កាល​ពី​ប្រាំមួយ​ឆ្នាំ​មុន លោក ឡាត់ សុផល គឺជា​ពលករ​ចំណាក​ស្រុក​ម្នាក់​ដែល​ធ្វើ​ជា​កម្មករ​ដំឡើង​កៅអី​ការិយាល័យ​ក្នុង​រោងចក្រ​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។ លោក​​បាន​ត្រឡប់​មក​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៤ ហើយ​បច្ចុប្បន្ន​លោក​បាន​ចាប់​ដៃគូ​​ជាមួយ​បណ្តា​​សហគ្រាស​ធំៗ​របស់​កូរ៉េ​ខាង​ត្បូង​ ដើម្បី​នាំចូល និង​ដំឡើង​កៅអី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បុរស​វ័យ​៣៣​ឆ្នាំ ដែល​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​កណ្តាល​រូបនេះ​​និយាយ​ថា លោក​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​កូរ៉េខាងត្បូង​​ក្នុង​​ឆ្នាំ​​២០១១ ​ដើម្បី​​រក​ប្រាក់ និង​បំពេញ​​ក្តី​សុបិន្ត​របស់​គាត់​ដែល​ចង់​មាន​ជីវកម្ម​ផ្ទាល់​​ខ្លួន​មួយ​។ ក្នុង​អំឡុង​ពេលធ្វើ​​ជា​កម្មករ​ដំឡើង​កៅអី​ការិយាល័យ​​នៅ​ប្រទេស​កូរ៉េ​រហូត​ដល់​ឆ្នាំ​២០១៤ លោក​ត្រូវ​ប្រឈម​នឹង​ភាព​លំបាក​ជាច្រើន ជាមួយ​ក្តី​សង្ឃឹម​ថា នឹង​ធ្វើ​ឱ្យ​ជីវភាព​របស់​ខ្លួន​ប្រសើរ​ឡើង។

លោក សុផល មាន​ប្រសាសន៍​ថា៖ «ការរស់នៅ និង​ធ្វើ​ជា​ពលករ​រយៈពេល​៣ឆ្នាំ​នៅ​ប្រទេស​ទី២ ដូចជា​ប្រទេស​កូរ៉េ​នេះ មិនមែន​ជា​ជីវិត​ងាយ​ស្រួល​នោះ​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា​នឹ​កផ្ទះ ហត់​នឿយ និង​មាន​អារម្មណ៍​ថា​ឯកោ​នៅ​ពេល​ខ្លះ»។

លោក​បន្ត​ថា៖ «ទោះយ៉ាងណា​ខ្ញុំ​មិនមែន​គ្រាន់តែ​ទៅ​ប្រទេស​គេ​ដើម្បី​ធ្វើការ និង​រកប្រាក់​តែ​មួយ​មុខ​ទេ។ ខ្ញុំ​បាន​ប្រើ​ពេល​វេលា​ទំនេរ​របស់​ខ្ញុំ​ដើម្បី​សិក្សា បង្កើន​សមត្ថភាព​ភាសា​របស់​ខ្ញុំ​ និង​ស្វែង​រក​ឱកាស​សម្រាប់​អាជីព​របស់ខ្ញុំ​នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ជាពិសេស​ដើម្បី​ស្វែង​រក​រោងចក្រ​ផលិត​កៅអី​ការិយាល័យ​ និង​​អ្នក​​ផ្គត់ផ្គង់​ផ្សេង​ទៀត​​ដើម្បី​ចាប់​ដៃគូ និង​ធ្វើការ​សហការ​រកស៊ី​ជាមួយ​គ្នា»។

លោក សុផល បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​មាន​ចក្ខុវិស័យ​ដ៏​ធំ​មួយ​គឺ​​លោក​ចង់​ប្រើ​ចំណេះ​ដឹង ​និង​ជំនាញ​ដែល​ទទួល​បាន​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ក្នុង​ការនាំ​ចូល​ និង​ដំឡើង​​កៅអី​ការិយាល័យ​ទំនើប​នៅ​កម្ពុជា។ លោក​ក៏​បាន​កត់​សម្គាល់​ថា ​មិន​មាន​រោងចក្រ​ផលិត​កៅអី​ការិយាល័យ​នៅ​កម្ពុជា​ទេ គឺ​មាន​តែ​ក្រុមហ៊ុន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នាំ​ចូល​កៅអី​ការិយាល័យ​ពី​ប្រទេស​​​​កូរ៉េ​ខាងត្បូង ហើយ​ក្រុមហ៊ុន​ទាំងនោះ​មិន​បាន​នាំ​កៅអី​ច្រើន​ម៉ាក​មក​លក់​ទេ គេ​បាន​នាំចូល​កៅអី​កូរ៉េ​តែ​ប៉ុន្មាន​ម៉ូត​តែ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ប្រជាជន​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​ជួប​បទ​ពិសោធន៍​មិន​ល្អ​ពី​ការ​ប្រើ​ប្រាស់​​​កៅអី​ដែល​គ្មាន​គុណភាព ហើយ​ពួកគាត់​មួយ​ចំនួន​បាន​ក្លាយ​ជា «ជន​រងគ្រោះ» នៃ​កៅអី​របស់​ពួក​គេ​ផ្ទាល់។ លោក​បាន​និយាយ​ថា ពួកគេ​អាច​នឹង​ឈឺ​ចង្កេះ ឈឺ​ឆ្អឹង​ខ្នង និង​អាច​រងរបួស​ដោយសារ​បញ្ហា​បច្ចេកទេស​នៃ​ការដំឡើង​មិន​ត្រឹមត្រូវ ដូចជា​ការបាក់​បូម បែក​កង់ និង​បាក់​តួ​កៅអី​ជាដើម។

ក្រោយ​ត្រឡប់​មក​ពី​ប្រទេស​កូរ៉េ​វិញ​កាល​ពី​ឆ្នាំ​២០១៤ លោក​មិន​អាច​សម្រេច​បំណង​របស់​លោក​បាន​ភ្លាមៗ​នោះ​ទេ គឺ​លោក​ត្រូវ​​តស៊ូ​ជា​ច្រើន​ឆ្នាំ​ដើម្បី​អាច​បង្កើត​អាជីវកម្ម​របស់​លោក​បាន​​ក្នុង​ឆ្នាំ​២០១៩​។

លោក​​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ទាក់ទង​ក្រុមហ៊ុន​ផលិត​កៅអី​ការិយាល័យ​មួយ​ចំនួន​ នៅ​ប្រទេស​កូរ៉េ​ភ្លាមៗ ​​បន្ទាប់​ពី​ការធ្វើ​មាតុភូមិ​និវត្តន៍​របស់​ខ្ញុំ ប៉ុន្តែ​ពួកគេ​មិន​ចាប់​អារម្មណ៍​ទេ»។

លោក​ សុផល​ លើក​ឡើង​ថា ក្នុង​អំឡុង​ពេល​ដែល​មិនទាន់​អាច​បង្កើត​អាជីវកម្ម​ខ្លួន​ឯងបាន លោក​បាន​ចំណាយ​ពេល​ ​បួនឆ្នាំដើម្បី​ជួយ​ប្អូនប្រុស​របស់​លោក​បើក​ហាង​ជួសជុល​ម៉ូតូ​មួយ​។ ក្នុងរ​យៈ​ពេល​បួន​ឆ្នាំ​​នោះ លោក​តែង​បង្កើន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ជំនួញ​ជាជន​ជាតិ​កូរ៉េ​ផ្សេងៗ​ទៀត​។​

លោក​បញ្ជាក់​​ថា៖ «ប៉ុន្តែ​ខ្ញុំ​មិន​បោះបង់​ចោល​ក្តី​សុបិន្ត​របស់​ខ្ញុំ​ទេ ទោះ​បី​វា​យឺត​បន្តិច​ក៏​ដោយ។ សម្រាប់​ខ្ញុំ​អ្វី​ដែល​សំខាន់​នោះ​គឺ ជា​ដំបូង​ខ្ញុំ​ត្រូវ​ធ្វើ​ខ្លួន​ឯង​ឲ្យ​រឹងមាំ​សិន»។

ដូច​ដែល​បាន​រំពឹង​ទុក នៅ​ក្នុង​​ឆ្នាំ​២០១៩ ​ លោក សុផល បាន​បង្កើត​ក្រុមហ៊ុន អឹម. អ៊ី. ស៊ី. ដែល​ជា​ក្រុមហ៊ុន​ផលិត​ និង​ចែក​ចាយ​​កៅអី​ការិយាល័យ​នៅ​កម្ពុជា​។ លោក​ចាប់ផ្តើម​​វិនិយោគ​រវាង​កូរ៉េ​ខាងត្បូង​ និង​កម្ពុជា ​និង​បាន​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​មួយ​ចំនួន។

លោកនិយាយ​ថា៖ «ឥឡូវ​នេះ​វិនិយោគិន​កូរ៉េ ​និង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ស្គាល់​ពី​មុន​មក បាន​មក​ជួប​ខ្ញុំ​ដើម្បី​ពិភាក្សា​លើ​ការសហការ​ក្នុង​ការធ្វើ​ជា​ដៃគូ​អាជីវកម្ម»។

លោក​បន្ថែម​ថា៖ «នៅ​ប្រទេស​កូរ៉េ​ ខ្ញុំ​ប្រឹង​ប្រែង​​ណាស់។ ការធ្វើការ​មួយ​ថ្ងៃ​១២ម៉ោង (ពីម៉ោង​៨ព្រឹក ដល់​៨ល្ងាច) គឺជា​ទម្លាប់​ហើយ រីឯ​ថ្ងៃ​ខ្លះ​អាច​ធ្វើការ​រហូត​ដល់​ទៅ​១៥ម៉ោង។ នៅ​កូរ៉េ​ត្រជាក់​ខ្លាំង​ណាស់ ថ្ងៃ​ខ្លះ​អាកាសធាតុ​ត្រជាក់​រហូត​ដល់​ដក​១៥​អង្សាសេ​ ពេល​ខ្លះ​ច្រមុះ​ខ្ញុំ​ចាប់ផ្តើម​ហូរ​ឈាម។ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​ទេ ហើយ​រាងកាយ​ខ្ញុំ​ឈឺ​ចាប់​ស្ទើ​គ្រប់​កន្លែង»។

បើ​តាម​លោក យ៉េវ ដុង ស៊ូ (Yeo Dong Su) អ្នក​តំណាង​ទីភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក​នៃ ​មជ្ឈ​មណ្ឌល​អ៊ីភីអេស​ (EPS) របស់​សេវាកម្ម​អភិវឌ្ឍន៍​ធនធាន​មនុស្ស​កូរ៉េ​នៅ​កម្ពុជា (HRDK) ឱ្យ​ដឹង​ថា គិត​ត្រឹម​​ខែ​ឧសភា​នេះ មាន​ពលករ​កម្ពុជា​ចំនួន​៧៦.៣៣៦​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ក្រោម​ប្រព័ន្ធ​អនុញ្ញាតិ​ការងារ (EPS) របស់​ប្រទេស។

លោក យ៉េវ បាន​បញ្ជាក់​ថា ទោះជា​ការងារ​ចម្បង​របស់​ក្រុម​ហ៊ុន​លោក​គឺជា​ការបញ្ជូន​ពលករ​ទៅ​កូរ៉េ​ខាងត្បូង ​ជាជាង​ការគាំទ្រ​ពួក​គេ​បន្ទាប់​ពី​ត្រឡប់​មក​វិញ​ក៏​ដោយ ​ប៉ុន្តែ​លោក​ថា ក្រុម​​ហ៊ុន​របស់​លោក​ជួយ​ដល់​ពលករ​ដែល​ត្រឡប់​មក​កម្ពុជា​វិញ ក្នុង​ការ​​បង្កើត​បណ្តាញ​​ក្នុង​ប្រទេស​​កម្ពុជា​ដើម្បី​ជំរុញ​ការងារ និង​ភាព​ជា​សហគ្រិន។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​កំពុង​ជួយ​បង្កើត​បណ្តាញ​មួយ​ក្នុង​ចំណោម​ពលករ​ដែល​វិល​ត្រឡប់​មក​កម្ពុជា​វិញ។ យើង​បាន​រៀបចំ​ព្រឹត្តិការណ៍ និង​កម្មវិធី​ជាច្រើន​ដោយ​អញ្ជើញ​ពលករ​ដែល​វិល​ត្រឡប់​មក​ប្រទេស​វិញ [ដើម្បី​លើក​ទឹក​ចិត្ត] ពលករ​ដែល​ទទួល​ការងារ​ឡើង​វិញ និង​អ្នក​ដែល​ចាប់ផ្តើម​ថ្មី​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​រវាង​គ្នា និងគ្នា ដូច្នេះ​ពួកគេ​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន»។

ជា​មធ្យម​ពលករ​កម្ពុជា​នៅ​កូរ៉េ​ខាង​ត្បូង រកប្រាក់​បាន​ចន្លោះ​ពី ១.២០០ដុល្លារ ទៅ ១.៣០០ដុល្លារ ​ក្នុង​មួយ​ខែ​​ក្នុង​វិស័យ​កសិកម្ម និង​ប្រហែល ១.៧០០ ទៅ ១.៨០០ដុល្លារ ​ក្នុង​វិស័យ​ឧស្សាហកម្ម។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ វីអូអេ (VOA New) ។​ ជា​រៀងរាល់​ឆ្នាំ​ពួកគេ​បាន​ផ្ញើរ​ប្រាក់​ប្រមាណ​ជា ៣០០ លាន​ដុល្លារ​អាមេរិក​ទៅ​គ្រួសារ​របស់​ពួកគេ។

ត្រឡប់​មក​លោក សុផល ដែលបាន​​​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ និង​​បំពេញ​ក្តី​ស្រម៉ៃ​តាំង​ពីមុន​ចាក​ចេញ​ពី​កម្ពុ​ជា​​វិញ​ ​និយាយ​ថា​៖ «ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំអាចធ្វើឱ្យក្តីសុបិន្តរបស់ខ្ញុំ​ គឺ​​អាជីវកម្ម​​​កៅអីការិយាល័យ​នេះក្លាយជាការពិត»៕​