ចំនួនជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត បានធ្លាក់ចុះមកត្រឹម១៩នាក់ សម្រាប់បួនខែដំបូងក្នុងឆ្នាំ២០២០ ដែលបង្ហាញពីការធ្លាក់ចុះចំនួន៦០ភាគរយ ប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
លោក តារា សេង នាយករងនៃនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) មានប្រសាសន៍ថា ចំនួនជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស) បានធ្លាក់ចុះពី៤៧នាក់សម្រាប់ ខែមករាដល់ខែមេសា ឆ្នាំ២០១៩ មកត្រឹម១៩នាក់ ប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២០ ប៉ុន្តែក៏មានចំនួនអ្នកស្លាប់រហូតដល់ទៅបួននាក់ ចំពោះបួនខែដំបូងក្នុងឆ្នាំនេះ។
លោកសេង បានបន្ថែមថា ក្នុងចំណោមជនរងគ្រោះទាំង១៩នាក់សម្រាប់បួនខែដំបូងនៅឆ្នាំនេះរួមមាន ជនរងគ្រោះដោយសារគ្រាប់មីនចំនួន៧នាក់ និងជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ១២នាក់។ ឧប្បត្តិហេតុគ្រោះថ្នាក់នេះបណ្តាលអោយមានមនុស្សចំនួន៤នាក់ស្លាប់ ៦នាក់ពិការអវៈយវៈ និង៩នាក់ទៀតរងរបួស។
លោកនី ញ៉ នាយករងនៃនាយកដ្ឋានសង្គ្រោះជនពិការដោយសារមីនរបស់អាជ្ញាធរមីនកម្ពុជា មានប្រសាសន៍ថា សព្វថ្ងៃកម្ពុជាមានប្រតិបត្តិករដោះមីនចំនួន១១ ដែលត្រូវបានទទួលស្គាល់ និងទទួលបានអាជ្ញាប័ណ្ណជាប្រតិបត្តិករដោះមីននៅក្នុងប្រទេស។ ចំនួនប្រតិបត្តិករបានកើនឡើងចំនួនពីរ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ លោកក៏មានប្រសាន៍ដែរថា ការកើនឡើងនៃចំនួនប្រតិបត្តិករនេះ ជាការរួមចំណែកមួយក្នុងការបង្កើនល្បឿននៃការធ្វើការបោសសម្អាតមីន ក៏ដូចជាការរំដោះដីបន្ថែមជូនដល់សហគមន៍ ហើយនេះក៏ជាការចូលរួមចំណែកមួយក្នុងការកាត់បន្ថយការគម្រាមកំហែងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ផងដែរ។
លោកបានបន្ថែមថា ចំនួនប្រតិបត្តិករទាំងនោះរួមមានប្រតិបត្តិករផ្នែកមនុស្សធម៌ចំនួន៨ និងប្រតិបត្តិករផ្នែកពាណិជ្ជកម្មចំនួន៣។
លោកថាសង្គ្រាម និងជម្លោះក្នុងប្រទេសបានបន្សល់ទុកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាច្រើននៅក្នុងប្រទេសកម្ពុជា។
លោក ញ៉ មានប្រសាសន៍ថា៖ «ខេត្តមួយចំនួនស្ថិតក្នុងប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិនជាដើម សុទ្ធសឹងជាខេត្តដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រាប់មីន ហើយខេត្តមួយចំនួននៅប៉ែកឦសានដូចជាខេត្តក្រចេះ កំពង់ចាម កំពង់ធំ និងខេត្តរតនគិរី ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម»។
ប្រទេសកម្ពុជាស្ទើគ្រប់ទីកន្លែងទទួលរងផលប៉ះពាល់ដោយសារយុទ្ធភ័ណ្ឌគ្រឿងផ្ទុះជាច្រើនដែលបន្សល់ទុកដោយសារជម្លោះប្រដាប់អាវុធ ហើយភាគច្រើននៅក្នុងកំឡុងទស្សវត្តឆ្នាំ១៩៧០ និង១៩៨០។
លោកនី ញ៉ បានលើកឡើងបន្ថែមថា ចាប់តាំងពីឆ្នាំ១៩៧៩មកទល់នឹងចុងឆ្នាំ២០១៩ ចំនួនជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួនប្រមាណជា៦៤.៨៤៤នាក់ ។
គួរកត់សំគាល់ថា ២០ឆ្នាំចុងក្រោយនេះ ថវិការរាប់សិបលានដុល្លារត្រូវបានប្រើប្រាស់ និងចំណាយសម្រាប់បោសសំអាតមីននៅក្នុងប្រទេស។
កាលពីខែកុម្ភៈកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងជាថ្មីឡើងវិញថា កម្ពុជាប្តេជ្ញាក្នុងការបោសសម្អាតមីនដែលរកឃើញក្នុងតំបន់ដែលរងផលប៉ះពាល់អោយអស់ត្រឹមឆ្នាំ២០២៥។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាត្រូវការថវិកាប្រមាណ ៣៧៧លានដុល្លារ សម្រាប់ធ្វើការបោសសម្អាតគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅសល់ផ្សេងទៀតលើផ្ទៃដីប្រមាណ ៨០៦គីឡូម៉ែត្រក្រឡា។