យុវជនមួយក្រុមគ្រោងធាក់ស៊ីក្លូពី ទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីប្រមូលថវិកាផ្តល់ឲ្យអ្នកធាក់ស៊ីក្លូ និងជំរុញឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រជិះស៊ីក្លូ ព្រមទាំងអភិរក្ស។

តំណាងយុវជនម្នាក់គឺលោក អ៊ីវ សំណាង បានឲ្យដឹងថាក្រុមរបស់លោកនឹងធ្វើយុទ្ធនាការជិះស៊ីក្លូពីភ្នំពេញទៅសៀមរាប នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២ខាងមុខនេះ ដើម្បីរួមចំណែកអភិរក្សស៊ីក្លូ និងប្រមូលថវិការផ្តល់ដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ដែលមានជីវភាពលំបាក និងជាការជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩នេះផងដែរ។

លោក សំណាង មានប្រសាសន៍ថា បច្ចុប្បន្នចំនួនស៊ីក្លូ និងការប្រើប្រាស់មានការធ្លាក់ចុះ ដោយសារប្រជាពលរដ្ឋខ្មែរមួយចំនួនធំពុំសូវគាំទ្រ ពិសេសយុវជន។ លោកថា សមាជិកក្រុមរបស់លោក សម្រេចបង្កើតគម្រោងនេះឡើង ដើម្បីបង្ហាញពីវត្តមានស៊ីក្លូ ដល់ភ្ញៀវជាតិ និងអន្តរជាតិ និងជំរុញពួកគេចូលរួមជិះកម្សាន្ត ។

លោកថា សង្ឃឹមថាគម្រោងនេះ នឹងជួយលើកស្ទួយការប្រើប្រាស់ស៊ីក្លូ និងបំផុសឲ្យប្រជាពលរដ្ឋខ្មែរងាកមកចាប់អារម្មណ៍ និងគាំទ្រស៊ីក្លូឡើងវិញ។

លោក សំណាង មានប្រសាសន៍ថា៖ «ខ្ញុំអត់ចង់ឲ្យអ្នកជំនាន់ក្រោយគាត់ស្គាល់ ស៊ីក្លូតាមរយៈរូបភាព ឬក៏កម្រងឯកសារទេ គឺចង់ឲ្យឃើញផ្ទាល់ ប៉ះផ្ទាល់ និងបានជិះផ្ទាល់«។

លោក សំណាង បានបន្ថែមថា ក្នុងរដូវកាលរីករាលដាលនៃ ជំងឺកូវីដ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃអ្នកធាក់ស៊ីក្លូ ព្រោះពុំមានភ្ញៀវទេសចរជិះកម្សាន្តដូចមុន ដោយពួកគាត់ពឹងផ្អែកលើការដឹកឥវ៉ាន់នៅផ្សារតែប៉ុណ្ណោះ។

អ្នកធាក់ស៊ីក្លូម្នាក់ នៅម្តុំផ្សារកណ្តាលដែលមាន អាយុ ៨៣ឆ្នាំ គឺលោក ហួន ម៉ុង បានត្អូញត្អែរថា សព្វថ្ងៃរបរធាក់ស៊ីក្លូពុំអាចរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបាននោះទេ។ លោកថា ថ្ងៃខ្លះពុំមានភ្ញៀវជិះនោះទេ។
លោក ម៉ុង មានប្រសាសន៍ថា៖ «ឥឡូវរកមិនបានហ្មងចៅ រកទិញបានតែបាយព្រឹក ជួនអត់បានទៀត»។

បុរសវ័យចំណាស់រូបនេះ បានបន្ថែមថា លោកមានការសោកស្តាយដែលលោកមិនមានឈ្មោះក្នុងសមាគម ទទួលប្រាក់ឧបត្ថម្ភពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈដែលលោកត្រឡប់មកពីស្រុកកំណើតវិញយឺតមួយថ្ងៃ។ លោកត្រេកអរនៅពេលដែលទទួលដំណឹងថា មានក្រុមយុវជន គ្រោងធ្វើយុទ្ធនាការលើកម្ពស់ជិះស៊ីក្លូ និងប្រមូលថវិកាផ្តល់ពួកគាត់។

លោក សំណាង បានលើកឡើងថា ក្រុមរបស់លោកចាប់ផ្តើមធ្វើយុទ្ធនាការទ្រុងទ្រាយតូចក្នុងទីក្រុងភ្នំពេញ នៅរៀងរាល់ចុងសប្តាហ៍ ចាប់តាំងពីចុងខែឧសភា ដើម្បីប្រមូលថវិកាមួយចំនួន សម្រាប់រៀបចំកម្មវិធីធាក់ស៊ីក្លូទៅ ខេត្តសៀមរាប។ លោកបន្ថែមថា មកដល់ពេលនេះ ក្រុមរបស់លោក ប្រមូលថវិកាបានចំនួនប្រមាណ ៦០០ដុល្លារ។

ក្រុមយុវជន នឹងជួលស៊ីក្លូ៩គ្រឿងពីអ្នកធាក់ស៊ីក្លូ។ ពួកគាត់នឹងចំណាយពេល ៦ ទៅ៧ថ្ងៃក្នុងការធ្វើដំណើរទៅដល់សៀមរាប ហើយយុទ្ធនាការនេះអាចនឹងចំណាយពេលប្រហែល១៥ថ្ងៃ។ បន្ទាប់ពីត្រឡប់មកពីសៀមរាប ពួកគេនឹងប្រគល់ថវិកាដល់អ្នកធាក់ស៊ីក្លូ ប៉ុន្តែមិនទាន់កំណត់ទីតាំងនៅឡើយនោះទេ។

ប្រធានសមាគមស៊ីក្លូកម្ពុជា លោកស្រី ឡុង សុខហ៊ួយ បានបញ្ជាក់ថា បច្ចុប្បន្នស៊ីក្លូនៅទីក្រុងភ្នំពេញមានចំនួនប្រហែល ៤០០គ្រឿងប៉ុណ្ណោះ។ អ្នកធាក់ស៊ីក្លូនៅក្នុងសមាគម សុទ្ធសឹងតែជាមនុស្សវ័យចំណាស់ ដោយពួកគាត់មិនអាចធ្វើការងារផ្សេងបាន។ ពួកគាត់ភាគច្រើនមកពីបណ្តាខេត្ត ដោយពុំមានកន្លែងស្នាក់នៅពិតប្រាកដ។ ដូច្នេះពួកគាត់សម្រាកនៅតាមសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋ ឬតាមផ្សារជាដើម។

លោកស្រី សុខហ៊ួយ មានប្រសាសន៍ថា៖ «ស៊ីក្លូជាផ្ទះរបស់គាត់ ជាកន្លែងញ៉ាំ ជាកន្លែងគេង ជាកន្លែងអ្វីទាំងអស់របស់ពួកគាត់»។

លោកស្រី សុខហ៊ុយ ស្វាគមន៍ក្រុមយុវជនធ្វើយុទ្ធនាការប្រមូលថវិកាទ្រទ្រង់ជីភាពអ្នកធាក់ស៊ីក្លូ ប៉ុន្តែលោកស្រីបារម្ភពីការបែងចែកថវិកា។ លោកស្រីចង់ឃើញការបែងចែកនេះប្រកបដោយ តម្លាភាព។

លោកស្រី សុខហ៊ួយ បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៨ អ្នកធាក់ស៊ីក្លូ ជាង៣៣០នាក់ទទួលប្រាក់ឧបត្ថម្ភ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយទទួលបានប្រាក់ ៧០០០រៀលក្នុងមួយថ្ងៃ ហើយបើក រាល់១០ថ្ងៃម្តង។