កាលពីប្រាំមួយឆ្នាំមុន លោក ឡាត់ សុផល គឺជាពលករចំណាកស្រុកម្នាក់ដែលធ្វើជាកម្មករដំឡើងកៅអីការិយាល័យក្នុងរោងចក្រមួយនៅប្រទេសកូរ៉េខាងត្បូង។ លោកបានត្រឡប់មកកម្ពុជាកាលពីឆ្នាំ២០១៤ ហើយបច្ចុប្បន្នលោកបានចាប់ដៃគូជាមួយបណ្តាសហគ្រាសធំៗរបស់កូរ៉េខាងត្បូង ដើម្បីនាំចូល និងដំឡើងកៅអីនៅក្នុងប្រទេសកម្ពុជា។
បុរសវ័យ៣៣ឆ្នាំ ដែលមានស្រុកកំណើតក្នុងខេត្តកណ្តាលរូបនេះនិយាយថា លោកបានធ្វើចំណាកស្រុកទៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១១ ដើម្បីរកប្រាក់ និងបំពេញក្តីសុបិន្តរបស់គាត់ដែលចង់មានជីវកម្មផ្ទាល់ខ្លួនមួយ។ ក្នុងអំឡុងពេលធ្វើជាកម្មករដំឡើងកៅអីការិយាល័យនៅប្រទេសកូរ៉េរហូតដល់ឆ្នាំ២០១៤ លោកត្រូវប្រឈមនឹងភាពលំបាកជាច្រើន ជាមួយក្តីសង្ឃឹមថា នឹងធ្វើឱ្យជីវភាពរបស់ខ្លួនប្រសើរឡើង។
លោក សុផល មានប្រសាសន៍ថា៖ «ការរស់នៅ និងធ្វើជាពលកររយៈពេល៣ឆ្នាំនៅប្រទេសទី២ ដូចជាប្រទេសកូរ៉េនេះ មិនមែនជាជីវិតងាយស្រួលនោះទេ។ ខ្ញុំមានអារម្មណ៍ថានឹកផ្ទះ ហត់នឿយ និងមានអារម្មណ៍ថាឯកោនៅពេលខ្លះ»។
លោកបន្តថា៖ «ទោះយ៉ាងណាខ្ញុំមិនមែនគ្រាន់តែទៅប្រទេសគេដើម្បីធ្វើការ និងរកប្រាក់តែមួយមុខទេ។ ខ្ញុំបានប្រើពេលវេលាទំនេររបស់ខ្ញុំដើម្បីសិក្សា បង្កើនសមត្ថភាពភាសារបស់ខ្ញុំ និងស្វែងរកឱកាសសម្រាប់អាជីពរបស់ខ្ញុំនៅពេលខ្ញុំត្រឡប់មកប្រទេសកម្ពុជាវិញ ជាពិសេសដើម្បីស្វែងរករោងចក្រផលិតកៅអីការិយាល័យ និងអ្នកផ្គត់ផ្គង់ផ្សេងទៀតដើម្បីចាប់ដៃគូ និងធ្វើការសហការរកស៊ីជាមួយគ្នា»។
លោក សុផល បានត្រឡប់មកប្រទេសកម្ពុជាវិញដោយមានចក្ខុវិស័យដ៏ធំមួយគឺលោកចង់ប្រើចំណេះដឹង និងជំនាញដែលទទួលបាននៅប្រទេសកូរ៉េខាងត្បូង មកបង្កើតអាជីវកម្មផ្ទាល់ខ្លួនក្នុងការនាំចូល និងដំឡើងកៅអីការិយាល័យទំនើបនៅកម្ពុជា។ លោកក៏បានកត់សម្គាល់ថា មិនមានរោងចក្រផលិតកៅអីការិយាល័យនៅកម្ពុជាទេ គឺមានតែក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះដែលនាំចូលកៅអីការិយាល័យពីប្រទេសកូរ៉េខាងត្បូង ហើយក្រុមហ៊ុនទាំងនោះមិនបាននាំកៅអីច្រើនម៉ាកមកលក់ទេ គេបាននាំចូលកៅអីកូរ៉េតែប៉ុន្មានម៉ូតតែប៉ុណ្ណោះ។
លោកបន្ថែមថា ប្រជាជនជាច្រើននៅប្រទេសកម្ពុជាជួបបទពិសោធន៍មិនល្អពីការប្រើប្រាស់កៅអីដែលគ្មានគុណភាព ហើយពួកគាត់មួយចំនួនបានក្លាយជា «ជនរងគ្រោះ» នៃកៅអីរបស់ពួកគេផ្ទាល់។ លោកបាននិយាយថា ពួកគេអាចនឹងឈឺចង្កេះ ឈឺឆ្អឹងខ្នង និងអាចរងរបួសដោយសារបញ្ហាបច្ចេកទេសនៃការដំឡើងមិនត្រឹមត្រូវ ដូចជាការបាក់បូម បែកកង់ និងបាក់តួកៅអីជាដើម។
ក្រោយត្រឡប់មកពីប្រទេសកូរ៉េវិញកាលពីឆ្នាំ២០១៤ លោកមិនអាចសម្រេចបំណងរបស់លោកបានភ្លាមៗនោះទេ គឺលោកត្រូវតស៊ូជាច្រើនឆ្នាំដើម្បីអាចបង្កើតអាជីវកម្មរបស់លោកបានក្នុងឆ្នាំ២០១៩។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបានទាក់ទងក្រុមហ៊ុនផលិតកៅអីការិយាល័យមួយចំនួន នៅប្រទេសកូរ៉េភ្លាមៗ បន្ទាប់ពីការធ្វើមាតុភូមិនិវត្តន៍របស់ខ្ញុំ ប៉ុន្តែពួកគេមិនចាប់អារម្មណ៍ទេ»។
លោក សុផល លើកឡើងថា ក្នុងអំឡុងពេលដែលមិនទាន់អាចបង្កើតអាជីវកម្មខ្លួនឯងបាន លោកបានចំណាយពេល បួនឆ្នាំដើម្បីជួយប្អូនប្រុសរបស់លោកបើកហាងជួសជុលម៉ូតូមួយ។ ក្នុងរយៈពេលបួនឆ្នាំនោះ លោកតែងបង្កើនទំនាក់ទំនងជាមួយអ្នកជំនួញជាជនជាតិកូរ៉េផ្សេងៗទៀត។
លោកបញ្ជាក់ថា៖ «ប៉ុន្តែខ្ញុំមិនបោះបង់ចោលក្តីសុបិន្តរបស់ខ្ញុំទេ ទោះបីវាយឺតបន្តិចក៏ដោយ។ សម្រាប់ខ្ញុំអ្វីដែលសំខាន់នោះគឺ ជាដំបូងខ្ញុំត្រូវធ្វើខ្លួនឯងឲ្យរឹងមាំសិន»។
ដូចដែលបានរំពឹងទុក នៅក្នុងឆ្នាំ២០១៩ លោក សុផល បានបង្កើតក្រុមហ៊ុន អឹម. អ៊ី. ស៊ី. ដែលជាក្រុមហ៊ុនផលិត និងចែកចាយកៅអីការិយាល័យនៅកម្ពុជា។ លោកចាប់ផ្តើមវិនិយោគរវាងកូរ៉េខាងត្បូង និងកម្ពុជា និងបានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនកូរ៉េមួយចំនួន។
លោកនិយាយថា៖ «ឥឡូវនេះវិនិយោគិនកូរ៉េ និងក្រុមហ៊ុនមួយចំនួនដែលខ្ញុំមិនធ្លាប់បានស្គាល់ពីមុនមក បានមកជួបខ្ញុំដើម្បីពិភាក្សាលើការសហការក្នុងការធ្វើជាដៃគូអាជីវកម្ម»។
លោកបន្ថែមថា៖ «នៅប្រទេសកូរ៉េ ខ្ញុំប្រឹងប្រែងណាស់។ ការធ្វើការមួយថ្ងៃ១២ម៉ោង (ពីម៉ោង៨ព្រឹក ដល់៨ល្ងាច) គឺជាទម្លាប់ហើយ រីឯថ្ងៃខ្លះអាចធ្វើការរហូតដល់ទៅ១៥ម៉ោង។ នៅកូរ៉េត្រជាក់ខ្លាំងណាស់ ថ្ងៃខ្លះអាកាសធាតុត្រជាក់រហូតដល់ដក១៥អង្សាសេ ពេលខ្លះច្រមុះខ្ញុំចាប់ផ្តើមហូរឈាម។ ខ្ញុំមានអារម្មណ៍មិនស្រួលទេ ហើយរាងកាយខ្ញុំឈឺចាប់ស្ទើគ្រប់កន្លែង»។
បើតាមលោក យ៉េវ ដុង ស៊ូ (Yeo Dong Su) អ្នកតំណាងទីភ្នាក់ងារជ្រើសរើសបុគ្គលិកនៃ មជ្ឈមណ្ឌលអ៊ីភីអេស (EPS) របស់សេវាកម្មអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េនៅកម្ពុជា (HRDK) ឱ្យដឹងថា គិតត្រឹមខែឧសភានេះ មានពលករកម្ពុជាចំនួន៧៦.៣៣៦នាក់ ត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងក្រោមប្រព័ន្ធអនុញ្ញាតិការងារ (EPS) របស់ប្រទេស។
លោក យ៉េវ បានបញ្ជាក់ថា ទោះជាការងារចម្បងរបស់ក្រុមហ៊ុនលោកគឺជាការបញ្ជូនពលករទៅកូរ៉េខាងត្បូង ជាជាងការគាំទ្រពួកគេបន្ទាប់ពីត្រឡប់មកវិញក៏ដោយ ប៉ុន្តែលោកថា ក្រុមហ៊ុនរបស់លោកជួយដល់ពលករដែលត្រឡប់មកកម្ពុជាវិញ ក្នុងការបង្កើតបណ្តាញក្នុងប្រទេសកម្ពុជាដើម្បីជំរុញការងារ និងភាពជាសហគ្រិន។
លោកមានប្រសាសន៍ថា៖ «យើងកំពុងជួយបង្កើតបណ្តាញមួយក្នុងចំណោមពលករដែលវិលត្រឡប់មកកម្ពុជាវិញ។ យើងបានរៀបចំព្រឹត្តិការណ៍ និងកម្មវិធីជាច្រើនដោយអញ្ជើញពលករដែលវិលត្រឡប់មកប្រទេសវិញ [ដើម្បីលើកទឹកចិត្ត] ពលករដែលទទួលការងារឡើងវិញ និងអ្នកដែលចាប់ផ្តើមថ្មី ដើម្បីភ្ជាប់ទំនាក់ទំនងរវាងគ្នា និងគ្នា ដូច្នេះពួកគេអាចជួយគ្នាទៅវិញទៅមកបាន»។
ជាមធ្យមពលករកម្ពុជានៅកូរ៉េខាងត្បូង រកប្រាក់បានចន្លោះពី ១.២០០ដុល្លារ ទៅ ១.៣០០ដុល្លារ ក្នុងមួយខែក្នុងវិស័យកសិកម្ម និងប្រហែល ១.៧០០ ទៅ ១.៨០០ដុល្លារ ក្នុងវិស័យឧស្សាហកម្ម។ នេះបើយោងតាមសារព័ត៌មាន វីអូអេ (VOA New) ។ ជារៀងរាល់ឆ្នាំពួកគេបានផ្ញើរប្រាក់ប្រមាណជា ៣០០ លានដុល្លារអាមេរិកទៅគ្រួសាររបស់ពួកគេ។
ត្រឡប់មកលោក សុផល ដែលបានបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបំពេញក្តីស្រម៉ៃតាំងពីមុនចាកចេញពីកម្ពុជាវិញ និយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំអាចធ្វើឱ្យក្តីសុបិន្តរបស់ខ្ញុំ គឺអាជីវកម្មកៅអីការិយាល័យនេះក្លាយជាការពិត»៕