អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង​៤,០០០ករណី​ ក្នុង​រយៈពេល​៥ខែដំបូង នៅ​ដើម​ឆ្នាំ​២០២០ ដោយ​ចំនួននេះ​កើន​ឡើង​ជិត​១២០០​ករណី បើ​ប្រៀប​ធៀប​នឹង​រយះពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩។ នេះ​​បើ​តាម​បញ្ជាក់​​របស់​ប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​។

​ថ្លែង​ក្នុង​កម្មវិធី​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ​ លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើកឡើងថា ក្នុង​រយៈពេល​​៥ខែ នៃ​ឆ្នាំ​២០២០ អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​បង្រ្កាប​បទល្មើស​គ្រឿង​ញៀន​ចំនួន​៤,៥១០ករណី ខណៈដែលឆ្នាំ២០១៩ មានតែ៣,៣៣៥ករណី បើគិតជា​ភាគរយ​កើន​ឡើង​ប្រមាណ​ជា​២៦ភាគរយ។

លោកបន្តថា ការ​បង្រ្កាប​នេះ​គឺជា​ការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី៥​​​ ដោយ​​គិត​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ។ លោក​បន្ថែម​ថា អាជ្ញាធរ​បាន​​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៨,៩២៧នាក់ ក្នុងនោះ​មាន​ស្រី​ ៥៦១​នាក់ និង​រឹបអូ​ស​គ្រឿង​ញៀន​បាន​ជាង​២០៩​គីឡូក្រាម និង​មាន​សម្ភារៈ​ដូចជា រថយន្ត​៥០​គ្រឿង ម៉ូតូ​១,១៨៣គ្រឿង ទូរស័ព្ទដៃ៣៤,៤៩៩គ្រឿង និង​ប្រាក់​រៀល​ជាង​៨៥​លាន​រៀល ប្រាក់​ដុល្លារ​អាមេរិក​៥៣,៤៦៩​ដុល្លារ។

ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀននៅ​ដថ្ងៃ​សុក្រ​នេះ អាជ្ញាធរ​គ្រឿង​ញៀន​​​បាន​ដុត​កម្ទេចគ្រឿង​ញៀន​ដែល​រឹប​អូស​បាន​ចំនួន​៥០០​គីឡូ​ក្រាម នៅ​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ផង​ដែរ។

បើតាម​លោក កែ គឹមយ៉ាន ​គ្រឿងញៀន​ដែល​បាន​ដុត​កម្ទេច​ចោល​​នេះ​​មាន​ចំនួន​៥០០​គីឡូក្រាម គឺ​បាន​មក​ពី​ការបង្ក្រាបនៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល​ តាកែវ និងកំពង់ស្ពឺ ហើយ​យុទ្ធនាការ​នេះ​នឹង​នៅ​តែ​បន្ត​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​បន្ថែម​ទៀត។

លោក​បញ្ជាក់​ថា៖ «​រដ្ឋាភិបាល​មិន​បាន​មើល​ងាយ​គ្រឿង​ញៀន​ទេ​ យើង​គ្រាន់តែ​មើល​បញ្ជាការ​យុទ្ធនាការ ឥឡូវ​៥​លើក​ហើយ វា​អត់​លុប​ទេ តាម​ពិត​មាន​អាជ្ញាធរ​គ្រឿងញៀន​ មាន​ស្ថាប័ន​ប៉ូលីស​ហើយ​ គួរ​តែ​មិន​បាច់ ប៉ុន្តែ​យើង​អត់​លុប​ទេ​​»។

លោក​បន្ថែម​ថា៖ «​គ្រឿង​ញៀន ខ្ញុំ​ថា​មិន​ងាយ​នឹង​ចប់ ដោយសារ​អី? ​ប្រទេស​យើង​មិនមែន​អ្នក​​ផលិត​គ្រឿង​ញៀន​ទេ​​…​គ្រឿងញៀន​ឥឡូវ​មិនបាច់​ទៅ​ដាំ​ទេ ​គេ​យក​តែ​គីមី​យក​មក​ផ្សំ ​វា​កើត​គ្រឿង​ញៀន​លក់​ភ្លាម»។

លោក អំ សំអាត ជានាយករង​ផ្នែក​ទទួល​បន្ទុក​​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​​ជ​​ន​រងគ្រោះ​​ដោយ​សារ​​គ្រឿងញៀន​​កើន​​ឡើង ជាពិសេស​​នៅ​​ជន​បទ។​​ លោក​បន្ត​ថា ​ដើម្បី​​កាត់​បន្ថយ​​គ្រឿង​ញៀន គឺ​​​ត្រូវ​មាន​ការ​ចូល​​រួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដែល​រួម​មាន​​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​។

លោក អំ សំអាត ក៏​បាន​​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ថែម​​ការ​​ទប់ស្កាត់​​ទៅ​​លើ​​ការនាំ​ចូល និង​ការត្រួត​​ពិនិត្យ​​ផ្សេងៗ ជាពិសេស​​អាជ្ញាធរ​​​ពាក់ព័ន្ធ​​និង​​មិន​ពាក់ព័ន្ធ​ សូម​​នៅ​​ឲ្យ​​​ឆ្ងាយ​​ពី​​គ្រឿង​ញៀន។

លោក​បញ្ជាក់​ថា៖​« ដើម្បី​​ឲ្យ​​មាន​​ប្រសិទ្ធភាព ទោះបី​ជា​​អ្នក​​ដែល​​ពាក់ព័ន្ធ​​នឹង​​គ្រឿង​ញៀន​ហ្នឹង​មាន​​ឋារន្តរ​ស័ក ឬ​​ក៏​​ឋានៈ​​ធំ​​ប៉ុណ្ណា​​ក៏ដោយ​​ឲ្យ​​តែ​​មាន​​ពាក់ព័ន្ធ​​នឹង​​គ្រឿង​ញៀន យើង​​ត្រូវ​​តែ​បង្ក្រាប»។ នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​​​បង្ហោះ​សារ​នៅលើ​ទំព័រ​​ហ្វេសប៊ុក​របស់​លោក​ ​ជាការ​អបអរ​ការរៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។ លោក​បញ្ជាក់​ថា ទិវា​នេះ​​​ជា​ស្មារ​តីបាន​កំណត់​ឡើង​ដោយ​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​​កាល​​ពី​ឆ្នាំ១៩៨៧ និង​ត្រូវ​​បាន​​រៀបចំ​ឡើង​ជា​​រៀង​​រាល់​ឆ្នាំ​​ក្រោម​​ប្រធាន​​បទ​​ផ្សេងៗ ដើម្បី​ដាស់​​តឿន​​ដល់​​ជន​​គ្រប់​រូប​ឲ្យ​​​យក​​ចិត្ត​​ទុក​​ដាក់ និង​​ចូលរួម​​ឲ្យ​​កាន់​តែ​​សកម្ម​​ក្នុង​​ការទប់ស្កាត់ បង្ក្រាប និង​​ដោះស្រាយ​​បញ្ហា​​ដែល​​ពាក់ព័ន្ធ​​នឹ​ង​គ្រឿង​​ញៀន៕