កសិករពីរនាក់នៅខេត្តពីរផ្សេងគ្នា កំពុងបង្កើនការដាំដំណាំទំពាំងបាយជូរយ៉ាងដើម្បីប្រមូលផលពង្រីកទីផ្សារ ខណៈក្រសួងកសិកម្មពុំទាន់មានវិធានការគាំទ្រ និងរកទីផ្សារទំពាំងបាយជូនៅឡើយ។
លោក ចាន់ ថៃឈឿង កសិករដាំទំពាំងបាយជូរម្នាក់នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានប្រសាសន៍ថា ដោយសារស្រឡាញ់ដំណាំទំពាំងបាយជូរលោកបានខ្ចីលុយធនាគារមួយមឺនដុល្លារដើម្បីធ្វើដើមទុនកាលពីឆ្នាំ២០០០។ លោកបន្តថា លោកចាប់ផ្តើមដាំដំបូងនៅស្រុកបាណន់ចំនួន១០០០ដើម លើដីទំហំជាងមួយហិកតា តែដោយសារទទួលបានទិន្នផលទាប លោកក៏ផ្លាស់ប្តូរទីតាំង ហើយក្នុងពេលបច្ចុប្បន្នចំការរបស់លោកមានដើមទំពាំងបាយជូរប្រមាណជា៥២,០០០ដើម លើផ្ទៃដី១៣ហិចតា។
ម្ចាស់ចំការទំពាំងបាយជូរនៅបាត់ដំបងរូបនេះបន្តថា បច្ចុប្បន្នទំពាំងបាយជូរ១ដើមប្រមូលផលបាន១គីឡូក្រាម និង២ដងក្នុងមួយឆ្នាំ ហើយទិន្នផលទាំងនោះលោកបានផលិតជាស្រាក្រហមដែលមានឈ្មោះថា «CTបាត់ដំបង» និងផ្គត់ផ្គង់ផ្លែជាទីផ្សារលក្ខណៈគ្រួសារ មិនទាន់បានលក់ឲ្យទីផ្សារខាងក្រៅនៅឡើយ។
លោកបន្ថែមថា ផ្លែទំពាំងបាយជូរមួយគីឡូក្រាមមានតម្លៃ៧ដុល្លារ នៅរដូវប្រាំង ដោយសារវាមានរសជាតិផ្អែម ហើយសម្រាប់ស្រាក្រហមមួយដបតម្លៃជាមធ្យម២០ដុល្លារ ចំណុះ៧០០មីលីលីត្រ។ លោកថា លោកមានមោទនភាពចំពោះទិន្នផលដែលទទួលបាន និងការគាំទ្រពីប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរជីវភាពបានល្អប្រសើរ។
លោកបញ្ជាក់ថា៖ «យើងអាចជឿនលឿនទៅមុខ ហើយបច្ចុប្បន្ននេះមិនដូច អឺ..គេហៅថាកាលខ្ញុំដាំនៅបាណន់ ខ្ញុំរហេមរហាមណាស់ ទីមួយធ្វើទំពាំងបាយជូរហ្នឹង បានផលក៏មិនដូចចិត្តយើង ហើយផ្ទៃដីក៏នៅតូច មានតែការគាំទ្រមួយទេ មានន័យថាការគាំទ្ររបស់មហាជនគាត់ចេះតែគាំទ្រយើងខ្លាំង ធ្វើឲ្យយើងមានទឹកចិត្តមកដល់ថ្ងៃហ្នឹង »។
លោក ចាន់ ថៃឈឿង បន្ថែមថា ប្រជាពលរដ្ឋទាំងអស់ត្រូវគិតពិចារណាឲ្យបានហ្មត់ចត់មុនសម្រេចចិត្តដាំ ដោយសារការដាំទំពាំងបាយជូមានភាពលំបាក។
លោកថា៖ «វាទាមទារភាពច្បាស់លាស់ វាទាមទារភាពយល់ដឹងច្រើនពីផ្នែកកសិកម្មបានយើងអាចដាំបាន មានភាពតស៊ូ […] វាបត់បែនទៅតាមកាលៈទេសៈអាកាសធាតុ ភ្លៀងធ្លាក់ម្តងម្កាល វាទាក់ទងជាមួយដីជាមួយទឹកហ្នឹងគ្រប់បែបបទ»។
ចំណែកលោក ជួន ថាបូរ៉ា កសិករដាំទំពាំងបាយជូរម្នាក់ទៀតនៅខេត្តកំពង់ស្ពឺ និយាយថា ដោយសារលោកមានបច្ចេកទេសក្នុងការធ្វើស្រាក្រហម ប៉ុន្តែកម្ពុជាពុំសូវមានអ្នកដាំដំណាំទំពាំងបាយជូ ទើបលោកសម្រេចចិត្តដាំទំពាំងបាយជូរដោយខ្លួនឯងកាលពីឆ្នាំ២០១៦។
លោកបន្តថា ការចាប់ផ្តើមដំបូងមានភាពលំបាកក្នុងការចំណាយដើមទុន ព្រមទាំងការដាំ និងថែរទាំ ដោយសារលោកត្រូវពឹងផ្អែកលើអ្នកជំនាញទាំងស្រុង។ ប៉ុន្តែលោកថា បច្ចុប្បន្នលោកទទួលបានបទពិសោធន៍ទាំងនោះ ហើយមកទល់ពេលនេះចម្ការទំពាំងបាយជូររបស់លោកមានដើមទំពាំងបាយជូរជិត៥ហិចតា នៅលើផ្ទៃដីប្រមាណជាង១៤ហិចតា ដោយចំណាយទុនសរុបអស់ប្រមាណជា៥០ម៉ឺនដុល្លារ បានមកពីការខ្ចីធនាគារ និងលក់ផ្ទះ។
លោកបន្ថែមថា បើទោះបីជាបច្ចុប្បន្នដំណាំទំពាំងបាយជូរមានភាពប្រសើរឡើង តែលោកមានការព្រួយបារម្ភខ្លាំងពីអាកាសធាតុ និងសត្វល្អិតផ្សេងៗ។
លោកបញ្ជាក់ថា៖ «វាពិបាកជាងគេបើប្រៀបធៀបនឹងដំណាំដទៃ វាពិបាកថែទាំ សត្វល្អិតក៏ច្រើន អឺ…ជួបនឹងធម្មជាតិ ធម្មជាតិដូចជាភ្លៀងខ្លាំងក៏អត់កើត។ ហើយអឺ.. មានផ្លែហើយ អាសត្វស្លាបនឹងមកចឹកស៊ី ក៏ពិបាកថែរដែរអាហ្នឹង »។
ទំពាំងបាយជូគឺជាប្រភេទផ្លែឈើដែលដាំដុះនៅក្រៅប្រទេស ពិសេសនៅប្រទេសដែលមានអាកាសធាតុត្រជាក់។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រហូតមកដល់ពេលនេះ កម្ពុជាមានចំការទំពាំងបាយជូតែពីរកន្លែងប៉ុណ្ណោះ គឺនៅខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មមានប្រសាសន៍ថា មកទល់ពេលនេះក្រសួងកសិកម្មពុំទាន់មានយុទ្ធនាការ និងផែនការណាមួយក្នុងការជួយជំរុញគាំទ្រដល់ការដាំដំណាំទំពាំងបាយជូរនោះទេ ដោយសារអ្នកដាំមិនទាន់មានកម្រិតធំដុំនៅឡើយ។
លោកបញ្ជាក់ថា៖ «យើងគ្មានយុទ្ធសាស្រ្តរឿងបង្កើតទីផ្សារទំពាំងបាយជូរទេ។ កន្លងទៅនេះគ្រាន់តែគេដាំ គ្រាន់តែបង្អួតសម្រាប់បុគ្គលម្នាក់ៗរបស់គេតែប៉ុណ្ណោះ […] ហើយក្រសួងក៏ គ្មានដាក់ចេញនូវផែនការយុទ្ធសាស្ត្រក្នុងការផលិតទំពាំងបាយជូរនៅកម្ពុជានោះទេ នាពេលបច្ចុប្បន្ន និងនៅពេលអនាគត »។
ទោះបីជារដ្ឋមន្ត្រី ក៏ដូចជាក្រសួងកសិកម្មមិនបានបង្ហាញពីផែនការជំរុញគាំទ្រ និងរកទីផ្សារទំពាំងបាយជូរក៏ដោយ ក៏កសិករវ័យ៥៤ឆ្នាំ នៅខេត្តកំពង់ស្ពឺ លោក ជួន ថាបូរ៉ា នៅតែបន្តប្តេជ្ញាចិត្តខិតខំដាំដំណាំទំពាំងបាយជូររបស់លោកដើម្បីបង្កើនទិន្នផលបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ពូដឹងតែធ្វើហើយនិយាយរួម ទោះបីមិនមានការជំរុញក៏ពូនៅតែធ្វើដែរ។ យើងអត់គិតអីទាំងអស់ គិតតែយើងប្រឹងធ្វើតែខ្លួនយើងសិន យើងនៅតែធ្វើចឹង តាមលទ្ធភាពដែលយើងមាន។ យើងនៅតែធ្វើអត់មានរឿងរាថយទេ។ បើមានខាងរដ្ឋជួយទៀតរឹតតែមានទឹកចិត្តទៀត»៕