អតីត​​បុគ្គលិក​ សណ្ឋាគារ​ The Great​​ Duke​ ​បាននឹង​កំពុង​​ពិចារណា​ទទួលយក​ សំណង​បី​ក្នុង​បួនចំណុច​ដែលបាន​សម្រេច​ផ្តល់ជូន​ដោយក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​។​

ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​​​​​នៃក្រសួង​ការងារ​​ កាលពី​ថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២០​ បានសម្រេច​ផ្តល់ដំណោះ​ស្រាយ បី​ចំណុច​​ និងបដិសេធ​មួយចំណុច​ទៅលើសំណង​ជំងឺចិត្ត​ដែលអតីត​បុគ្គលិកបាន​ធ្វើការ​ទាមទារ​បន្ទាប់​ពីសណ្ឋាគារ​មួយនេះ​បានបិទ​ទ្វារកាល​ពីដើម​ឆ្នាំ២០២០​កន្លងមក។​

​​ ប្រធាន​​សហព័ន្ធ​​សហជីព​កម្មករ​​ និយោជិក​​វិស័យ​​​ទេសចរណ៍​​កម្ពុជា ​​ប្រចាំ​នៅ​​សណ្ឋាគារ​​ ​ The Great Duke ​លោក​ ​ទូច​ កុសល​​ បានឲ្យ​ដឹងថា​​ ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ បានផ្តល់​ជូនបី​ចំណុច ​រួមមាន ​ប្រាក់អតីត​ភាព​ការងារ​ ប្រាក់​ជូន​ដំណឹង​ និង ​ទូទាត់​ថ្ងៃឈប់​សម្រាក​ដែលនៅ​សល់ទៅ​ជាថវិការ​ ប៉ុន្តែ​ បដិសេធ​ផ្តល់ប្រាក់​សំណង​ជំងឺចិត្ត។​

ក្រោយពី​ការសម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ តំណាង​សហជីព​ កាលពី​​ថ្ងៃទី២៤​ ខែកុម្ភៈ​ បានជួប​ប្រជុំ​ជាមួយ​អតីត​បុគ្គលិក​ ៧៥នាក់​ ក្នុងចំណោម​១៣៩​​ នាក់ ​ដើម្បី​បោះឆ្នោត​សម្រេច​ទទួល​ ឬមិន​ទទួលយក​។​ អតីត​បុគ្គលិក​ ៦០នាក់​ ក្នុងចំណោម​ ៧៥​​ នាក់បាន​យល់ព្រម។​​

លោក​​ ទូច​ កុសល​​ បាននិយាយថា​៖ «​សេចក្ដី​សម្រេច​ហ្នឹងគេ​ឲ្យតែ​បីទេ​ គេអត់​ព្រមឲ្យ​ប្រាក់សង​ជំងឺចិត្ត​​។ ហើយម្សិល​មិញខ្ញុំ​​បានជួប​ប្រជុំជា​មួយបុគ្គលិក​ចំនួន​៧៥នាក់​ និងបាន​ធ្វើការ​បោះឆ្នោត​ស្ទង់មតិ​៦០នាក់​គេយល់ព្រម​ ​តែ១៥​នាក់ទៀត​គេអត់​ទទួល​សេចក្តី​បង្គាប់ទេ​»។​​

លោក​ ទូច​​ កុសល​ បានបន្ថែម​ទៀតថា ​មូលហេតុ​ដែលបុគ្គលិក​​ផ្សេងទៀត​ដែលមិនបាន​ចូលរួម​ក្នុងការ​ស្ទង់មតិនេះ​ ព្រោះពួកគេ​មានការងារ​ថ្មីធ្វើ ​និងមាន​ការពិបាក​ក្នុងការ​សុំច្បាប់។​​ ចំនែក​បុគ្គលិក១៥​នាក់ទៀត​មិនទទួល​យកសេចក្ដី​សម្រេចនេះ​ ដោយសារ​ពួកគាត់​យល់ថា​ តាមផ្លូវ​ច្បាប់​ពួកគាត់​គួរតែ​ទទួលបាន​នូវប្រាក់​សំណង​ជំងឺចិត្ត​ដែលមាន​ក្នុងមាត្រា​ទី៩១។​​ 

យ៉ាងណាមិញ​ លោកយល់​ថា​បុគ្គលិក​ទាំងអស់​គួរតែទទួល​បានប្រាក់​សំណង​តាមមាត្រា​ទី៩១ ​ប៉ុន្តែដោយ​សារការ​តវ៉ាមាន​ភាពអូស​បន្លាយកាន់​តែយូរ​ដែលជា​ហេតុធ្វើ​​អោយបុគ្គលិក​ភាគច្រើន​ចាប់ផ្ដើម​ពិចារណា​ទទួលយក​ការសម្រេច​របស់ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។​ 

លោក ​ទូច​​ កុសល ​បាននិយាយថា​៖ «​បើនិយាយ​មែនទែន​ទៅបើ​យើងទារ​បានបួន​ចំណុច​ហ្នឹងទើប​ពេញចិត្ត​ពេញចិត្តថ្លើម​​ តែដោយ​មើលទៅ​ដូចអត់ចង់​អូសបន្លាយ​ពេលវេលា​ទៅមុខ​ទៀតទេ​​ ចង់ថា​យកតែ​ប៉ុណ្ណឹងទៅ​ កុំអោយ​វែងឆ្ងាយ​ទៀត»។​ 

ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ ទុកពេល​ឲ្យអតីត​បុគ្គលិក​ ចំនួន​ប្រាំបី​ថ្ងៃ ​​ដើម្បី​ឲ្យសម្រេច​ចិត្ត។​ នៅក្នុង​សប្តាហ៍នេះ​ តំណាង​សហជីព នឹងជួប​ប្រជុំ​ជាមួយ​អតីត​បុគ្គលិក​ម្តងទៀត​ ដើម្បី​សម្រេច​ចិត្ត។​

លោក​ ទូច​​ កុសល​ បានបន្ថែម​ថា តាម​ការប៉ាន់​ប្រមាណ​របស់លោក​ រង្វង់ទឹក​ប្រាក់ទាំង​អស់​ដែល​ត្រូវសង​ដល់បុគ្គលិក​ប្រហែល​៧០ម៉ឺន​ ទៅ១​លានដុល្លារ។​​

គួររំលឹក​ឡើងវិញថា​ អតីត​បុគ្គលិក​ចំនួន​១៣៩នាក់​បានធ្វើការ​តវ៉ា​នៅមុខ​សណ្ឋាគារ​ The Great Duke​​​ បួនលើក​ធំៗ ​បន្ទាប់​ពីសណ្ធាគារ​បានប្រកាស​បិទដំណើរ​ការ ចាប់ពី​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០១៩​ ដោយមូល​ហេតុ​សេដ្ឋកិច្ច។​​​