អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង៤,០០០ករណី ក្នុងរយៈពេល៥ខែដំបូង នៅដើមឆ្នាំ២០២០ ដោយចំនួននេះកើនឡើងជិត១២០០ករណី បើប្រៀបធៀបនឹងរយះពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើតាមបញ្ជាក់របស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ថ្លែងក្នុងកម្មវិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកឡើងថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២០ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន៤,៥១០ករណី ខណៈដែលឆ្នាំ២០១៩ មានតែ៣,៣៣៥ករណី បើគិតជាភាគរយកើនឡើងប្រមាណជា២៦ភាគរយ។
លោកបន្តថា ការបង្រ្កាបនេះគឺជាការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ។ លោកបន្ថែមថា អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន៨,៩២៧នាក់ ក្នុងនោះមានស្រី ៥៦១នាក់ និងរឹបអូសគ្រឿងញៀនបានជាង២០៩គីឡូក្រាម និងមានសម្ភារៈដូចជា រថយន្ត៥០គ្រឿង ម៉ូតូ១,១៨៣គ្រឿង ទូរស័ព្ទដៃ៣៤,៤៩៩គ្រឿង និងប្រាក់រៀលជាង៨៥លានរៀល ប្រាក់ដុល្លារអាមេរិក៥៣,៤៦៩ដុល្លារ។
ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅដថ្ងៃសុក្រនេះ អាជ្ញាធរគ្រឿងញៀនបានដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបានចំនួន៥០០គីឡូក្រាម នៅកោះពេជ្រ រាជធានីភ្នំពេញផងដែរ។
បើតាមលោក កែ គឹមយ៉ាន គ្រឿងញៀនដែលបានដុតកម្ទេចចោលនេះមានចំនួន៥០០គីឡូក្រាម គឺបានមកពីការបង្ក្រាបនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និងកំពង់ស្ពឺ ហើយយុទ្ធនាការនេះនឹងនៅតែបន្តនៅតាមបណ្តាខេត្តផ្សេងៗបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលមិនបានមើលងាយគ្រឿងញៀនទេ យើងគ្រាន់តែមើលបញ្ជាការយុទ្ធនាការ ឥឡូវ៥លើកហើយ វាអត់លុបទេ តាមពិតមានអាជ្ញាធរគ្រឿងញៀន មានស្ថាប័នប៉ូលីសហើយ គួរតែមិនបាច់ ប៉ុន្តែយើងអត់លុបទេ»។
លោកបន្ថែមថា៖ «គ្រឿងញៀន ខ្ញុំថាមិនងាយនឹងចប់ ដោយសារអី? ប្រទេសយើងមិនមែនអ្នកផលិតគ្រឿងញៀនទេ…គ្រឿងញៀនឥឡូវមិនបាច់ទៅដាំទេ គេយកតែគីមីយកមកផ្សំ វាកើតគ្រឿងញៀនលក់ភ្លាម»។
លោក អំ សំអាត ជានាយករងផ្នែកទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា បច្ចុប្បន្នជនរងគ្រោះដោយសារគ្រឿងញៀនកើនឡើង ជាពិសេសនៅជនបទ។ លោកបន្តថា ដើម្បីកាត់បន្ថយគ្រឿងញៀន គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលរួមមានប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល។
លោក អំ សំអាត ក៏បានសំណូមពរឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធបន្ថែមការទប់ស្កាត់ទៅលើការនាំចូល និងការត្រួតពិនិត្យផ្សេងៗ ជាពិសេសអាជ្ញាធរពាក់ព័ន្ធនិងមិនពាក់ព័ន្ធ សូមនៅឲ្យឆ្ងាយពីគ្រឿងញៀន។
លោកបញ្ជាក់ថា៖« ដើម្បីឲ្យមានប្រសិទ្ធភាព ទោះបីជាអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀនហ្នឹងមានឋារន្តរស័ក ឬក៏ឋានៈធំប៉ុណ្ណាក៏ដោយឲ្យតែមានពាក់ព័ន្ធនឹងគ្រឿងញៀន យើងត្រូវតែបង្ក្រាប»។ នៅថ្ងៃសុក្រនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ជាការអបអរការរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកបញ្ជាក់ថា ទិវានេះជាស្មារតីបានកំណត់ឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៨៧ និងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្រោមប្រធានបទផ្សេងៗ ដើម្បីដាស់តឿនដល់ជនគ្រប់រូបឲ្យយកចិត្តទុកដាក់ និងចូលរួមឲ្យកាន់តែសកម្មក្នុងការទប់ស្កាត់ បង្ក្រាប និងដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន៕