក់ស្ដែង​តាមតំបន់​គោលដៅ​ប៉ុណ្ណោះ»។

លោក មករា បន្ថែមថា៖ «ការ​ធ្លាក់ចុះ​នេះ បើគិត​ទៅជា​ការវិល​ជុំរបស់​ភ្ញៀវ ឆ្នាំនេះ​មកលេង​ខេត្តយើង ឆ្នាំក្រោយ​ទៅលេង​ខេត្តគេ ជួនកើនជួនថយ​ចឹងទៅ»។

មគ្គុទេសក៍​ផ្នែក​​បកប្រែ​ភាសា​អង់គ្លេស​នៅ​តំបន់អង្គរ លោក តុង ហាន់ ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ថា ការធ្លាក់​ចុះនៃ​ចំនួនភ្ញៀវ​ទេសចរ​អន្តរជាតិ ធ្វើឲ្យ​លោក​ពិបាក​ក្នុងការរក​ថវិកា​ដើម្បីផ្គត់ផ្គង់គ្រួសារ​ឲ្យរស់នៅ​សមរម្យ​បាន។ លោកថា ឆ្នាំមុនៗ​ពេលរដូវកាល​​បុណ្យភ្ជុំបិណ្ឌ មគ្គុទេសក៍ខ្លះ​​អាចរកចំណូល​បានចាប់ពី ៣០០ ទៅ ៥០០ ដុល្លារ ខណៈ​ដែលឆ្នាំ​នេះ​រកចំណូល​​បានតិច​ជាង​​មុន។ 

លោក ហាន់ លើក​ឡើង​ថា៖ «ពេលភ្ញៀវបរទេសធ្លាក់ចុះ ផលវិបាក​ដែល​ពួកយើង​ជាមគ្គុទេសក៍​ទេសចរណ៍​ជួប គឺ​មិនអាច​រក​ប្រាក់​ដើម្បីផ្គត់ផ្គង់​ជីវភាព​គ្រួសារឲ្យរស់នៅ​សមរម្យ​បាន។ ឆ្នាំមុនៗ ឲ្យតែដល់ខែហ្នឹង [បុណ្យភ្ជុំបិណ្ឌ] មគ្គុទេសក៍ខ្លះអាចរកបានពី ៣០០ ទៅ ៥០០ ដុល្លារ​ ដល់ឥឡូវរកបានតិច​។ ក្រៅ​ពីនេះ អ្នក​លក់​ម្ហូបអាហារ កាហ្វេផ្សេងៗហ្នឹង ក៏បាត់​បង់អតិថិជន​ដែរ ធ្វើឲ្យពិបាករកចំណូល​ទប់​រៀង​ៗ​ខ្លួន»។

លោក ប៊ី មាម អ្នក​លក់វត្ថុអនុស្សារវីយ៍​នៅ​តំបន់អង្គរអស់រយៈ​ពេល​៦ឆ្នាំ​មកហើយ​ ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី០២ ខែ​តុលា ឆ្នាំ២០១៩ ថា នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣ថ្ងៃ ការ​លក់របស់​​គាត់​​មាន​ការ​ធ្លាក់​ចុះ បើធៀបទៅ​នឹងរយៈ​ពេល​ដូចគ្នា​កាល​ពីឆ្នាំ​២០១៨។ អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​រូប​នេះ​បញ្ជាក់​ថា ការធ្លាក់​ចុះនៃ​ការ​លក់ដូរ​របស់គាត់ បន្តកើត​មាន​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ ដែល​ធ្វើឲ្យលោក​កាន់តែ​ព្រួយ​​បារម្ភ ព្រោះ​​វាប៉ះពាល់​​ដល់ស្ថានភាព​សេដ្ឋកិច្ចគ្រួសារ​របស់​លោក។

លោក ប៊ី មាម ឲ្យដឹង​ថា៖ «និយាយ​ទៅ ឆ្នាំមុន​លក់​ដាច់​ជាង ហើយ​លក់ឲ្យភ្ញៀវ​បរទេស​បានថ្លៃជាង​​ភ្ញៀវខ្មែរ​តិចតួច។ ថ្ងៃបុណ្យចឹង​លក់ធម្មតា មិនឡើងថ្លៃទេ»។

លោកបន្ថែមថា៖ «ពេល​ភ្ញៀវបរទេស​ធ្លាក់ចុះ​ចឹង ប៉ះពាល់ អ្នក​លក់ដូច​ខ្ញុំចឹង​ប្រឈម​មុខ​ជាង​គេ​ កាលណា​​លក់​​អត់សូវដាច់ លុយ​ក៏បាន​តិចតាម​នោះដែរ»។

ដោយឡែកប្រធាន​មន្ទីរទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ មិន​អាចទាក់ទង​សុំផ្ដល់​បទសម្ភាស​​បាន​នោះទេ។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍​ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចំនួនភ្ញៀវទេសចរជាតិ​ដែលដើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំង ២៥ រាជធានី-ខេត្ត មានចំនួន ១.៣៦១.២៤០ នាក់ ចំណែកភ្ញៀវទេសចរអន្តរជាតិ​មានចំនួន ៧៦.៧៤៨ នាក់៕