អតីតបុគ្គលិក សណ្ឋាគារ The Great Duke ជាង១០០នាក់ បានប្រមូលផ្តុំតវ៉ា នៅមុខសណ្ឋាគារ នៅព្រឹកនេះ ដើម្បីទាមទារ ប្រាក់អត្ថប្រយោជន៍ និងសំណងផ្សេងៗ បន្ទាប់ពីបរាជ័យក្នុងការចរចា។
សណ្ឋាគារលំដាប់ផ្កាយប្រាំ The Great Duke បានប្រកាសបិទដំណើរការ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយមូលហេតុសេដ្ឋកិច្ច។ បន្ទាប់ពីប្រកាសបិទទ្វារ សណ្ឋាគារនេះ បានចាត់តាំការិយាល័យមេធាវី អេចប៊ីអេស (HBS) ធ្វើការដោះស្រាយ ជាមួយបុគ្គលិក ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយនៅឡើយនោះទេ។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា ប្រចាំនៅសណ្ឋាគារ The Great Duke បានប្រាប់អ្នកសារព័ត៌មានថា អតីតបុគ្គលិកសណ្ឋាគារ ធ្វើការតវ៉ា នៅថ្ងៃនេះ បន្ទាប់ពីរងចាំជាច្រើនថ្ងៃ ដោយពុំមានដំណោះស្រាយ។ លោកថា ពួកគេនឹងបន្តធ្វើការតវ៉ា រហូតមាន ដំណោះស្រាយ។
លោក ទូច កុសល មានប្រសាសន៍ថា៖ «ចាប់ពីថ្ងៃនេះ បើសិនមិនមានការដោះស្រាយឲ្យកម្មករយើងទេ គឺយើងនឹងធ្វើការដង្ហែរហូត។ ហើយយើងប្រហែលជាមិននៅស្ងៀមមួយកន្លែងទេ។ ពួកយើងដង្ហែក្បួនទៅក្រសួងការងារ ដូចជាកន្លែងប្រមុខរដ្ឋាភិបាល ដើម្បីឲ្យពួកគាត់ជួយដោះស្រាយឲ្យពួកយើង»។
លោក ទូច កុសល បន្ថែមថា ក្រុមអតីតបុគ្គលិក ទាមទារលក្ខខណ្ឌមួយចំនួន រួមមាន ប្រាក់អតីភាពការងារ សំណងជំងឺចិត្ត ទូទាត់ប្រាក់ជូនដំណឹង ទូទាត់ថ្ងៃឈប់សម្រាកដែលនៅសល់ទៅជាថវិកា និងប្រាក់ខែចុងក្រោយជាដើម។
បុគ្គលិកផ្នែកភោជនីយដ្ឋាន អ្នកស្រី គង់ ច័ន្ទ មានប្រសាសន៍ថា ពូកគាត់បានទៅ ក្រសួងការងារ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដើម្បីធ្វើការចរចាជាមួយ មេធាវីតំណាងក្រុមហ៊ុន ប៉ុន្តែភាគីក្រុមហ៊ុនបដិសេធ សំណើរបស់ពួកគេ។ អ្នកស្រីថា នេះជាការតវ៉ាលើកទីបួនហើយ ដើម្បីទាមទារឲ្យមានដំណោះស្រាយ។
អ្នកស្រី គង់ ច័ន្ទ និយាយថា៖ «ដោយសារថ្ងៃទី១៧ ខែមករានេះ បុគ្គលិកក៏បានទៅជួបជាមួយមេធាវីតំណាងរបស់សណ្ឋាគារនៅក្រសួងការងារដែរ តែមិនមានដំណោះស្រាយអ្វីទេ។ ទើបធ្វើអោយពួកគាត់ឈានចូលការធ្វើកូដកម្មលើកទី៤»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ក្រសួងកំពុងធ្វើការសម្របសម្រួល និងរកដំណោះស្រាយ ជូនបុគ្គលិកទាំងនោះ។
លោក ហេង សួរ មានប្រសាសន៍ថា៖ «ករណីនេះ នឹងរុញទៅ ក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយ ដោយសារតាមព័ត៌មានបឋម ករណីនេះមិនមែន ជាករណីជាករណី ក្ស័យធន»។
ចំណែកមេធាវីតំណាងសណ្ឋាគារ លោក នៅ ពិសិដ្ឋ មិនអាចទាក់ទងដើម្បីធ្វើអត្ថាធិប្បាយបាននោះទេ។
សណ្ឋាគារ The Great Duke បានផ្លាស់ប្តូរឈ្មោះពីសណ្ឋាគារ InterContinental តាំងពីខែមករា ឆ្នាំ២០១៨។ បុគ្គលិកសណ្ឋាគារនេះ ធ្វើការតវ៉ាបន្តបន្ទាប់ ដោយសារបើកប្រាក់ខែយឺត ហើយបានឈានដល់ ប្រកាសបិទទ្វារ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។