កសិករ​ពីរ​នាក់​នៅ​ខេត្ត​ពីរ​ផ្សេង​គ្នា កំពុង​បង្កើន​ការ​ដាំ​ដំណាំ​ទំពាំង​បាយ​ជូរ​យ៉ាង​​​ដើម្បី​ប្រមូល​ផល​ពង្រីក​ទីផ្សារ ខណៈ​ក្រសួង​កសិកម្ម​ពុំ​ទាន់​មាន​វិធានការ​​គាំទ្រ និង​រក​ទីផ្សារ​ទំពាំង​បាយជូ​នៅ​ឡើយ។

លោក ចាន់ ថៃឈឿង កសិករ​ដាំ​ទំពាំងបាយជូរ​ម្នាក់​នៅ​ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់ដំបង​ មាន​ប្រសាសន៍​ថា ដោយសារ​ស្រឡាញ់​ដំណាំ​ទំពាំង​បាយ​ជូរ​​លោក​បាន​​ខ្ចី​លុយ​ធនាគារ​មួយ​មឺន​ដុល្លារ​ដើម្បី​ធ្វើ​ដើ​មទុន​​កាល​ពី​ឆ្នាំ​២០០០។ លោក​បន្ត​ថា  លោក​ចាប់​ផ្តើម​ដាំ​ដំបូង​នៅ​ស្រុក​បាណន់​​ចំនួន​១០០០ដើម លើ​ដី​ទំហំជាងមួយហិកតា តែដោយសារ​ទទួលបានទិន្នផលទាប លោកក៏ផ្លាស់ប្តូរទីតាំង ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​ចំការ​របស់​លោក​មាន​ដើម​ទំពាំង​បាយ​ជូរ​ប្រមាណ​ជា​៥២,០០០​ដើម លើ​ផ្ទៃដី​១៣ហិចតា។

ម្ចាស់ចំការ​ទំពាំង​បាយ​ជូរ​នៅ​បាត់​ដំបង​រូបនេះ​បន្ត​ថា បច្ចុប្បន្ន​ទំពាំង​បាយជូរ​១​ដើម​ប្រមូល​ផល​បាន​១​គីឡូក្រាម និង​២ដង​ក្នុង​មួយឆ្នាំ ហើយ​ទិន្នផល​ទាំងនោះ​លោកបាន​​ផលិត​ជា​ស្រា​ក្រហម​ដែល​មាន​ឈ្មោះ​ថា​ «CTបាត់ដំបង» និង​ផ្គត់ផ្គង់​ផ្លែ​ជា​ទីផ្សារ​លក្ខណៈ​គ្រួសារ មិន​ទាន់​បាន​លក់​ឲ្យ​ទីផ្សារ​ខាង​ក្រៅ​​នៅឡើយ​។​

លោក​បន្ថែម​ថា ផ្លែ​ទំពាំងបាយជូរ​មួយ​គីឡូ​ក្រាម​មាន​តម្លៃ​៧​ដុល្លារ នៅ​រដូវ​ប្រាំង​ ដោយសារ​វា​មាន​រសជាតិ​ផ្អែម ហើយ​សម្រាប់​ស្រាក្រហម​​មួយ​ដប​តម្លៃ​ជា​មធ្យម​២០ដុល្លារ​ ​​ចំណុះ​៧០០​មីលីលីត្រ។​ លោក​ថា​ លោក​មាន​មោទនភាព​ចំពោះ​ទិន្នផល​ដែល​ទទួល​បាន និង​ការគាំទ្រ​ពី​ប្រជាព​លរដ្ឋ ដែល​បាន​ផ្លាស់​ប្តូរ​ជីវភាព​បាន​ល្អ​ប្រសើរ។

លោក​បញ្ជាក់​ថា៖ ​«យើង​អាច​ជឿនលឿន​ទៅ​មុខ ហើយ​បច្ចុប្បន្ន​នេះ​មិន​ដូច អឺ..គេ​ហៅ​ថា​កាល​ខ្ញុំ​ដាំ​នៅ​បាណន់ ខ្ញុំ​រហេមរហាម​ណាស់ ទីមួយ​ធ្វើ​ទំពាំងបាយ​ជូរ​ហ្នឹង​ បាន​ផល​ក៏​មិន​ដូចចិត្ត​យើង​ ហើយ​ផ្ទៃដី​ក៏​នៅ​តូច មាន​តែ​ការគាំទ្រ​មួយ​ទេ មាន​ន័យ​ថា​ការគាំទ្រ​របស់​មហាជន​គាត់​ចេះ​តែ​គាំទ្រ​យើង​ខ្លាំង ធ្វើ​ឲ្យ​យើង​មាន​ទឹកចិត្ត​មក​ដល់​ថ្ងៃ​ហ្នឹង »។

លោក ចាន់ ថៃឈឿង​ បន្ថែម​ថា ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​គិត​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​មុន​សម្រេច​ចិត្ត​ដាំ ដោយសា​រ​ការ​ដាំ​ទំពាំង​បាយ​ជូ​មាន​ភាពលំបាក។​

លោក​ថា៖ «វា​ទាមទារ​ភាព​ច្បាស់លាស់ វា​ទាមទារ​ភាព​យល់​ដឹង​ច្រើន​ពី​ផ្នែក​កសិកម្ម​បាន​យើង​អាច​ដាំ​បាន មាន​ភាព​តស៊ូ […] វា​បត់​បែន​ទៅ​តាម​កាលៈទេសៈ​អាកាស​ធាតុ ភ្លៀង​ធ្លាក់​ម្តង​ម្កាល វា​ទាក់ទង​ជាមួយ​ដី​ជាមួយ​ទឹក​ហ្នឹង​គ្រប់​បែប​បទ»។

ចំណែក​លោក ជួន ថាបូរ៉ា កសិករ​ដាំ​ទំពាំង​បាយជូរ​ម្នាក់​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ​ និយាយ​​ថា​ ដោយ​សារ​លោក​មាន​បច្ចេកទេស​ក្នុង​ការ​ធ្វើ​ស្រា​ក្រហម ប៉ុន្តែ​​កម្ពុជា​ពុំ​សូវ​មាន​អ្នក​ដាំដំណាំ​ទំពាំង​បាយជូ​ ទើប​លោក​សម្រេចចិត្ត​ដាំ​ទំពាំង​បាយជូរ​ដោយ​ខ្លួ​ន​ឯង​កាល​ពី​ឆ្នាំ​២០១៦។ ​

លោក​បន្ត​ថា ការចាប់​ផ្តើម​ដំបូង​​មាន​ភាព​លំបាក​ក្នុង​ការ​ចំណាយ​ដើមទុន ព្រមទាំង​ការ​ដាំ និង​ថែរទាំ ដោយសារ​លោក​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ជំនាញ​ទាំង​ស្រុង។​ ប៉ុន្តែ​លោក​ថា បច្ចុប្បន្ន​លោក​ទទួល​បាន​បទពិសោធន៍​ទាំង​នោះ ​ហើយ​មក​ទល់​ពេល​នេះ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​លោក​មាន​ដើម​ទំពាំង​បាយជូរ​ជិត​៥​ហិចតា នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង​១៤​ហិចតា​ ដោយ​ចំណាយ​ទុន​សរុប​អស់​ប្រមាណ​ជា​៥០​ម៉ឺន​ដុល្លារ ​បាន​មក​ពី​ការ​ខ្ចី​ធនាគារ និង​លក់​ផ្ទះ។

លោក​បន្ថែម​ថា​ បើទោះ​បី​ជា​បច្ចុប្បន្ន​ដំណាំ​ទំពាំង​បាយជូរ​មាន​ភាព​ប្រសើរ​ឡើង តែ​លោក​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ពី​អាកាស​ធាតុ និង​សត្វល្អិត​ផ្សេងៗ។

លោក​បញ្ជាក់​ថា៖ «​​វា​ពិបាក​ជាងគេ​បើ​ប្រៀបធៀប​នឹង​ដំណាំ​ដទៃ វា​ពិបាក​ថែទាំ សត្វល្អិត​ក៏ច្រើន អឺ…ជួប​នឹង​ធម្មជាតិ ធម្មជាតិ​ដូចជា​ភ្លៀង​ខ្លាំង​ក៏​អត់​កើត។​ ហើយ​អឺ.. មាន​ផ្លែ​ហើយ អា​សត្វ​ស្លាប​នឹង​មក​ចឹក​ស៊ី ក៏​ពិបាក​ថែរ​ដែរ​អាហ្នឹង »។

ទំពាំង​បាយ​ជូ​គឺ​ជា​ប្រភេទ​ផ្លែឈើ​ដែល​ដាំ​ដុះ​នៅ​ក្រៅ​ប្រទេស ពិសេស​នៅ​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ត្រជាក់។

បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​ចំការ​ទំពាំង​បាយ​ជូ​តែ​ពីរ​កន្លែង​ប៉ុណ្ណោះ គឺ​នៅ​ខេត្ត​កំពង់​ស្ពឺ និង​ខេត្ត​បាត់ដំបង។​

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ​ក្រសួង​កសិកម្ម​ពុំ​ទាន់​មាន​យុទ្ធនាការ និង​ផែនការ​ណាមួយ​ក្នុង​ការជួយ​ជំរុញ​គាំទ្រ​ដល់​ការដាំ​ដំណាំ​ទំពាំង​បាយជូរ​នោះ​ទេ ដោយសារ​អ្នកដាំ​មិន​ទាន់​មាន​កម្រិត​ធំដុំ​នៅ​ឡើយ។

លោក​បញ្ជាក់​ថា៖ «យើង​គ្មាន​យុទ្ធសាស្រ្ត​រឿង​បង្កើត​ទីផ្សារ​ទំពាំងបាយ​ជូរ​ទេ។ កន្លង​ទៅ​នេះ​គ្រាន់​តែ​គេ​ដាំ គ្រាន់តែ​បង្អួត​សម្រាប់​បុគ្គល​ម្នាក់ៗ​របស់​គេ​តែ​ប៉ុណ្ណោះ […] ហើយ​ក្រសួង​ក៏ គ្មាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការផលិត​ទំពាំង​បាយជូរ​នៅ​កម្ពុជា​នោះ​ទេ នា​ពេល​បច្ចុប្បន្ន និង​នៅ​ពេល​អនាគត »។

ទោះបីជា​រដ្ឋមន្ត្រី ក៏​ដូចជា​ក្រសួង​កសិកម្ម​មិន​បាន​បង្ហាញ​ពី​ផែនការ​ជំរុញ​គាំទ្រ និង​រក​ទីផ្សារ​ទំពាំង​បាយ​ជូរ​ក៏​ដោយ ក៏​កសិករ​វ័យ​៥៤​ឆ្នាំ​ នៅ​ខេត្ត​កំពង់ស្ពឺ​ លោក ជួន ថា​បូរ៉ា​ នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ខិតខំ​ដាំ​ដំណាំ​ទំពាំងបាយជូរ​របស់​លោក​ដើម្បី​បង្កើន​ទិន្នផល​បន្ថែម​ទៀត។

លោក​បញ្ជាក់​ថា៖ «ពូ​ដឹង​តែ​ធ្វើ​ហើយ​និយាយ​រួម ទោះបី​មិនមាន​ការជំរុញ​ក៏​ពូ​នៅ​តែ​ធ្វើ​ដែរ។  យើង​អត់​គិត​អី​ទាំងអស់ គិតតែ​យើង​ប្រឹង​ធ្វើ​តែ​ខ្លួន​យើង​សិន យើង​នៅ​តែ​ធ្វើ​ចឹង តាម​លទ្ធភាព​ដែល​យើង​មាន។ យើង​នៅ​តែ​ធ្វើ​អត់​មាន​រឿងរា​ថយ​ទេ។ បើ​មាន​ខាង​រដ្ឋ​ជួយ​ទៀត​រឹត​តែ​មាន​ទឹក​ចិត្ត​ទៀត»៕