តំណាងសហគមន៍ចំនួន៣មកពីខេត្តព្រះវិហារ និងសកម្មជនការពារធនធម្មជាតិ ប្រមាណ២០នាក់កាលពីចុងសប្តាហ៍មុន បានដាក់ញត្ដិទៅក្រសួងបរិស្ថាន ដើម្បីស្នើសុំពង្រឹង និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបទល្មើសព្រៃឈើ និងសត្វព្រៃក្នុងដែនជម្រសត្វព្រៃព្រះរការ ខេត្តព្រះវិហារ។
យោងតាមញត្តិដែលមានស្នាមមេដៃពលរដ្ឋចំនួន១៤៤ ដាក់ទៅក្រសួងបានឲ្យដឹងថា ចាប់ពីខែមិថុនា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសហគន៍ និងសកម្មជនការពារធនធានធម្មជាតិបានចុះល្បាត ចំនួន០៩លើក ដោយប្រទះឃើញបទល្មើស៩៨ករណី។
ក្នុងញត្តិដដែលបានឲ្យដឹងថា សហគមន៍ប្រទះឃើញ ប្រភេទក្ដារបន្ទះ អារជ្រៀករួចមាន ៤១៨បន្ទះ ដែលក្នុងនោះរួមមានប្រភេទ ឈើទាល គគីរ កកោះ ផ្ដៀក ពពេល និងស្រឡៅជាដើម។
អ្នកស្រី ស៊ឹម សេត អាយុ៤៩ឆ្នាំជាជនជាតិដើមភាគតិចកួយ ជាអ្នកស្ម័គ្រចិត្តដើរល្បាតព្រៃមកពី ភូមិប្រមេរ៍ ឃុំប្រមេរ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងថាអ្នកស្រី និងក្រុមល្បាតបានអង្កតឃើញថាមានការលួចកាប់ព្រៃឈើ និងដាក់អន្ទាក់សត្វព្រៃខុសច្បាប់នៅតែបន្តកើតមានឡើង នៅដែនជម្រកសត្វព្រៃព្រះរការ។ ដូចនេះ ពួកគាត់បានសម្រេចចិត្តរួមគ្នាមកដាក់ញត្តិដើម្បីឲ្យក្រសួងជួយចាត់វិធានការ ទៅលើជនល្មើស។
អ្នកស្រី ស៊ឹម សេត បាននិយាយថា៖ «មកពីខ្ញុំស្ដាយព្រៃឈើ ព្រោះថាទៅចុះ ល្បាតពេលណាក៏នៅតែមានអាណាធិបតេយ្យកាត់រហូតរាល់ថ្ងៃ»។
អ្នកស្រីបានបន្តទៀតថា ប្រជាសហគន៍នៅទីនោះរស់នៅដោយពឹងផ្អែកលើការប្រមូលអនុផលព្រៃឈើ រួមមានការប្រមូលជ័រទឹកជាដើម។ អ្នកស្រីថា ការកាប់ព្រៃឈើខុសច្បាប់ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ ដោយសារដើមច្បោះដែលធ្លាប់ផ្ដល់ផលដល់អ្នកភូមិរស់នៅទីនោះមិនសូវមានដូចមុននោះទេ។
អ្នកស្រី ស៊ឹម សេត បន្ថែមថា៖ «បញ្ហាប្រឈមខ្លាំង ទីមួយអាកាសធាតុក៏ប្រែប្រួល មួយទៀតបើអស់ព្រៃឈើភ្លៀងធ្លាក់មិនគ្រប់គ្រាន់។ ជីវភាពប្រចាំថ្ងៃក៏វាថយចុះព្រោះដើមច្បោះជ័រហ្នឹងវាថយចុះ ព្រោះរាល់ដងយកជ័រយកទៅលក់»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ សុភក្ក្រា បានប្រាប់ឲ្យដឹងថា ក្រសួងបានទទួលញត្តិពីក្រុមសហគមន៍។ លោកថា ក្រសួងបានបញ្ចូនមន្រ្តីចុះទៅដែនជម្រកសត្វ ព្រៃព្រះរការ ដើម្បីស៊ើបអង្កេត និងធ្វើរបាយការណ៍ជាក់ស្តែងបញ្ចូនមកក្រសួង។ ប៉ុន្តែមកដល់ពេលនេះ ខាងក្រសួងមិនទាន់ទទួលរបាយការណ៍ជាក់លាក់នៅឡើយទេ។
លោក នេត្រ សុភក្ក្រា មានប្រសាសន៍ថា៖ «ខាងក្រសួងបានទទួលញត្តិហ្នឹងហើយ។ ហើយក្រសួងបានបញ្ចូនមន្រ្តីចុះទៅស៊ើបអង្កេតហើយ។ ហើយឥឡូវខ្ញុំអត់ទាន់ប្រាប់អីបានទេ ទាល់តែគេឡើងមកវិញទើបមានរបាយការណ៍ជាក់ស្តែង ប្រហែលជាក្នុងអាទិត្យហ្នឹងបានដឹង»។
គួរបញ្ជាក់ថា ដីព្រៃព្រះរការមានទំហំផ្ទៃដី ៩០,៣៦១ ហិកតា។ រាជរដ្ឋាភិបាលបានដាក់ព្រៃព្រះរការជាដែនជម្រកសត្វនៅឆ្នាំ២០១៦ ដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសាធារណៈជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងអភិរក្សជីវៈចម្រុះនិងធនធានជាតិក្នុងតំបន់។