ខណៈដៃកាន់ច្រវាអុំទូក ម្ដងឆ្វេង ម្ដងស្ដាំ ដើម្បីតម្រង់ទិសតាមប្រឡោះដើមឈើធំៗ លើផ្ទៃទឹកថ្លាឈ្វេង ក្រោមម្លប់ដ៏ត្រជាក់ នៃព្រៃលិចទឹក ស្ត្រីវ័យ ៥២ ឆ្នាំម្នាក់ កំពុងអង្គុយនៅក្បាលទូក សម្លឹងទៅមុខមើលផ្លូវ ដោយអុំទូកបណ្ដើរ រៀបរាប់បណ្ដើរ ពីបញ្ហាជីវភាពគ្រួសារ និងរបរប្រចាំថ្ងៃរបស់ខ្លួន។
«កាលពីភ្ញៀវនៅច្រើន ការហូបចុករបស់ខ្ញុំទោះមិនបរិបូរ តែបានមួយទប់ទល់ ប៉ុន្តែពេលភ្ញៀវធ្លាក់ចុះអីចេះ គ្រួសារខ្ញុំហូបមិនគ្រប់ទេ។ ធម្មតា ពីមួយឆ្នាំទៅមួយឆ្នាំវាចេះតែកើន ប៉ុន្តែឆ្នាំនេះធ្លាក់ចុះ។ កាលភ្ញៀវកើនឡើង មួយថ្ងៃខ្ញុំអុំបាន២ជើង ប៉ុន្តែឥឡូវបានតែ១ជើងទេ»។
នេះគឺជាការរៀបរាប់របស់ អ្នកស្រី ឈួន ម៉ៅ អាយុ៥២ ឆ្នាំ ជាអ្នកអុំទូកដឹកភ្ញៀវទេសចរនៅកំពង់ភ្លុក ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អ្នកស្រីប្រកបរបរនេះអស់រយៈពេល៤ឆ្នាំមកហើយ។ គ្រួសារអ្នកស្រីពឹងផ្អែកលើរបរនេះទាំងស្រុងដើម្បីផ្គត់ផ្គង់គ្រួសារ។
អ្នកស្រី ឈួន ម៉ៅ និយាយថា នៅឆ្នាំ២០១៩ ភ្ញៀវទេសចរមកទស្សនាតំបន់នេះមានការថយចុះ ដែលធ្វើឲ្យ អ្នកស្រីពិបាករកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយបង្ខំចិត្តឲ្យកូនៗទាំងបួននាក់ឈប់រៀន ដើម្បីរកការងារធ្វើជំនួសវិញ។
អ្នកស្រី ឈួន ម៉ៅ ៖ «កូនខ្ញុំឈប់រៀនអស់ហើយ អាបងចប់បាក់ឌុបឆ្នាំនេះ កូនប្រុសមួយនោះបានតែថ្នាក់ទី៦ កូនស្រីបានថ្នាក់ទី៨មួយ ទី៩មួយ។ យើងអត់មានលុយឲ្យកូនរៀនបានជ្រៅជ្រះទេ»។
អ្នកស្រី ឈួន ម៉ៅ បានលើកឡើងថា មានគ្រួសារជាច្រើនទៀតក្នុងសហគមន៍របស់អ្នកស្រី កំពុងជួបបញ្ហាជីវភាពគ្រួសារ បន្ទាប់ពីចំនួនភ្ញៀវទេសចរធ្លាក់ចុះ។ កាលពីឆ្នាំមុនៗ អ្នកស្រីដឹកភ្ញៀវទៅកម្សាន្តព្រៃលិចទឹក ពីរ ទៅ បីដង ក្នុងមួយថ្ងៃ ហើយអ្នកស្រីអាចរកប្រាក់បាន ៤ ទៅ ៦ដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែឆ្នាំនេះ អ្នកស្រីមានភ្ញៀវដឹកមួយ ឬពីរដងក្នុងមួយថ្ងៃ ដែលអ្នកស្រីអាចរកប្រាក់បាន ២ ទៅ ៤ដុល្លារក្នុងមួយថ្ងៃ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ភ្លុក ប្រមាណ ៣០ ភាគរយ នៃ៩៦១គ្រួសារ ដែលប្រកបរបរអុំទូកដឹកភ្ញៀវ កំពុងជួបបញ្ហាជីវភាពគ្រួសារ ដោយសារភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក មានការធ្លាក់ចុះពាក់កណ្តាលនៅឆ្នាំនេះ។
ក្នុងឆ្នាំ២០១៩នេះ ពលរដ្ឋប្រកបរបរអុំទូកជូនភ្ញៀវ នៅតំបន់ទេសចរណ៍ធម្មជាតិខាងលើ អះអាងដូចៗគ្នាថា ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាកម្សាន្តមានការធ្លាក់ចុះ បើធៀបទៅនឹងឆ្នាំមុនៗ។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលអាស្រ័យផលពីវិស័យនេះទាំងស្រុង ដោយគ្រួសារខ្លះខ្វះខាតថវិកា ទិញអាហារបរិភោគ ដោយត្រូវបង្ខំចិត្តឲ្យកូនៗ បញ្ឈប់ការសិក្សា រកការងារធ្វើ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ។
ក្រោយសម្រាកពីការអុំជូនភ្ញៀវកម្សាន្ត កំពុងអង្គុយនៅក្បាលទូក អ្នកស្រី នឿង សុខុម វ័យ ៥៣ ឆ្នាំ ប្រកបរបរអុំទូកដឹកភ្ញៀវ នៅតំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក តាំងពីកកើតសហគមន៍មក បានឲ្យដឹងថា ឆ្នាំនេះភ្ញៀវទេសចរថយចុះ ធ្វើឲ្យចំនួនជើងនៃការអុំទូកជូនភ្ញៀវ កម្សាន្តក៏មានការថយចុះ តាមនោះដែរ ដែលបញ្ហានេះប៉ះពាល់ ដល់ស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់អ្នកស្រី។
អ្នកស្រី សុខុម ៖ «ឆ្នាំនេះភ្ញៀវចុះខ្សោយ ឆ្នាំមុន១ថ្ងៃអាចបាន៣-៤ជើង តែឆ្នាំនេះ១ថ្ងៃបាន១ជើង ថ្ងៃខ្លះក៏បាន២ជើងអីចឹងទៅ»។
អ្នកស្រី សុខុម បានទទូចដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ជួយរកមធ្យោបាយ ដោយធ្វើយ៉ាងណាអាចទាក់ទាញ ភ្ញៀវទេសចរមកលេងកម្សាន្តតំបន់នេះឲ្យបានច្រើន។
អ្នកស្រីបន្ថែមថា ៖ «សំណូមពរ [ភាគីពាក់ព័ន្ធ] ធ្វើម៉េចឲ្យភ្ញៀវទេសចរចូលឲ្យបានច្រើន ឲ្យប្រជាពលរដ្ឋបានអុំ បានហូប គ្រាន់ដោះស្រាយជីវភាព»។
តំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក មានទីតាំងស្ថិតនៅជាប់នឹងផ្នែកមួយនៃបឹងទន្លេសាប ក្នុងភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៦។ ប្រជាពលរដ្ឋសរុបនៅក្នុងឃុំនេះមានចំនួន ៣៧៨៤ នាក់ ស្មើនឹង ៩៦១គ្រួសារ ក្នុងនោះប្រជាពលរដ្ឋប្រមាណ៣០ភាគរយ ប្រកបរបរដឹកភ្ញៀវទេសចរតាមទូក។
ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ មិនត្រឹមតែប៉ះពាល់ដល់អ្នកអុំទូកនោះទេ វាក៏ប៉ះពាល់ដល់អ្នកលក់ដូរ ក្នុងសហគមន៍ ក៏ដូចអ្នកផ្តល់សេវាផ្សេងៗផងដែរ។
ម្ចាស់ហាងលក់ដូរបណ្ដែតទឹក នៅតំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក អ្នកស្រី រស់ សាវី អាយុ៣២ឆ្នាំ ប្រាប់អ្នកសារព័ត៌មានថា ការលក់ដូរឆ្នាំនេះមានការធ្លាក់ចុះខ្លាំង បើធៀបទៅនឹងឆ្នាំ២០១៨។ អ្នកស្រី ថាចំណូលពីការលក់ដូរ បានត្រឹមទប់ទល់ប៉ុណ្ណោះ លែងសល់លុយចំណេញ ព្រោះរកចំណូលបានតិចជាងឆ្នាំមុន ដោយត្រូវចំណាយទៅលើថ្លៃអាហារ ប្រាក់ខែបុគ្គលិក និងការចំណាយផ្សេងៗទៀត។
អ្នកស្រី សាវី និយាយថា៖ «លក់អត់សូវដាច់ ថយចុះជាងឆ្នាំមុនច្រើន។ ឆ្នាំមុន យើងលក់តាមហាងអីចេះ ១ថ្ងៃអាចរកបានខ្ទង់២០០ដុល្លារ ឥឡូវនេះ ង៉ៃណា១០០ ង៉ៃណា៨០ ង៉ៃណា៥០ [ដុល្លារ]។ បានត្រឹមមួយទប់ទល់ បើថាឲ្យកើនលុយចំណេញជាងឆ្នាំមុន អត់មានហេ៎»។
អង្គុយលើកៅអី ក្នុងទីស្នាក់ការឈើបណ្ដែតទឹក អនុប្រធានសមាគមសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក អ្នកស្រី មុត ស៊ាក់ ប្រាប់អ្នកសារព័ត៌មានថា ចំនួនភ្ញៀវទេសចរឆ្នាំនេះ មានការថយចុះពាក់កណ្ដាល បើធៀបទៅនឹងឆ្នាំ២០១៨។
អ្នកស្រី មុត ស៊ាក់ និយាយថា៖ «ឆ្នាំមុន ឆ្នាំនេះ ខុសគ្នាពាក់កណ្តាល ឆ្នាំមុនបាន៨០ទូក ឆ្នាំនេះ គិតជាមធ្យម ខ្ញុំវ៉ៃថា៤០ទូកចុះក្នុង១ថ្ងៃ។ ធ្លាក់ចុះចឹង វាប៉ះពាល់ដល់ចំណូលអ្នកអុំខ្លាំង»។
អនុប្រធានសហគមន៍ទេសចរណ៍រូបនេះ បន្ថែមថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរឆ្នាំនេះ អាចបណ្តាលមកពីបញ្ហានយោបាយ និងការកើនឡើងនៃតំបន់ទេសចរណ៍។
អ្នកស្រី បន្ថែមថា៖ «បើតាមខ្ញុំស៊ើបសួរតាមហ្កាយដ៍ [អ្នកនាំភ្ញៀវ] ភ្ញៀវខ្សត់ ដោយសារបញ្ហានយោបាយ។ ហើយបើតាមខ្ញុំគិត កត្តានោះមួយដែរ ដោយសារកំណើនតំបន់ទេសចរណ៍ដទៃ ធ្វើឲ្យភ្ញៀវបែកខ្ញែកគ្នា»។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បច្ចុប្បន្នមានសហគមន៍ទេសចរណ៍ប្រមាណជាង ២៣០០ កន្លែង ដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងចំណោមសហគមន៍ទេសចរណ៍ទាំង ២៣០០ កន្លែង មានតែ ១២៥ កន្លែងប៉ុណ្ណោះ ដែលកំពុងមានសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងនោះសហគមន៍ដែលស្ថិតនៅក្រោមក្រសួងទេសចរណ៍មានចំនួន ៧៩ កន្លែង។
ស្ថិតក្នុងសម្លៀកបំពាក់ខោត្រឹមជង្គង់ អាវយឺតសដៃខ្លី លោក ឃួង ចាន់សិរី អាយុ៣៧ឆ្នាំ ជាបុគ្គលិកសហគមន៍ ផ្នែកបកប្រែភាសា នៅតំបន់ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ប្រាប់អ្នកសារព័ត៌មានថា ចំនួនភ្ញៀវធ្លាក់ចុះ ដោយសារតែគ្មានការកំណត់តម្លៃ ចូលទស្សនាឲ្យបានច្បាស់លាស់។ តម្លៃដឹកភ្ញៀវស្ថិតនៅលើមាត់អ្នកផ្តល់សេវានេះ ដែលធ្វើឲ្យភ្ញៀវមិនសប្បាយចិត្ត។
លោក ចាន់សិរី និយាយថា៖ «ចង់សំណូមពរឲ្យក្រសួងទេសចរណ៍ កំណត់តម្លៃលក់ឲ្យស្មើភាពគ្នា ព្រោះមានការរអ៊ូពីភ្ញៀវ។ រឿងស្ងាត់ភ្ញៀវដោយសារខាងតុកតុកមួយចំនួនទៅ ខាងហ្កាយដ៍ [អ្នកនាំភ្ញៀវ] មួយចំនួនទៅ ហើយខាងក្រុមហ៊ុនស្ថាប័នមួយចំនួនទៅ។ គាត់ទារតម្លៃពីភ្ញៀវខ្ពស់ពេក ក្នុងម្នាក់អាច ២៥ ៣៥ រហូតដល់ម្នាក់ឯង៤០ (ដុល្លារ)។ រឿងហ្នឹងបើកំណត់បានវាល្អប្រសើរ»។
ទាក់ទងនឹងករណីនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរ មេឃុំកំពង់ភ្លុក លោក នឹង នី ទទួលស្គាល់ថា ស្ថានភាពជីវភាព របស់ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុកឆ្នាំ២០១៩នេះ មានការធ្លាក់ចុះបន្តិច បើធៀបទៅនឹងឆ្នាំ២០១៨។
លោក នឹង នី មានប្រសាសន៍ថា៖ «ឆ្នាំនេះ ជីវភាពពលរដ្ឋយើងធ្លាក់ចុះបន្តិច តែមិនដល់ថ្នាក់ធ្វើចំណាកស្រុកទៅក្រៅប្រទេស ឬដើរសុំទានទេ»។
លោក នឹង នី មិនដឹងពីមូលហេតុពិតប្រាកដ ដែលធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះនោះទេ។ ប៉ុន្តែលោកបានលើកឡើងថា ការធ្លាក់ចុះនេះ អាចដោយសារវិបត្តិពិភពលោក ឬតំបន់ទេសចរណ៍នៅកន្លែងផ្សេងៗមានការកើនឡើង។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ជុក ជំនោរ និងប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ មិនអាចទាក់ទងដើម្បីធ្វើអត្ថាធិប្បាយពីបញ្ហាធ្លាក់ចុះចំនួនភ្ញៀវទេសចរបាននោះទេ នៅក្នុងសប្ដាហ៍នេះ។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ រយៈពេល៧ខែដើមឆ្នាំ២០១៩ ភ្ញៀវទេសចរទៅលេងខេត្តសៀមរាប មានចំនួនជិត ១លាន ៤សែននាក់ ថយចុះ ៩,៦៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។