សហគមន៍ចំនួនបី ដែលមានជម្លោះដីធ្លី ក្នុងខេត្តកោះកុង ប្រកាសបន្តទាមទាររកដំណោះស្រាយ ក្រោយពីក្រសួងរៀបចំដែនដី ចេញសេចក្តីប្រកាស ពុំទទួលដោះស្រាយរឿងបញ្ហាដីធ្លី ជូនពួកគេ។
ក្រសួងរៀបចំដែនដី បានប្រកាស កាលពីសប្តាហ៍មុនថា ក្រសួងពុំទទួលដោះស្រាយសំណើរជម្លោះដីធ្លីបីករណីរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដោយក្រសួងអះអាងថា បានដោះស្រាយជួនពួកគេរួចរាល់ហើយ។
ការប្រកាសនេះបន្ទាប់ពី ប្រជាពលរដ្ឋទាំងបីសហគមន៍ បានឡើងមកតវ៉ានៅទីស្ដីការក្រសួង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជម្រុញឲ្យក្រសួងដែនដី ដោះស្រាយទំនាស់ដីធ្លី ១៥គ្រួសារដែលបានស្នើសុំឲ្យចេញបណ្ណតាមភូមិសាស្ត្រ តាមការទាមទាររបស់ពួកគាត់។
ហើយពីរករណីផ្សេងទៀត ក្រុមប្រជាពលរដ្ឋ៧៣០គ្រួសារទាមទារដីសង្គមកិច្ច និងករណីក្រុមប្រជាពលរដ្ឋ១៩៧គ្រួសារ ប្តឹងទាមទារដីដែលមានជម្លោះជាមួយ ក្រុមហ៊ុនស្ករអំពៅ ហេង ហ៊ុយ។
អ្នកស្រី ផាវ ញើង អាយុ៤៤ឆ្នាំ ជាប្រជាពលរដ្ឋ ដែលមានបញ្ហាជំម្លោះដីធ្លី ១២ឆ្នាំ នៅភូមិ ព្រែកជីក ឃុំ ជីខក្រោម ស្រុកស្រែអំបិល ខេត្ត កោះកុង និងប្រជាពលរដ្ឋសហគមន៍ផ្សេងទៀត បានច្រានចោលសេចក្តីប្រកាសរបស់ក្រសួង។
ពួកគេនឹងបន្តធ្វើការទាមទារ ដោយជួបជុំគ្នានៅថ្ងៃទី១ ខែមិនា ខាងមុខនេះ ដើម្បីពិភាក្សាក្នុងការប្រារព្ធ «ទិវាសិទ្ធនារីអន្តរជាតិ» ដោយជ្រើសរើសយកថ្ងៃទី៥ ខែមិនា ជំនួសឲ្យថ្ងៃទី៨ មិនា។ ក្នុងពិធីនោះ ពួកគេនឹងថ្លែងអំពីបញ្ហារបស់ពួកគេ រួមមាន បញ្ហាជម្លោះដីធ្លី ការរំលោភបំពានសិទ្ធិ និងជាពិសេសស្ត្រី។
អ្នកស្រី ផាវ ញើង និយាយថា៖ «ពួកយើងមិនព្រមទទួលយកទេ ពីព្រោះសេចក្តីប្រកាសនោះ មិនត្រូវនូវអ្វីដែលពួកយើងចង់បានទេ»។
អ្នកស្រី បន្ថែមថា៖ «ពួកយើងនឹងបន្តធ្វើការទាមទារ»។
អ្នកស្រី ផាវ ញើង បានបន្ថែមទៀតថា កាលពីឆ្នាំ២០០៧ ពួកគាត់ធ្លាប់មានបញ្ហាដីធ្លីជាមួយនឹងលោក សុខ ហុង និងបានប្រឈមនឹងបញ្ហារុះរើសផ្ទះអស់ប្រាំមួយខ្នង តែបញ្ហាត្រូវបានបញ្ចប់ដោយមានការតវ៉ា ទប់ស្កាត់ពីប្រជាពលរដ្ឋ។
ក៏ប៉ុន្តែកំឡុងពេលឆ្នាំ២០០៩ លោក ហេង ហ៊ុយ បានយកអនុក្រឹត្យលេខ៣៦ របស់រាជរដ្ឋភិបាលបានប្រគល់ដី ៧៧៩ហិចតា ដើម្បីអភិវឌ្ឍន៍ភូមិ ឃុំ និងចេញប័ណ្ណដីធ្លីឲ្យប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សហគមន៍ ប៉ុន្តែ លោក ហេង ហ៊ុយ បានយកអនុក្រឹត្យទៅក្លែងបន្លំដាក់ថា ភូមិឈូក ទៅវិញ។
អ្នកស្រីបានទាមទារឲ្យក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសថាពិតជាបានដូរទីតាំងមែន ឬក៏អត់។ កាលថ្ងៃទី៨ ខែតុលាឆ្នាំ២០១៧ គឺពួកគាត់មិនបានទទួលឯកសារអី្វបញ្ជាក់ច្បាស់ ក្រៅពីការធ្វើកំណត់ហេតុណ៍ដោះស្រាយបញ្ហា និងថតចម្លងសខ្មៅឲ្យពួកគាត់។
អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តកោះកុង លោក ហ៊ូ អ៊ីន បានប្រាប់ឲ្យដឹងពីបញ្ហាជំម្លោះដីធ្លីរបស់អ្នកស្រី ផាវ ញើង និងប្រជាពលរដ្ឋផ្សេងទៀតជាមួយ លោក ហេង ហ៊ុយ ក្នុងឃុំជីខក្រោម ស្រុក ស្រែអំបិល ខេត្ត កោះកុង បានកើតឡើងជាច្រើនឆ្នាំ ប៉ុន្តែមិនទាន់មានដំណោះស្រាយ។ លោកថាអ្នកស្រី ផាវ ញើង បានទាមទារឲ្យអាជ្ញាធរចុះបញ្ជីដីធ្លីតាមភូមិសាស្ត្រ ហើយអាជ្ញាធរគួរបញ្ជាក់ជូនគាត់ឲ្យបានច្បាស់លាស់។
លោក ហ៊ូ អ៊ីន បាននិយាយថា៖ «ក្រសួង ក៏ដូចជាអាជ្ញាធរគួរតែបង្ហាញផែនទីជាក់ស្តែងថា ដីរបស់អ្នកស្រី ផាវ ញើង ស្ថិតនៅក្នុងភូមិព្រែកជីក ឬក៏ភូមិឈូក»។
ក្រសួងក៏បានបញ្ជាឲ្យអាជ្ញាធរខេត្តកោះកុង ចុះធ្វើការអប់រំដល់ពលរដ្ឋ និងស្វែរកអ្នកនៅពីក្រោយពួកគេ ដើម្បីចាត់វិធានការផ្លូវច្បាប់។